រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អន្តរជាតិ អង់គ្លេស លោកស្រី អេនីម៉ារី ទ្រីវីលយ៉ាន (Anne-Marie Trevelyan) បានសរសេរនៅលើសារ Twitter របស់លោកស្រីថា អង់គ្លេសនឹងស្នើសុំឱ្យចូលរួមក្នុងការពិគ្រោះយោបល់របស់ EU នៅក្នុងការរកដំណោះស្រាយរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ អង់គ្លេសធ្វើបែបនេះ គឺដើម្បីធានាបានថា អង់គ្លេសប្រឆាំងដាច់ខាតទៅនឹងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ទាក់ទិននឹងពាណិជ្ជកម្មរវាងគ្នា។
ទោះបីអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបទៅហើយក្តី ប៉ុន្តែដើម្បីធានាបាននូវការធ្វើពាណិជ្ជកម្មដោយស្មើភាព នឹងលុបបំបាត់វប្បធម៌ដាក់ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច អង់គ្លេសសម្រេចចូលរួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីផ្តល់យោបល់លើសំណុំរឿងខាងលើ។ ក្រៅតែពីអង់គ្លេស ក៏មានដែរ សហរដ្ឋអាមេរិក អូស្ត្រាលី និងតៃវ៉ាន់ សុទ្ធសឹងតែបង្ហាញការតាំងចិត្តចង់ចូលរួមក្នុងការដោះស្រាយជម្លោះរវាងប្រទេសលីទុយអានី និងប្រទេសចិន។
បើតាមនិតិវិធី អង្គការពាណិជ្ជកម្មពិភពលោក នឹងទុកពេលឲ្យភាគីទាំងអស់ចំនួន ៦០ថ្ងៃដើម្បីប្រជុំពិភាក្សា ពិគ្រោះយោបល់ និងឈានទៅរកដំណោះស្រាយ ប៉ុន្តែប្រសិនបើគ្មានភាគីណាមួយ ឈានដល់ដំណោះស្រាយទេ សហភាពអឺរ៉ុបនឹងចាប់ផ្តើមដើរតួនាទីដោះស្រាយជម្លោះជាផ្លូវការតាមរយៈការបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាការចោទប្រកាន់ទៅលើប្រទេសចិន។
គួររំឭកថា កាលពីចុងខែមករាឆ្នាំនេះ សហភាពអឺរ៉ុបបាននាំយកសំណុំរឿងដែលចិនបិទខ្ទប់ការនាំចូលផលិតផលរបស់ប្រទេសលីទុយអានី ដែលជាប្រទេសនៅក្នុងតំបន់អឺរ៉ុបមួយដែរ ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក។ សហភាពអឺរ៉ុបបានប្ដឹងចោទប្រកាន់ក្រុងប៉េកាំងថា កំពុងធ្វើឲ្យខូចដល់ទីផ្សាររួមរបស់តំបន់អឺរ៉ុបទាំង២៧ប្រទេស។ មិនយូរប៉ុន្មានអូស្ត្រាលីបានប្រកាសចង់ចូលរួមជាមួយអឺរ៉ុប ដើម្បីគាំទ្រលីទុយអានី ដែរ។
សូមបញ្ជាក់ថា ប្រទេសលីទុយអានី កំពុងស្ថិតក្រោមសម្ពាធពាណិជ្ជកម្មពីរដ្ឋអំណាចក្រុងប៉េកាំង ចាប់តាំងពីពេលដែលប្រទេសនៅអឺរ៉ុបមួយនេះបានអនុញ្ញាតឲ្យកោះតៃវ៉ាន់មានការិយាល័យតំណាងនៅក្នុងប្រទេសខ្លួន ក្រោមឈ្មោះថា តៃវ៉ាន់ ជំនួសឲ្យការប្រើឈ្មោះថា «កោះតៃវ៉ាន់នៃប្រទេសចិន»។ ចិនបានបន្ទាបទំនាក់ទំនងការទូត និង បានរាំងខ្ទប់ការនាំចូលទំនិញពីប្រទេសលីទុយអានី។ ជាងនេះទៅទៀត ប្រទេសចិនកំពុងដាក់សម្ពាធលើក្រុមហ៊ុនអន្តរជាតិ ឱ្យបោះបង់ចោលការប្រើប្រាស់ផលិតផលពីប្រទេសលីទុយអានី នៅក្នុងការផលិតរបស់ពួកគេ ដើម្បីនាំចេញទំនិញមកទីផ្សារចិន។ បើមិនដូច្នោះទេ ពួកគេអាចប្រឈមនឹងការរឹតបន្តឹងការនាំចូល៕