ការស្ទង់មតិនោះក៏បានបង្ហាញថា បើទោះបីជាវាយតម្លៃជារួម កម្ពុជាទទួលបានពិន្ទុទាបជាងឆ្នាំមុនបន្តិចក្តី ក៏កម្ពុជាមានភាពល្អប្រសើរបន្តិចនៃការប្រកួតប្រជែងក្នុងតំបន់ដោយសារតែតម្លៃពលកម្មទាប ភាពល្អប្រសើរឡើងបន្តិចនៃហេដ្ឋារចនាសម្ព័ន្ធ និងអគ្គិសនី ប៉ុន្តែ របាយការណ៍ក៏បង្ហាញថា ការប្រែប្រួលនៃបទប្បញ្ញត្តិផ្នែកពន្ធដារ នាពេលថ្មីៗនេះ បានក្លាយជាឧបសគ្គនៃការធ្វើធុរកិច្ច។
របាយការណ៍ដដែល បញ្ជាក់ថា អ្នកឆ្លើយតបក្នុងការស្ទាបស្ទង់មតិនេះ ហាក់ដូចជាមានការប្រុងប្រយ័ត្នចំពោះការឈានចូលមកដល់នៃការបោះឆ្នោតក្នុងឆ្នាំ២០១៨នាពេលខាងមុខ។ ប៉ុន្តែ របាយការណ៍ក៏បានអះអាងថា សកម្មភាពធុរកិច្ចនៅមានភាពសុទិដ្ឋិនិយមច្រើន និងថា អ្នករកស៊ីភាគច្រើនក៏មានគម្រោងពង្រីកសកម្មភាពមុខជំនួញរបស់ខ្លួននៅកម្ពុជាដែរ។
លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជា ថ្លែងថា សម្រាប់រូបលោក លោកមានទំនុកចិត្តចំពោះស្ថិរភាពរបស់កម្ពុជា និងមានទំនុកចិត្តលើការផ្លាស់ប្តូរដែលអាចគ្រប់គ្រងបាន ដែលនឹងជំរុញឲ្យកម្ពុជាមានការអភិវឌ្ឍកាន់តែលឿន។
Business Confidence index របស់សភាពាណិជ្ជកម្មសហភាពអឺរ៉ុប ធ្វើការស្ទង់មតិសមាជិករបស់ខ្លួន និងបានទទួលការឆ្លើយតបចំនួន១១៥ ដែលមកពី២០វិស័យផ្សេងគ្នា។ របាយការណ៍នេះបានធ្វើការស្ទង់មតិសមាជិករបស់ខ្លួនក្នុងចន្លោះពីខែមីនា ដល់ខែឧសភា ក្នុងឆ្នាំនេះ។
លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបញ្ជាក់ថា របាយការណ៍របស់ EuroCham ប្រចាំកម្ពុជានេះ គឺជាធាតុចូលមួយយ៉ាងសំខាន់ក្នុងការពង្រឹងបរិយាកាសធ្វើជំនួញនៅកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង។
លោកឧកញ៉ាបន្តថា កម្ពុជាមានច្បាប់និងគោលនយោបាយមួយចំនួនដែលទាក់ទាញវិនិយោគិនឲ្យមកវិនិយោគនៅកម្ពុជា ក៏ដូចជា ការកែទម្រង់របស់ស្ថាប័នមួយចំនួន ដែលងាកមកប្រើប្រាស់ប្រព័ន្ធ Online ដើម្បីជំរុញប្រសិទ្ធភាពការងារ៕