ប្រទេសអង់គ្លេស

សង្វៀនប្រជែងតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសចាប់ផ្តើមជាថ្មី ក្រោយលោកស្រី Liz Trussប្រកាសលាលែង


លោកស្រី Liz Truss បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស បន្ទាប់ពីកាន់តំណែងនេះបានរយៈពេល៤៤ថ្ងៃ ដែលជាការកាន់តំណែងនាយករដ្ឋមន្ត្រីដ៏ខ្លីបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេស។ ការលាលែងនេះ ក៏បានបើកទ្វារសម្រាប់ការជែងតំណែងនាយករដ្ឋមន្ត្រីរបស់អង់គ្លេសឡើងវិញផងដែរ។
សង្វៀនប្រជែងកៅអីនាយករដ្ឋមន្ត្រីអង់គ្លេសចាប់ផ្តើមជាថ្មី

ការចាកចេញដ៏ឆាប់រហ័ស​របស់លោកស្រី មិនមែនព្រោះតែលោកស្រីបោះបង់ចោល មិនអាចប្រឈមមុខដោះស្រាយនឹងវិបត្តិបាននោះទេ ប៉ុន្តែដោយសារតែការដាក់សម្ពាធពីគណៈរដ្ឋមន្ត្រី និងសភា​អង់គ្លេស ស្របពេល​ដែល​គោលនយោបាយថ្មីៗរបស់លោកស្រី ធ្វើឱ្យទីផ្សារលែង​មានទំនុកចិត្ត ពិសេសនៅក្នុងផែនការថវិកា​របស់​រដ្ឋាភិបាល។ ក្នុងន័យនេះ យើងនឹងអាចមើលឃើញ​ថា ចក្រភពអង់គ្លេសមាន នាយករដ្ឋមន្ត្រីថ្មីទី៥ ក្នុងពេលត្រឹម​តែ៦ឆ្នាំចុងក្រោយនេះ។ ការផ្លាស់ប្តូរមេដឹកនាំញឺកញាប់ដូចនេះ ត្រូវបានក្រុមសេដ្ឋវិទូប្រៀបប្រដូចអង់គ្លេស ទៅនឹងប្រទេសអ៊ីតាលី ដែលបានផ្លាស់ប្តូរ​នាយករដ្ឋមន្ត្រីអស់ ៥៩រូប ចាប់ពីក្រោយ​សម័យសង្គ្រាមលោកលើកទី២មក។

គណៈបក្សអភិរក្សនិយម រំពឹងថាអាចជ្រើសបានអ្នកស្នងដំណែងលោកស្រី លីស ត្រាស ត្រឹមចុងសប្តាហ៍នេះ ប៉ុន្តែបេក្ខភាពជា​នរណា​នៅមិនទាន់ដឹងច្បាស់នៅឡើយ។ ភាពច្របូកច្របល់បន្ថែមទៀតនៅក្នុង​គណបក្សអភិរក្សនិយមខ្លួនឯង ដែលមានជំហរប្រកាន់បក្សពួកក៏អាចបង្កើនឱកាសនៃការបោះឆ្នោតសកលមុនអាណត្តិផងដែរ ខណៈដែលបក្សអភិរក្សនិយម ប្រឈមមុខនឹងការចាញ់សម្លេងឆ្នោត បក្សប្រឆាំង​គឺបក្សពលករ ដែលអាចនាំមុខ​ដោយ ២៥ ទៅ ៣០ពិន្ទុ។ នេះបើតាមការស្ទង់មតិភាគច្រើន ដែលបានរាយការណ៍ដោយ​ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទោះមិនទាន់ច្បាស់ថាអ្នកណានឹងឡើងមកកាន់ដំណែងបន្ទាប់មែន តែគេអាចមើលដឹងថា លោក រីហ្ស៊ី ស៊ុនណាក់ (Rishi Sunak) ដែលមានវ័យ ៤២ឆ្នាំនឹង​ជាបេក្ខភាព​មានសក្តានុពលជាងគេ ពិសេសគឺរូបលោកនេះហើយ ដែលជាអ្នកប្រជែង​គ្នាជាមួយលោកស្រី លីស ត្រាស គ្រាដំបូង ដែលលោក បូរីស ចនសុន​ លាលែងពីតំណែង។ ប៉ុន្តែ​ឱកាស​របស់លោក Sunak ក៏មិនទាន់​ច្បាស់ ១០០%ដែរ។ សមាជិកសភាជាច្រើននៅអាក់អន់ចិត្តដែលលោក Sunak ធ្លាប់បាន ដឹកនាំចលនារិះគន់ ដើម្បីបណ្តេញលោក Boris Johnson ចេញ។

ការពិតដែលគេត្រូវទទួលស្គាល់នោះគឺថា​ ភាពដែលមិនអាចទៅរួច នៃការត្រឡប់មកវិញ​របស់លោក បូរីស ចនសុន ខណៈពេលដែលលោកកំពុងសម្រាកលំហែកាយ ប៉ុន្តែគេជឿថាលោកក៏កំពុងតែតាមដានរឿង​នេះ​មិនដាច់ផងដែរ។

គួរជម្រាបថា ការចាកចេញទៅដោយបង្ខំ​ចិត្តរបស់លោកស្រី លីស ត្រាស​នេះ​កើតឡើងនៅស្របពេលដែលសេដ្ឋកិច្ចអង់គ្លេសកំពុងជួបការលំបាក ជាមួយនឹងអត្រាអតិផរណាឡើ​ងដល់ពីរខ្ទង់ និងកា​រចំណាយថ្លៃរស់នៅប្រចាំថ្ងៃឡើងកប់ពពក។ ចូរកុំភ្លេចថា អង់គ្លេសក៏ជាអ្នកមានតួនាទីសំខាន់ក្នុងការផ្តល់ សព្វាវុធឱ្យទៅអ៊ុយក្រែន​ការពារ​ខ្លួនពីការឈ្លានពានរបស់រុស្ស៊ីផងដែរ។

ទោះយ៉ាងណា នាយករដ្ឋមន្ត្រីមកពីបក្សអភិរក្សនិយម​បន្ទាប់ មិនថាជាលោក ស៊ុនណាស់ ឬលោក ចេរឺមី ហាន់ ដែលទើបឡើងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ អតីតរដ្ឋមន្ត្រីការពារជាតិលោក ផេន នី ម័រដន (Penny Mordaunt) ឬមិនថាតែលោក ហ្គ្រេន ស្គេប (Grant Schapps) អតីតលេខាធិការដឹកជញ្ជូនឡើយ នឹងត្រូវប្រឈមមុខនឹងសំណួរមួយដូចគ្នាថា បើ​គ្មាន​ការ​បោះ​ឆ្នោត​សកល​មុនអាណត្តិ តើ​អ្នកទាំងនេះប្រាកដចិត្តទេថា​នឹងអាចបំពេញតួនាទីបានល្អ ក្នុងអាណត្តិដែលនៅសេសល់ ឬមួយត្រូវមានវាសនាដូច លោកស្រីលីស ត្រាសដែរនោះ?




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញបង្ហាញក្ដីរំពឹងខ្ពស់ចំពោះការតាំងពិព័រណ៌ផ្សារភាគហ៊ុនកម្ពុជាលើកទី៥

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានប្រារព្ធពិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First Stock 2022» ជាលើកទី៥ របស់ខ្…

ការធ្លាក់ចុះទាបបំផុតនៃប្រាក់យ៉េនជប៉ុនអាចបង្កហានិភ័យអ្វីខ្លះដល់ប្រទេសនេះ?

ការធ្លាក់ចុះយ៉ាងឆាប់រហ័សរបស់ប្រាក់យ៉េនជប៉ុនធៀបនឹងប្រាក់ដុល្លារអាមេរិកបានគំរាមគំហែងដល់ការរាំងស្ទះសេដ្ឋកិច្ចជប៉ុន ដោយជំរុញឱ្យតម្លៃអាហារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ