ចិន-ឥណ្ឌា-រុស្ស៊ី

កំណើននាំចូលថាមពលដ៏គំហុករបស់ឥណ្ឌានិងចិនពីរុស្ស៊ី ជាចំណែកសំខាន់មួយជួយម៉ូស្គូបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន?


ការនាំចេញឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ីទៅកាន់ប្រទេសចិន និងប្រទេសឥណ្ឌាបានកើនឡើងយ៉ាងគំហុក ចាប់តាំងពីទីក្រុងមូស្គូបានលុកលុយលើប្រទេសអ៊ុយក្រែននៅចុងខែកុម្ភៈឆ្នាំនេះមក។ កំណើននាំចូលថាមពល ពិសេសប្រេងឥន្ធនៈរបស់មហាយក្សឥណ្ឌា និងចិននេះ ពីប្រទេសរុស្ស៊ីនេះ ត្រូវបានអ្នកជំនាញតាមដានភូមិសាស្ត្រនយោបាយអះអាងថា គឺប្រៀបបានជាការជួយបំពេញបន្ថែម និងទ្រទ្រង់ការចំណាយក្នុងសង្រ្គាមដ៏បង្ហូរឈាមរបស់វិមានក្រឹមឡាំង នៅក្នុងប្រទេសអ៊ុយក្រែនដូច្នោះដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ចិនឥណ្ឌាបន្តនាំចូលថាមពលពីរុស្ស៊ីជួយពូទីនបន្តធ្វើសង្គ្រាម!

ស្របពេលដែល សហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសជប៉ុនជាដើមបានកាត់បន្ថយ និងដល់ថ្នាក់កាត់ផ្តាច់ការនាំចូលថាមពលរបស់រុស្ស៊ីទៅហើយនោះ ឥណ្ឌា និងចិន នៅតែបន្ដទទួលទិញប្រេងពីរុស្ស៊ី​យ៉ាងសន្ធឹកសន្ធាប់។

ការនាំចេញថាមពលរបស់រុស្ស៊ីទៅកាន់ប្រទេសចិនបានកើនឡើង១៧% ឬស្មើនឹង ជិត៣០លានដុល្លារ អំឡុងពេលតែ២ខែប៉ុណ្ណោះ គឺនៅកក្កដានិងខែសីហា បើធៀបនឹងការនាំចេញទៅចិនកាលពីខែកុម្ភៈនិងខែមីនា ពោលគឺនៅមុននិងបន្ទាប់ពីផ្ទុះសង្គ្រាមបានមួយរយៈ។ ដោយឡែក ការនាំចេញធ្យូងថ្មរបស់រុស្ស៊ី ទៅចិនវិញបានកើនឡើង៥៣% ខណៈដែលការនាំចេញប្រេងបានកើនឡើង ១៦%។ នេះបើយោងតាមការវិភាគទិន្នន័យពីមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាតមានមូលដ្ឋានក្នុងប្រទេសហ្វាំងឡង់។

ទន្ទឹមនេះ ការនាំចេញថាមពលរុស្ស៊ីទៅកាន់ប្រទេសឥណ្ឌាឯណោះវិញ ក៏បានកើនឡើងជិត៦ដង ឬស្មើនឹង ៤០លានដុល្លារអាមេរិក នៅអំឡុងខែកក្កដានិងខែសីហា បើធៀបនឹងការនាំចេញកាលពីខែកុម្ភៈនិងខែមីនា ដែលកំណើនទឹកប្រាក់នេះ គឺជាចំនួនច្រើនបំផុតមួយសម្រាប់ការនាំចេញថាមពលក្នុងរយៈពេលខ្លីបែបនេះ។ យោងតាមស្ថិតិពាណិជ្ជកម្មឥណ្ឌាបានឱ្យដឹងថា ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំបំផុតទីពីរសម្រាប់ប្រទេសឥណ្ឌានៅក្នុងខែមិថុនា ដោយបានលោតពីចំណាត់ថ្នាក់ទី១០ កាលពីឆ្នាំ២០២១។

ប៉ុន្តែបើមើលលើការនាំចេញប្រេង ធ្យូងថ្ម និងឧស្ម័នធម្មជាតិសរុបប្រចាំថ្ងៃរបស់រុស្ស៊ីទៅកាន់ទីផ្សារទូទាំងពិភពលោកនៅក្នុងខែកក្កដា និងសីហា បានធ្លាក់ចុះ១៨% ធៀបនឹងខែកុម្ភៈដល់ខែមីនា។ រីឯ ការនាំចេញឧស្ម័នធម្មជាតិដែលបញ្ជូនតាមបំពង់បង្ហូរក្រោមសមុទ្រវិញ ក៏បានធ្លាក់ចុះខ្លាំងណាស់ដែរ គឺធ្លាក់ចុះដល់ទៅ៥៦% បន្ទាប់មកគឺផលិតផលប្រេងបានធ្លាក់ចុះការនាំចេញ៣៤% និងធ្យូរថ្មធ្លាក់ចុះ ២៩%។

វិស័យថាមពលគឺជាឧស្សាហកម្មដ៏សំខាន់សម្រាប់ប្រទេសរុស្ស៊ី។ ជាក់ស្តែងប្រេង និងឧស្ម័នតំណាងឱ្យប្រហែល ៤០% នៃប្រាក់ចំណូលរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ហើយដើម្បីចង់បន្ទុចបង្អាក់ចំណូលរបស់ម៉ូស្គូ កុំឱ្យមានប្រាក់ធ្វើសង្គ្រាមនៅអ៊ុយក្រែនបន្តទៀត អាមេរិក ជប៉ុន និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់និងគ្រប់វិធីសាស្ត្រទៅលើផលិតផលប្រេង និងធ្យូងថ្មរបស់រុស្ស៊ី។

ជាលទ្ធផល ការនាំចេញឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុបបានធ្លាក់ចុះ៣៥% សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសធ្លាក់ចុះប្រហែល ៩០% ហើយជប៉ុនធ្លាក់ចុះប្រហែល ៧០%។ ការថយចុះនៃការនាំចេញទៅកាន់ប្រទេសទាំងនេះ មានតម្លៃសរុបប្រហែល ២៥០លានដុល្លារក្នុងមួយថ្ងៃៗ។ ទោះយ៉ាងណា រុស្ស៊ីអាចប៉ះប៉ូវនូវការខាតបង់ខ្លះមកវិញតាមរយៈការបន្តលក់ថាមពលបញ្ចុះតម្លៃ ឱ្យប្រទេសដែលមិនចូលរួមក្នុងការដាក់ទណ្ឌកម្មដូចជា ប្រទេសចិន និងឥណ្ឌាជាដើម។

សូមជម្រាបថា ក្រៅតែពីចិន និងឥណ្ឌា ការនាំចេញថាមពលរបស់រុស្ស៊ីទៅកាន់តំបន់មជ្ឈិមបូព៌ាក៏បានកើនឡើងផងដែរ ដោយនាំទៅប្រទេសអារ៉ាប់រួមកើន៩ដង អេហ្ស៊ីបកើនឡើង៣ដង និងសូម្បីតែការនាំទៅប្រទេសតួកីដែលជាសមាជិករបស់អង្គការណាតូ ក៏បានកើនឡើង២០%ដែរ៕




អត្ថបទបន្ទាប់


ប្រទេសថៃ និងសិង្ហបុរីនឹងចុះហត្ថលេខាលើ MoUចំនួន៥ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី

ព័ត៌មាន
ប្រទេសថៃ និងសិង្ហបុរីគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៥ ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា វិស័យកសិកម្ម និងអាជីវកម្មប្រកបដោយនិ…

ម៉ាឡេស៊ីដកបម្រាមនាំចេញសត្វមាន់រស់ទៅសិង្ហបុរីចាប់ពីសប្តាហ៍នេះតទៅ ក្រោយរឹតត្បិតអស់៤ខែ

ព័ត៌មាន
ទីភ្នាក់ងារស្បៀងអាហាររបស់សិង្ហបុរីកាលពីចុងសប្តាហ៍មុនបានប្រកាសថា អាជ្ញាធរប្រទេសម៉ាឡេស៊ីនឹងលុបចោលការហាមឃាត់លើការនាំចេញសត្វមាន់រស់ចាប់ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ