ទោះជាយ៉ាងនេះក៏ដោយ អ្នកទិញភាគច្រើនមិនបានដឹង ឬយល់ឲ្យស៊ីជម្រៅពីរបៀប ឬដំណើរការនៃការទិញ អចលនទ្រព្យណាមួយឲ្យបានត្រឹមត្រូវតាមក្បួន ឬតាមវិធីសាស្ត្រណែនាំរបស់អ្នកជំនាញ មេធាវី ឬអ្នកជំនាញផ្នែកច្បាប់ ឬភ្នាក់ងារអចលនទ្រព្យជំនាញណាម្នាក់។
ឬអាចនិយាយបានថា ការដែលលោកអ្នកមានត្រឹមតែលុយ ហើយចង់ទិញអចលនទ្រព្យណាមួយមិនមែន ជារឿងងាយស្រួលដូចការគិតរបស់អ្នកនោះទេ ប៉ុន្តែគឺត្រូវគិតពីកត្តាមួយចំនួន ឬវិធីសាស្ត្រនៃ ការទិញដែលបានណែនាំដោយអ្នកជំនាញអចលនទ្រព្យ អ្នកច្បាប់/មេធាវី ជាដើម ដើម្បីជៀសវាងការ ទិញអចលនទ្រព្យខុស ឬគេនិយមហៅថា “ទិញអចលនទ្រព្យត្រូវទទួលបានអចលនទ្រព្យ មិនមែនទិញអចលនទ្រព្យទទួលបានក្រដាសនោះទេ”។
ចំពោះការដំណើរការនៃការទិញអចលនទ្រព្យដែលបានផ្តល់គុណសម្បត្តិល្អមួយសម្រាប់អ្នកទិញ ក្នុងនោះលោក នាង សុភ័ណ្ឌ ដែលជាប្រធានផ្នែកលក់និងទីផ្សារ នៃក្រុមហ៊ុនវើលដ៍ប៊្រីដហូម បានប្រាប់ពីរឿងរ៉ាវមួយចំនួនដែលទាក់ទងនឹងការទិញអចលនទ្រព្យបែបណាទើបលោកអ្នកអាចទិញភ្លាមបានចូលនៅភ្លាម និងគ្រប់គ្រង អាស្រ័យផល និងកាន់កាប់អចលនទ្រព្យក្នុងសុបិនរបស់លោកអ្នកដោយស្របច្បាប់បានភ្លាមៗ។
លោកបានលើកឡើងយ៉ាងដូច្នេះថា ទិញផ្ទះតូចឬផ្ទះធំសុទ្ធតែចំណេញដូចគ្នាឲ្យតែស្របច្បាប់ និងការជ្រើសរើសទីតាំងគឺជារឿងដែលអ្នកទិញផ្ទះមិនអាចមើលរំលងបាននោះទេ ព្រោះថានេះគឺជាចំណុចសំខាន់បំផុតរបស់អ្នកវិនិយោគ ពោលគឺរើសត្រូវទីតាំងកើបលុយ តែបើរើសខុសវិញប្រាកដជាកប់លុយចោលមិនខាន ជាពិសេសគឺខាតពេលវេលាតែម្ដង។
មនុស្សគ្រប់គ្នាគ្មានអ្នកណាប្រាថ្នាចង់បានផ្ទះតូចនោះទេ គឺសុទ្ធតែចង់បានផ្ទះធំគ្រប់ៗគ្នា ប៉ុន្តែត្រូវចាំថាផ្ទះធំមានសម្ពាធធំ បង់ប្រចាំខែច្រើន ការប្រាក់ក៏ច្រើន ជំពាក់គេច្រើន រឿងដែលសំខាន់បំផុតដែលយើងត្រូវគិត គឺមើលទៅលើធនធានរបស់យើង បើយើងមានធនធានច្រើនយើងគួរទិញផ្ទះធំមិនជាបញ្ហាទេ តែបើធនធានរបស់យើងមានតិចតួចយើងមិនគួរទិញផ្ទះធំដោយមិនបានគិតគូរពីហានិភ័យទៅថ្ងៃមុខនោះទេ គួរតែវិនិយោគតាមធនធានរបស់យើង។
តាមរយៈការសង្កេតនិងការណែនាំរបស់លោក លោកសម្លឹងឃើញតំបន់ថា ផ្លូវជាតិលេខ២១ ជាផ្លូវយុទ្ធសាស្ត្រសំខាន់សម្រាប់ការដោះដូរពាណិជ្ជកម្ម រវាងកម្ពុជា វៀតណាម។
ផ្លូវជាតិលេខ ២១ នេះមានសារៈសំខាន់ជាច្រើន ដោយផ្លូវនេះជាខ្សែយុទ្ធសាស្ត្រតភ្ជាប់រាជធានីភ្នំពេញជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ ២ ផ្លូវក្រវ៉ាត់ក្រុងទី ២ ផ្លូវក្រវ៉ាត់ក្រុងទី ៣ ផ្លូវជាតិលេខ ២១A និងផ្លូវជាតិលេខ ២១B ដោយឆ្លងកាត់ក្រុង-ស្រុកចំនួន ៣ គឺ ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។
ផ្លូវនេះបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេស ទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន។