មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច (CEBR) បានព្យាករថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅចក្រភពអង់គ្លេសនឹងស្ថិតនៅចន្លោះពី១.៦%ទៅ១.៨%ក្នុងរយៈពេលរហូតដល់ឆ្នាំ២០៣៨ ជួយឱ្យប្រទេសនេះរក្សាតំណែងរបស់ខ្លួនជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី៦នៅក្នុងពិភពលោក។
ការព្យាករដែលបានចេញផ្សាយនៅថ្ងៃអង្គារបានបង្ហាញថា ចក្រភពអង់គ្លេស នឹងរុះរើវិបត្តិសេដ្ឋកិច្ច ដែលមានយូរឆ្នាំមកហើយដោយសារតែការចាកចេញពីសហភាពអឺរ៉ុប(Brexit) និងភាពតានតឹងជាច្រើនរួមទាំងជំងឺរាតត្បាត និងអតិផរណា ដែលកំពុងតែកើនឡើងផងដែរ។
សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ត្រូវបានរាំងស្ទះដោយកំណើនផលិតភាពទន់ខ្សោយចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុគួបផ្សំនឹងបញ្ហាការផ្គត់ផ្គង់កម្លាំងពលកម្ម ដែលកំពុងលេចឡើងក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ បញ្ហាទាំងនេះ បានធ្វើឱ្យធនាគារកណ្ដាលរបស់អង់គ្លេសមើលឃើញពីភាពអវិជ្ជមានបន្ថែមទៀតលើទស្សនវិស័យកំណើនរបស់ចក្រភពអង់គ្លេសនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
ដោយមានចំណាត់ថ្នាក់សេដ្ឋកិច្ចពិភពលោកដ៏យូរអង្វែងមកហើយ ចក្រភពអង់គ្លេសត្រូវបានគេរំពឹងថា នឹងមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងប្រទេសសេដ្ឋកិច្ច«ធំៗទាំងបួន»នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ គឺបារាំង អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ ប៉ុន្តែមិនលឿនដូចសហរដ្ឋអាម៉េរិកទេ។
លោក ពូសពីន ស៊ីង (Pushpin Singh) សេដ្ឋវិទូជាន់ខ្ពស់នៅមជ្ឈមណ្ឌល CEBR បាននិយាយថា មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចចក្រភពអង់គ្លេសនៅតែរឹងមាំខ្លាំង ហើយថា ឋានៈរបស់ទីក្រុងឡុងដ៍ជាមជ្ឈមណ្ឌលសេវាកម្មហិរញ្ញវត្ថុ និងប្រឹក្សាយោបល់ដ៏ស្ថិតស្ថេរគួបផ្សំនឹងភាពរឹងមាំ នៃវិស័យសេវាកម្មនៅទូទាំងចក្រភពអង់គ្លេស នឹងជំរុញកំណើនសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសជាបន្តទៀត។
សេដ្ឋវិទូរូបនេះបាននិយាយថា ផលប៉ះពាល់សេដ្ឋកិច្ចនៃការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេសគឺជាការបំផ្លើសមួយប៉ុន្តែមកដល់ពេលនេះគេក៏មិនទាន់ធ្វើការស្រាវជ្រាវគ្រប់គ្រាន់ដើម្បីវាយតម្លៃពីផលប៉ះពាល់នេះនៅឡើយដែរ។
ទន្ទឹមនេះដែរ ក្រុមប្រឹក្សាសេដ្ឋកិច្ចបានរំពឹងថា ប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាម៉េរិកក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅក្នុងពិភពលោកនៅត្រឹមឆ្នាំ២០៣៧ ជាមួយនឹងកំណើនទ្វេដងនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកដោយសារប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនមួយចំនួនបានតាមទាន់ប្រទេសដៃគូជឿនលឿនរបស់ពួកគេ៕
អត្ថបទ៖ សុខ ជា