ស្ករត្នោតកំពង់ស្ពឺ

ស្ករត្នោតកំពង់ស្ពឺគ្រោងនាំចេញទៅប្រទេសចិននៅឆ្នាំក្រោយ ប៉ុន្ដែការផលិតកំពុងខ្វះខាត


ទីផ្សារស្ករត្នោតកំពង់ស្ពឺនៅក្នុងស្រុក និងទីផ្សារអន្តរជាតិកំពុងមានតម្រូវការកើនខ្ពស់ ខណៈដែលថ្មីៗនេះ ផលិតផលម៉ាសម្គាល់ភូមិសាស្ត្រមួយនេះ ក៏គ្រោងនឹងធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិននៅឆ្នាំក្រោយនេះផងដែរ។ ក៏ប៉ុន្ដែ បើតាមការបញ្ជាក់របស់សមាគមស្ករត្នោតកំពង់ស្ពឺ ការផលិតស្ករត្នោតកំពង់ស្ពឺ អាចផលិតបានក្នុងបរិមាណប្រមាណ ១០០តោនប៉ុណ្ណោះ ក្នុងឆ្នាំ២០២២នេះ ខណៈតម្រូវការទីផ្សារមានប្រមាណជាង ១៥០តោន ឯណោះ។
ស្ករត្នោតកំពង់ស្ពឺ
ដោយ

លោក វី វាសនា ជំនួយការប្រធានសមាគមស្ករត្នោតកំពង់ស្ពឺ បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពទីផ្សារស្ករត្នោតកំពង់ស្ពឺនៅឆ្នាំនេះ មានភាពទូលំទូលាយ និងមានតម្រូវការខ្ពស់ផងដែរ រហូតសឹងតែមិនមានស្ករត្នោតគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការបញ្ជាទិញ។ ជាក់ស្តែង ក្នុងឆ្នាំ២០២២នេះ ទិន្នផលស្ករត្នោតកំពង់ស្ពឺដែលអាចផលិតបានមានប្រមាណ ១០០តោនប៉ុណ្ណោះ ខណៈតម្រូវការទីផ្សារមានដល់ជាង ១៥០តោនឯណោះ។ បើតាម លោក វី វាសនា នៅរយៈពេល១០ខែឆ្នាំ ២០២២ នេះ សមាគមស្ករត្នោតកំពង់ស្ពឺ បាននាំចេញស្ករត្នោតកំពង់ស្ពឺ ប្រភេទស្ករម្សៅ​ទៅកាន់តីផ្សារអន្តរជាតិបានចំនួន ៧៦ តោន និង ជាង២តោន សម្រាប់ស្ករសាច់។ ដោយឡែក ចំពោះការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកវិញ នៅរយៈពេល១០ខែឆ្នាំនេះ សម្រេចបានជាង ៣០ តោនសម្រាប់ស្ករម្សៅ និង ៧តោន សម្រាប់ស្ករសាច់ផងដែរ។ ទន្ទឹមនឹងតម្រូវការកើនឡើង តម្លៃស្ករត្នោតកំពង់ស្ពឺឆ្នាំនេះ ក៏បានកើនឡើងជាងឆ្នាំមុនបន្តិចផងដែរ ពោលគឺតម្លៃស្ករត្នោតកំពង់ស្ពឺ ប្រភេទស្ករសាច់ កើនពី ៥០០០រៀលក្នុងមួយគីឡូក្រាម ទៅ ៥៥០០ រៀលក្នុងមួយគីឡូក្រាម រីឯ ប្រភេទស្ករម្សៅ កើនពី ៦៨០០រៀលក្នុងមួយគីឡូក្រាម ទៅ ៧១០០ រៀលក្នុងមួយគីឡូក្រាម។​

ជាមួយគ្នានេះ លោក វី វាសនា ក៏បានបញ្ជាក់ឱ្យដឹងដែរថា មានក្រុមហ៊ុនមកពីប្រទេសចិនបានទាក់ទងសមាគមស្ករត្នោតកំពង់ស្ពឺ ដើម្បីធ្វើការនាំចេញចំនួនប្រមាណ២០តោន ទៅប្រទេសចិន តែយ៉ាងណាក៏ដោយចុះ បច្ចុប្បន្នខាងក្រុមហ៊ុ​ន និងសមាគមផ្ទាល់ គឺមិនទាន់បានធ្វើការចុះកុងត្រាសម្រាប់នាំចេញនៅឡើយនោះទេ ខណៈនៅខែធ្នូខាងមុននេះ ក្រុមហ៊ុ​ន និងសមាគមនឹងជួបពិភាក្សាគ្នា អំពីចំនួនដែលបញ្ជាទិញសម្រាប់នាំចេញ និងឈានដល់ការចុះកុងត្រាជាមួយគ្នាដើម្បីនាំចេញនៅឆ្នាំ២០២៣។

ទោះយ៉ាងណា បើតាមជំនួយការប្រធានសមាគមស្ករត្នោតកំពង់ស្ពឺរូបនេះ បានអះអាងថា សមាគមក៏មានជួបនូវបញ្ហាប្រឈមមួយចំនួនក្នុងការផលិតស្ករត្នោតនេះដែរ ពោលគឺតំបន់របស់សមាគមស្ករត្នោតកំពង់ស្ពឺ គឺស្ថិតក្នុងស្រុកចំនួន៣​ គឺអង្គស្នួល ខេត្តកណ្តាល និង ស្រុកឧដុង្គ និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខណៈដែលស្រុកទាំងបីនេះ បច្ចុប្បន្នស្ថិតនៅតំបន់កំពុងអភិវឌ្ឍ ដែលធ្វើឱ្យដើមត្នោតមួយចំនួនត្រូវបាន ឈូសឆាយចោល ដែលធ្វើឱ្យបាត់បង់នូវវត្ថុធាតុដើមសម្រាប់ការផលិត ខណៈ​អ្នក​ប្រកប​របរ​ឡើងត្នោត​មួយ​ចំនួន​ក៏​បាន​បោះបង់​ខ្លះ​ៗ​ផងដែរ ហើយបច្ចុប្បន្នសមាគមស្ករត្នោតកំពង់ស្ពឺ មានសមាជិក​ចំនួន ១៥៧ ​គ្រួសារ ដែលជាអ្នក​ប្រកប​របរ​ឡើងត្នោត។

សូមបញ្ជាក់ថា ​តាម​សមាគម​ស្ករត្នោត​កំពង់ស្ពឺ បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ប្រមាណ ១១ក្រុមហ៊ុន ដែល​បាន​ប្រមូល​ទិញ​ស្ករត្នោត​កំពង់ស្ពឺ ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ ខណៈ​ទីផ្សារ​សំខាន់​ៗ សម្រាប់​នាំ​ចេញ​ស្ករត្នោត​កំពង់ស្ពឺ មាន​ដូច​ជា សហគមន៍​អឺរ៉ុប​,​តៃវ៉ាន់​,​ជប៉ុន,វៀតណាម និង​ថៃ ជាដើម​៕




អត្ថបទបន្ទាប់


ធនាគារពិភពលោកអះអាងថា ជំងឺកូវីដ១៩ ធ្វើឲ្យពលរដ្ឋកម្ពុជា ៤៦ម៉ឺននាក់ ធ្លាក់ចូលក្នុងភាពក្រីក្រឡើងវិញ

ធនាគារពិភពលោក បង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះសឹងតែពាក់កណ្តាលក្នុងចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៩ ប៉ុន្តែក្រោយមានការចូលរាតត្បាត…

ក្រសួងទេសចរណ៍ថា មានអាជីវកម្មទេសចរណ៍១៥%ទៀតនៅបន្តផ្អាកអាជីវកម្ម

ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសទាំងស្រុងឡើងវិញ អាជីវកម្មទេសចរណ៍ក៏បានបើកទ្បើងវិញជាបន្តបន្ទាប់ ហើយគិតមកទល់បច្ចុប្បន្ន មានអាជីវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ