អ្នកការទូតរុស្ស៊ីត្រូវបណ្ដេញចេញពីប្រទេសប៊ុលហ្គារី!

ប៊ុលហ្គារីបណ្ដេញក្រុមមន្ត្រី និងអ្នកការទូតរុស្ស៊ីចេញពីប្រទេស ចំពេលដែលភាពតានតឹងផ្លូវការទូតកើនកម្តៅខ្លាំង


អ្នកការទូតរុស្ស៊ីបាននិយាយថា យន្តហោះរុស្ស៊ីពីរគ្រឿងបានចាកចេញពីប្រទេសប៊ុលហ្គារីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន ជាមួយនឹងបុគ្គលិកការទូតរុស្ស៊ីជាច្រើននាក់ និងក្រុមគ្រួសាររបស់ពួកគេ។ ការចាកចេញនេះ គឺធ្វើឡើងក្រោយពីប្រមុខដឹកនាំប្រទេសប៊ុលហ្គារី បានបណ្តេញមន្ត្រីទូតរុស្សីជាច្រើនចេញពីប្រទេសរបស់ខ្លួន ចំពេលដែលប្រទេសទាំងពីរនេះ កំពុងមានភាពតានតឹងផ្នែកផ្លូវការទូតកើនឡើងយ៉ាងខ្លាំង តាំងតែពីរុស្ស៊ីបានចាប់ផ្ដើមចូលឈ្លានពានអ៊ុយក្រែនមក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
ប៊ុលហ្គារីបណ្ដេញក្រុមមន្ត្រី និងអ្នកការទូតរុស្ស៊ីចេញពីប្រទេស ចំពេលដែលភាពតានតឹងផ្លូវការទូតកើនកម្តៅខ្លាំង

លោក​ហ្វី​លី​ប វូ​ស​ក្រេ​សេន​ស្គី (Filip Voskresenski) អ្នកការទូត​ជាន់ខ្ពស់​របស់​រុ​ស្ស៊ី​បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​សូ​ហ្វៀ​រ (Sofia) នៃ​ប្រទេស​ប៊ុល​ហ្គា​រី មុន​នឹង​ពេល​ជើងហោះហើរ​ចាកចេញ​ថា​៖ «​រូប​លោក​ស្ថិត​ក្នុង​ចំណោម​បុគ្គលិក​ការទូត​រុ​ស្ស៊ី​ចំនួន ៧០ នាក់​ដែល​បាន​ប្រកាស​ដោយ​រដ្ឋាភិបាល​ប៊ុល​ហ្គា​រី​កាលពី​ស​ប្ដា​ហ៍​មុន​បាន​ប្រកាស​ថា​ជា «​បុគ្គល​ដែល​មិន​ត្រូវ​បាន​ស្វាគមន៍​»​ឲ្យ​នៅ​ក្នុង​ប្រទេស​ប៊ុល​ហ្គា​រី​ទៀត​នោះ​ទេ ហើយ​បាន​បញ្ជា​ឱ្យ​ចាក​ចេញពី​ប្រទេស​នេះ​នៅ​ត្រឹម​ថ្ងៃ​ទី​៣ ខែកក្កដា​ផង​ដែរ​»​។

ជា​ការ​ពិត ការ​សម្រេចចិត្ត​បណ្តេញ​មន្ត្រី​រុ​ស្សី​ចេញ​របស់​ប្រទេស​ប៊ុល​ហ្គា​រី​ត្រូវ​បាន​ប្រកាស​ដោយ​នាយក​រដ្ឋមន្ត្រី​ស្តីទី លោក គី​រី​ល ពេ​ត​កូវ (Kiril Petkov) ដែល​បាន​ប្រកាន់​ជំហរ​យ៉ាង​រឹង​មាំ​ប្រឆាំង​នឹង​រុ​ស្ស៊ី បន្ទាប់​ពី​ទីក្រុង​ម៉ូ​ស្គូ​បាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ មួយវិញទៀត លោក Petkov ដែល​បាន​ចាញ់​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​កាលពី​ថ្ងៃ​ទី ២២ ខែមិថុនា​កន្លង​ទៅ​នោះ បាន​អះអាង​ថា ទីក្រុង​ម៉ូ​ស្គូ​បាន​ប្រើ​យុទ្ធសាស្ត្រ​«​សង្គ្រាម​កូនកាត់​» ដើម្បី​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​។

បើ​តាម​លោក Petkov បាន​និយាយ​ថា ប្រទេស​រុ​ស្ស៊ី​នឹង​រក្សា​បុគ្គលិក​ទូត​របស់​ខ្លួន​ចំនួន ៤៣ នាក់​បន្ទាប់​ពី​ការ​បណ្តេញចេញ​នេះ ហើយ​លោក​បាន​កត់​សម្គាល់ថា ប្រទេស​ប៊ុល​ហ្គា​រី​មាន​បុគ្គលិក​ការទូត​ត្រឹមតែ ១២ នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​ទីក្រុង​ម៉ូ​ស្គូ​។ ទោះ​យ៉ាងណា លោក Petkov នាយក​រដ្ឋមន្ត្រី​ស្តីទី​របស់​ប្រទេស​ប៊ុល​ហ្គា​រី បាន​បញ្ជាក់​ថា​៖ «​អ្នក​ណា​ដែល​ធ្វើការ​ប្រឆាំង​នឹង​ផលប្រយោជន៍​របស់​ប្រទេស​ប៊ុល​ហ្គា​រីនឹង​ត្រូវ​បាន​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ដោយ​ខានមិនបាន​»​។

ទន្ទឹម​នឹង​នេះ​ដែរ កាលពី​ស​ប្ដា​ហ៍​មុន​នេះ ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី អ្នកស្រី​អេ​លេ​ណូ​រ៉ា មី​ត្រូ​ហ្វា​ណូ​វ៉ា (Eleonora Mitrofanova) បាន​ចេញ​លិខិត​ឱសានវាទ​មួយ​ដល់​ប្រទេស​ប៊ុល​ហ្គា​រី ដើម្បី​ឲ្យ​ប្រទេស​នេះ​គិត​មើល​ពី​ការ​សម្រេចចិត្ត​របស់​ខ្លួន​ឡើង​វិញ ព្រមទាំង​បាន​គំរាម​ថា​ទីក្រុង​ម៉ូ​ស្គូ​នឹង​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ប៊ុល​ហ្គា​រី​ទាំងស្រុង​ផង​ដែរ​។

មែនទែន​ទៅ ការ​បណ្តេញចេញ​អ្នកការទូត​រុ​ស្ស៊ី​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ គឺជា​លើក​ទី​មួយ​ហើយ ដែល​ប្រទេស​ប៊ុល​ហ្គា​រី​ធ្វើ​ដូច្នេះ​។ ការ​ហ៊ាន​ធ្វើ​ដូច្នេះ ក៏​ទំនងជា​ដោយសារ​តែ​ប៊ុល​ហ្គា​រី សម្អាង​ទៅ​លើ​ខ្នង​ដ៏​ក្រាស់​របស់​ខ្លួន គឺ​សហភាព​អឺរ៉ុប និង​អង្គការ​ណា​តូ ដ្បិត​ប្រទេស​នេះ ក៏​ជា​សមាជិក​នៅ​ក្នុង​សម្ព័ន្ធ​ទាំង​ពីរ​នេះ​ដែរ​។ កន្លង​មក ប្រទេស​ប៉ុ​ល​ហ្គា​រី បាន​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​បស្ចិម​លោក​ប្រឆាំង​នឹង​ទីក្រុង​មូ​ស្គូ ចាប់តាំងពី​វិមាន​ក្រឹម​ឡាំង​បើក​ការ​វាយលុក​ទៅ​លើ​អ៊ុយ​ក្រែ​ន​ជាង​បួន​ខែ​មុន​នេះ​។

គួរ​រំលឹក​បន្តិច​ថា កាលពី​ចុង​ខែមេសា​កន្លង​ទៅ រុ​ស្ស៊ី​បាន​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​ប្រទេស​ប៊ុល​ហ្គា​រី បន្ទាប់​ពី​មន្ត្រី​ប្រទេស​នេះ បាន​បដិសេធ​ការ​ទាមទារ​របស់​ក្រុង​ម៉ូ​ស្គូ​ក្នុង​ការ​បង់ថ្លៃ​ឧស្ម័ន​ជា​រូបិយប័ណ្ណ​របស់​រុ​ស្ស៊ី​។ លើស​ពី​នេះ​ទៅ​ទៀត រដ្ឋមន្ត្រី​ការពារ​ជាតិ​ប៊ុល​ហ្គា​រី​ម្នាក់​ក៏​ត្រូវ​បាន​បណ្តេញ​ចេញពី​ដំណែង​ផង​ដែរ នៅ​ដើមខែ​មីនា ដែល​មន្ត្រី​រូប​នោះ​បាន​ហៅ​សង្គ្រាម​រុ​ស្សី​នៅ​អ៊ុយ​ក្រែ​ន​ថា​ជា «​ប្រតិបត្តិការ​យោធា​ពិសេស​»៕




អត្ថបទបន្ទាប់


សមាជិកសភាហុងកុងមួយរូបធ្វើតេស្តវិជ្ជមានកូវីដ១៩ ក្រោយពីបានថតរូបជាមួយលោកស៊ី ជីនពីង

យោងទៅប្រភពចច្បាស់ការមួយចេញថ្ងៃអាទិត្យ ទី៣ ខែកក្កដានេះ សមាជិកសភាហុងកុងម្នាក់ដែលបានជួប និងថតរូបជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីន ក្នុ…

ស្រីលង្កាមានអតិផរណាកើនដល់ជាង ៥០% ស្របពេលសេដ្ឋកិច្ចកំពុងដួលរលំ

ទិន្នន័យផ្លូវការបានបង្ហាញនាពេលចុងក្រោយថ្មីនេះ បានឲ្យដឹងថា អតិផរណារបស់ប្រទេសស្រីលង្កា ដែលកំពុងមានសេដ្ឋកិច្ចដួលរលំទៅហើយនោះ បានឈានដល់កំណត់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ