នេះជារឿងដ៏ពិបាកមួយសម្រាប់ម្ចាស់ផ្ទះដែលស្និទ្ធនឹងរុស្ស៊ី និងដែលត្រូវអនុវត្តដីកាតុលាការអន្តរជាតិ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP និង CNA។
លោក ស៊ីរីល រ៉ាម៉ាហ្វូសា ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានប្រាប់អ្នកកាសែតនៅក្រៅសន្និសីទមួយថា៖ «កិច្ចប្រជុំកំពូល BRICS កំពុងដំណើរការទៅមុខ ហើយយើងកំពុងបញ្ចប់ការពិភាក្សារបស់យើងលើទម្រង់នៃកិច្ចប្រជុំ»។ លោកបានបន្ថែមថា កិច្ចប្រជុំនោះនឹងត្រូវរៀបចំឡើងដោយ«ជំនួបទល់មុខផ្ទាល់» ព្រោះបើតាមមេដឹកនាំរូបនេះ គេមិនបានធ្វើកិច្ចប្រជុំកំពូលផ្ទាល់អស់រយៈពេលជិតបីឆ្នាំមកហើយ។
នៅឆ្នាំនេះ ប្រទេសអាហ្រ្វិកខាងត្បូងជាប្រធានប្តូរវេននៃក្រុមប្រទេស BRICS ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងក្រោយមកគឺអាហ្រ្វិកខាងត្បូងគឺជាសមាជិក។ ក្របខ័ណ្ឌសេដ្ឋកិច្ច BRICS នេះមានគោលបំណងលើកកម្ពស់សន្តិភាព សន្តិសុខ ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ហើយសមាជិកសុទ្ធសឹងជាប្រទេសសេដ្ឋកិច្ចធំៗនៅលើពិភពលោក។ វាត្រូវបានគេមើលឃើញថាមានចក្ខុវិស័យប្រជែងឬប្រឈមមុខទល់នឹងរចនាសម្ព័ន្ធអភិបាលកិច្ចពិភពលោក ដែលត្រួតត្រាដោយសហរដ្ឋអាមេរិកនិងក្រុមប្រទេសអឺរ៉ុប។
ទោះយ៉ាងណា នៅក្នុងការថ្លែងរបស់ខ្លួនកាលពីថ្ងៃអាទិត្យនោះ លោក រ៉ាម៉ាហ្វូសា មិនបានលើកឡើងអំពីចំណាត់ការបែបណាចំពោះលោក ពូទីន ដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិតាមចាប់ខ្លួនតាំងពី២ខែមុនទេ។ លោក ពូទីន រងការចោទប្រកាន់ពីបទជម្លៀសកុមារអ៊ុយក្រែនដោយខុសច្បាប់ជាច្រើនពាន់នាក់ចូលក្នុងទឹកដីរុស្ស៊ី។ ក្នុងនាមជាសមាជិករបស់ ICC អាហ្វ្រិកខាងត្បូងមានកាតាព្វកិច្ចចាប់ខ្លួនលោក ពូទីន នៅពេលដែលប្រធានាធិបតីរុស្ស៊ីរូបនេះជាន់ដីអាហ្វ្រិកខាងត្បូង ប៉ុន្តែលោក រ៉ាម៉ាហ្វូសា មិនបានបញ្ជាក់ថា ជនត្រូវចោទនឹងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូល BRICS ឬអត់ទេ។
នេះជារឿងដ៏ពិបាកសម្រេចចិត្តមួយសម្រាប់អាហ្វ្រិកខាងត្បូង ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានលើកឡើងថា ទីក្រុងរដ្ឋាភិបាលទីក្រុងប្រេតូរីយ៉ា (Pretoria) កំពុងពិចារណាប្តូរកិច្ចប្រជុំកំពូល BRICS ទៅកាន់ប្រទេសចិនវិញ ត្បិតចិនមិនមែនជាសមាជិករបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហើយពុំមានកាតព្វកិច្ចអនុវត្តដីការបស់តុលាការទេ។ មែនទែនទៅ ចាប់តាំងមានការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនមក អាហ្វ្រិកខាងត្បូងដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី មិនដែលបានចេញមុខថ្កោលទោសទីក្រុងម៉ូស្គូម្តងណាឡើយ។
គួរជម្រាបថា បើគ្មានការប្រែប្រួលទេនោះ អាហ្វ្រិកខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS លើកទី១៥ នៅមជ្ឈមណ្ឌលសន្និបាត Sandton ក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុក្រុង Johannesburg ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែសីហាខាងមុខនេះ។ បើយោងតាមក្រសួងការបរទេសអាហ្វ្រិកខាងត្បូង មានប្រទេសជាច្រើនដែលបានសម្តែងចំណាប់អារម្មណ៍ចង់ចូលរួមជាមួយក្រុមប្រទេស BRICS៕