កន្លងមកក្រុមហ៊ុន Harmony Auto បានដំណើរការហាង BYD 6A 4S ដោយជោគជ័យរួចមកហើយ ចំពោះលើកនេះ ជាការបើកអគារតាំងបង្ហាញថ្មីចំនួន២បន្ថែមទៀតគឺ BYD CITY MALL និង BYD CHIPMONG MALL 271 ព្រមទាំងអគារតាំងបង្ហាញ របស់ភ្នាក់ងារចែកចាយរថយន្ដចំនួនពីរ និងហាងដែលបានគ្រោងទុកសាងសង់ដោយខ្លួនឯង ចំនួនពីរ។
ឧបនាយករដ្ឋមន្ត្រីកម្ពុជា កើត រិទ្ធ បានបង្ហាញពីការគាំទ្រ ក្រុមហ៊ុន BYD និងក្រុមហ៊ុន Harmony Auto ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ យុទ្ធសាស្រ្តកាន់តែជិតស្និទ្ធ ដើម្បីជួយកម្ពុជាសម្រេចបាន ការលើកកម្ពស់ឧស្សាហកម្មពាក់ព័ន្ធ និងកំណើនការងារ ជំរុញការផ្លាស់ប្តូរថាមពលថ្មីក្នុងស្រុក និងការអភិវឌ្ឍន៍ពណ៌បៃតង និងលើកកំពស់ឥទ្ធិពលអន្តរជាតិ នៃយានជំនិះថាមពលថ្មីរបស់ប្រទេសចិន។
ក្នុងនោះផងដែរឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានជួបសំណេះសំណាល ជាមួយលោក Liu Xueliang នាយកគ្រប់គ្រងទូទៅនៃផ្នែកលក់រថយន្ត BYD Asia Pacific និងលោក Feng Changge ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន China Harmony Automobile Holdings Co., Ltd ដោយភាគីទាំងពីរបានពិភាក្សាគ្នា អំពីពន្ធលើតំលៃរថយន្តថាមពលថ្មីរបស់កម្ពុជា ការសាងសង់កន្លែងចែកចាយ និងបង្គោលសាកថាមពលអគ្គីសនី និងការនាំចូលរថយន្តមួយទឹកជាដើម។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបង្ហាញថា ប្រទេសចិន និងកម្ពុជាមានទំនាក់ទំនងមិត្តភាពយូរអង្វែង និងស្វាគមន៍ជានិច្ច ចំពោះក្រុមហ៊ុនចិនមកបណ្តាក់ទុននៅកម្ពុជា ក្នុងនោះឧបនាយករដ្ឋមន្ត្រីក៏សង្ឃឹមថា BYD និង Harmony Auto អាចចូលរួមយ៉ាងសកម្ម ក្នុងការសាងសង់បង្គោលសាកថាមពលអគ្គីសនីក្នុងស្រុក និងហេដ្ឋារចនាសម្ព័ន្ធរថយន្តថាមពលថ្មីផ្សេងទៀត។
ពិធីបើកសម្ពោធជាផ្លូវការហាង BYD ក៏មានការចូលរួមពីលោក ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា, លោកស្រី បណ្ឌិត ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា, លោកឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា, លោក មួន វាសនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា, អ្នកឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតផងដែរ។
សូមជម្រាបថា អគារថ្មីពីរទើបនឹងបើកសម្ពោធន៍នេះ ជាអគារតាំងបង្ហាញរថយន្ដ ក្នុងទីក្រុងភ្នំពេញរបស់ BYD។ ក្នុងនាមជាកម្លាំងដ៏សំខាន់ ក្នុងការលើកកម្ពស់មធ្យោបាយធ្វើដំណើរបៃតង និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព អគារតាំង បង្ហាញរថយន្ដក្នុងទីក្រុងភ្នំពេញរបស់ BYD បន្តដើរតួនាទីរបស់ខ្លួន សម្រាប់ការបង្ហាញម៉ាកយីហោ និងបទពិសោធន៍ផលិតផល។លោក Liu Xueliang បានថ្លែងឲ្យដឹងថា BYD ក្ដោបក្ដាប់បច្ចេកវិទ្យាស្នូលនៃ ខ្សែសង្វាក់ឧស្សាហកម្មទាំងមូល នៃរថយន្តថាមពលថ្មីដូចជាអាគុយ ម៉ូទ័រ និងការគ្រប់គ្រងអេឡិចត្រូនិច ហើយការលក់រថយន្តថាមពលថ្មីរបស់ខ្លួន បានបន្តបង្កើតកំណត់ត្រាថ្មី ក្នុងវិស័យឧស្សាហកម្ម។ កម្ពុជាជាប្រទេសពោរពេញដោយភាពរឹងមាំ និងសក្តានុពល ជាមួយនឹងទីផ្សាររីកចម្រើនយ៉ាងឆាប់រហ័ស និងធនធានដ៏សម្បូរបែប ផលិតផល និងបច្ចេកវិទ្យារបស់ BYD អាចត្រូវបានរួមបញ្ចូលយ៉ាងល្អឥតខ្ចោះ ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា។
ការបើកហាងទាំងពីរនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍របស់ BYD នៅកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិចប៉ុណ្ណោះទេ ប៉ុន្តែជាឱកាស សម្រាប់ BYD ចូលរួមយ៉ាងស៊ីជម្រៅក្នុងបដិវត្តន៍ថាមពលបៃតង ជាសាកលផងដែរ។ BYD នឹងរួបរួមដៃគ្នាជាមួយក្រុមហ៊ុន Harmony Auto ដើម្បីបន្តផ្តល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់មកកាន់ទីផ្សារកម្ពុជា។
លោក Li Shuoran អគ្គនាយកក្រុមហ៊ុន BYD នៃក្រុមហ៊ុន Harmony Auto Cambodia បានថ្លែង Harmony Auto បានចូលទីផ្សារចែកចាយរថយន្តថាមពលថ្មីនៅកម្ពុជា ជាផ្លូវការនៅដើមឆ្នាំ២០២៤ បច្ចុប្បន្នមានហាងលក់ និងសេវាកម្មអនឡាញចំនួន៣ រួមទាំងហាង 4S អគារតាំងបង្ហាញរថយន្ដក្នុងទីក្រុងភ្នំពេញ និងផ្សារទំនើប។ នាពេលអនាគតក្រុមហ៊ុន Harmony Auto ក៏នឹងបង្កើតកន្លែងលក់ និងសេវាកម្មអនឡាញឲ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ជូនអតិថិជនកម្ពុជា នូវបទពិសោធន៍អតិថិជនកាន់តែប្រសើរ និងបង្កើនការយល់ដឹងរបស់អតិថិជនអំពីម៉ាកយីហោ BYD ។
លោក ពៅ ម៉ាលី បានគូសបញ្ជាក់ថា ទីផ្សាររថយន្តថាមពលថ្មីរបស់កម្ពុជា មានសក្ដានុពលដ៏ធំ ហើយសហគ្រាសឯកជន បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មរថយន្តថាមពលថ្មីនេះ។
លោកបានថ្លែងអំណរគុណក្រុមហ៊ុន BYD និងក្រុមហ៊ុន Harmony Auto សម្រាប់ការចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍យានយន្តថាមពលថ្មីរបស់កម្ពុជា ហើយសង្ឃឹមថា ក្រុមហ៊ុនចិនទាំងពីរអាចផ្សព្វផ្សាយ រថយន្តថាមពលថ្មីនៅកម្ពុជា បានកាន់តែល្អទៅថ្ងៃអនាគត។
លោកស្រីបណ្ឌិត ខា ឡេង បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន BYD និងក្រុមហ៊ុន Harmony Auto បាននាំចូលនូវបច្ចេកវិទ្យា និងផលិតផលរថយន្តថាមពលទំនើបថ្មីៗដល់កម្ពុជា និងបានរួមចំណែកយ៉ាងសកម្ម ដល់ការអភិវឌ្ឍន៍ឧស្សាហកម្មពាក់ព័ន្ធ។ លោកស្រីបណ្ឌិតសង្ឃឹមថា នឹងមានក្រុមហ៊ុនចិនកាន់តែច្រើនមកកម្ពុជា ដើម្បីវិនិយោគ និងចាប់ផ្តើមអាជីវកម្មនាពេលអនាគត ហើយរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន ឱ្យឈានដល់កម្រិតថ្មីមួយ។
សូមជម្រាបថា នៅថ្ងៃបើកសម្ពោធជាផ្លូវការហាង BYD ថ្មីចំនួន២បន្ថែមទៀតនេះ ក៏មានកម្មវិធីប្រគល់រថយន្តថ្មី ជូនម្ចាស់រថយន្តទី១០០ផងដែរ។ រយៈពេលជិត២ខែឆ្នាំ២០២៤នេះ ជាមួយនឹងគុណភាពសេវាកម្មដ៏ល្អ និងកេរ្តិ៍ឈ្មោះទីផ្សារល្អ ហាងស្ថិតក្រោមការគ្រប់គ្រងរបស់ Harmony Auto បានសម្រេចការលក់ជាង១០០គ្រឿង ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១៨ ខែកុម្ភៈ ហើយនៅថ្ងៃនៃពិធីបើកក្រុមហ៊ុន Harmony Auto បានប្រគល់រថយន្តថ្មីជុំគ្នាចំនួន៣០ដល់ម្ចាស់រថយន្ដ BYD។
លោក Ye Chenghui បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនចំពោះការជឿទុកចិត្ត និងការគាំទ្រចំពោះម៉ាកយីហោ BYD ហើយលោកបានឲ្យដឹងថា BYD និង Harmony Auto នឹងបន្តសហការគ្នានាំយកផលិតផល និងសេវាកម្មរថយន្តថាមពលថ្មី មានគុណភាពខ្ពស់បន្ថែមទៀតដល់អ្នកប្រើប្រាស់កម្ពុជា។
ក្នុងពិធីប្រគល់រថយន្តថ្មីនេះ ក៏មានការអញ្ជើញចូលរួមពីលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាផងដែរ។ លោករដ្ឋមន្រ្ដីបានអបអរសាទរ ចំពោះម្ចាស់រថយន្ត BYD នៅកម្ពុជា ដែលមិនត្រឹមតែជ្រើសរើសរថយន្ត មានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ បានរួមចំណែកដល់ការអភិរក្សថាមពល ការកាត់បន្ថយការបំភាយឧស្ម័ន និងមធ្យោបាយធ្វើដំណើរបៃតងនៅកម្ពុជា និងពិភពលោកផងដែរ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយ និងប្រជាប្រិយភាពនៃយានជំនិះថាមពលថ្មី គឺស្របតាមគោលនយោបាយគាំពារបរិស្ថាន នាពេលបច្ចុប្បន្នរបស់កម្ពុជា។ ដូច្នេះលោកបានលើកទឹកចិត្ត ដល់សាធារណជនទូទៅឲ្យផ្តល់អាទិភាព ដល់រថយន្តថាមពលថ្មីនៅពេលទិញរថយន្ត ជាពិសេសរថយន្តថាមពលថ្មី មានសុវត្ថិភាព ផាសុកភាព និង ប្រសិទ្ធភាពខ្ពស់ដូចជា រថយន្ត BYD ជាដើម។
លោកបានបន្ដថា នេះមិនត្រឹមជាការធ្វើឲ្យរបៀបរស់ផ្ទាល់ខ្លួន បែបពណ៌បៃតងកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកគាំទ្រ ដ៏ខ្លាំងក្លាក្នុងការការពារបរិស្ថានរបស់កម្ពុជាផងដែរ។
លោករដ្ឋមន្រ្ដី បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែង និងការវិនិយោគរបស់ក្រុមហ៊ុន BYD និងក្រុមហ៊ុន Harmony Auto បានជំរុញយ៉ាងខ្លាំង ដល់ការអភិវឌ្ឍន៍ឧស្សាហកម្មរថយន្តថាមពលថ្មីរបស់កម្ពុជា និងបានចាក់គ្រឹះរឹងមាំ សម្រាប់យុគសម័យមធ្យោបាយ ធ្វើដំណើរបៃតងរបស់កម្ពុជា។ ជាមួយនឹងការខិតខំប្រឹងប្រែងបន្តពីគ្រប់ភាគី ឧស្សាហកម្មរថយន្តថាមពលថ្មីរបស់កម្ពុជា នឹងឈានទៅរកភាពរីកចម្រើនបន្ថែមទៀត។
Harmony Auto ក្លាយជាភ្នាក់ងារផ្ដាច់មុខរបស់ BYD នៅកម្ពុជា ដែលបង្ហាញពីការពង្រឹងបន្ថែមទៀតនៃ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាមួយភាពស៊ីជម្រៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍទីផ្សាររថយន្តថាមពលថ្មីរបស់កម្ពុជា បង្កើតឱកាសការងារប្រកបដោយស្ថិរភាព សម្រាប់តំបន់ ជំរុញឱ្យមានការធ្វើឱ្យប្រសើរឡើង និងការផ្លាស់ប្តូរខ្សែសង្វាក់ឧស្សាហកម្មដែលពាក់ព័ន្ធ លើកកម្ពស់ការបំប្លែងថាមពលក្នុងតំបន់ និងការអភិវឌ្ឍន៍ពណ៌បៃតងប្រកបដោយប្រសិទ្ធភាព និងបញ្ចូលភាពរឹងមាំនៃកំណើនថ្មី ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន៕