ការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី

ក្រុមហ៊ុន BYD បណ្ដាក់ទុនវិនិយោគការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ២០០ទីតាំងនៅកម្ពុជាត្រឹមឆ្នាំ២០២៣


ក្រុមហ៊ុន BYD Auto Industry បានបង្ហាញនូវផែនការក្នុងការបណ្ដាក់ទុនវិនិយោគដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានឯកភាពជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធក្នុងការស្វែងរកទីតាំងសម្រាប់ដំឡើងស្ថានីយបញ្ចូលថាមពលទាំង២០០ ទីតាំងនេះ ដោយក្នុងនោះ ក្រសួងផ្ដល់ការអនុញ្ញាតឱ្យរៀបចំដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥រាជធានី-ខេត្ត។
ក្រុមហ៊ុន BYD Auto Industry បណ្ដាក់ទុនវិនិយោគការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីប្រមាណ ២០០ទីតាំងនៅទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៣
ដោយ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុន BYD Auto Industry ដែលដឹកនាំដោយលោក Henry Yip ជានាយកថ្នាក់តំបន់ ជួបពិភាក្សាការងារដើម្បីរិះរកវិធានការ និងវិធីសាស្ត្រផ្សេងៗជំរុញការប្រើប្រាស់យានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជានា ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ នាឱកាសនោះ លោក Henry Yip នាយកថ្នាក់តំបន់ក្រុមហ៊ុន BYD Auto Industry បានបង្ហាញនូវផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣ ។ ដែលតាមរយៈគម្រោងនេះ ក្រុមហ៊ុនបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សម្របសម្រួលជាមួយស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការស្វែងរកទីតាំងដើម្បីដំឡើងស្ថានីយបញ្ជូលថាមពលទាំងនោះ។

លើសពីនេះទៅទៀត ក្រុមហ៊ុនបានសន្យានឹងនាំចូលរថយន្តអគ្គិសនី ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗ មកក្នុងប្រទេសកម្ពុជាបន្ថែមទៀត និងបានផ្ដល់ជាសំណូមពរមកកាន់ក្រសួងក្នុងការរៀបចំជាគោលនយោបាយលើកទឹកចិត្តប្រជាពលរដ្ឋឱ្យងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាពង្រីកឱ្យមានក្រុមការងារបច្ចេកទេសជំនាញអាចជុសជុលផ្លាស់ប្ដូរគ្រឿងបន្លាស់យានយន្តអគ្គិសនីបានទាន់តម្រូវការ។

ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ឯកភាពជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធក្នុងការស្វែងរកទីតាំងសម្រាប់ដំឡើងស្ថានីយបញ្ចូលថាមពលទាំង២០០ ដោយក្នុងនោះក្រសួងផ្ដល់ការអនុញ្ញាតឱ្យរៀបចំដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥រាជធានី-ខេត្ត។ ជាមួយគ្នានេះដែរ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារគណៈកម្មការអន្តរក្រសួង ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនជាប្រធាន ដើម្បីបង្កើតបទដ្ឋានគតិយុត្ត និងរៀបចំយុទ្ធសាស្ត្រផ្សេងៗ ដូចមានការបញ្ចុះតម្លៃពន្ធនាំចូលយានយន្តអគ្គសនីជាដើម ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនី (EV) ឱ្យមានការកើនឡើងកាន់តែច្រើន។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឯកភាពឱ្យមានការចុះ MoU រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន BYD ក្នុងការបណ្ដុះបណ្ដាលមន្ត្រី ក៏ដូចជានិស្សិតកម្ពុជាឱ្យទៅសិក្សាវគ្គសិក្សាខ្លីៗនៅក្រុមហ៊ុន BYD ឬនៅកម្ពុជាផ្ទាល់ ដូចដែលក្រសួងកំពុងអនុវត្តជាមួយក្រុមហ៊ុន Ford ផងដែរ និងស្នើឱ្យក្រុមហ៊ុនពិនិត្យពិចារណាលើការបញ្ចុះតម្លៃរថយន្តអគ្គិសនីប្រសិនបើមានការបញ្ជាទិញពីក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធផងដែរ៕




អត្ថបទបន្ទាប់


ព្រីមៀរ៍ ផាក សហការជាមួយធនាគារ PPCBank ផ្ដល់ឥណទាន 70% សម្រាប់ដីឡូតិ៍ខ្នាតវីឡានៅក្នុងរាជធានីភ្នំពេញ

ព្រីមៀរ៍ ផាក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផ្តោតលើដីឡូតិ៍ខ្នាតវីឡា ផ្ទះអាជីវកម្ម ខនដូ អាផាតមិន និងក្លឹបហាត់ប្រាណ បានសហការជាមួយធនាគារ…

ឯកឧត្តម គង់ វិបុល៖ ការប្រមូលចំណូលពន្ធដារជាង ៩៩% គឺធ្វើឡើងតាមរយៈធនាគារ និងប្រព័ន្ធទូទាត់អេឡិចត្រូនិក

មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា បច្ចុប្បន្ន ចំណូលជាង៩៩%ហើយ ដែលរដ្ឋបាលសារពើពន្ធបានប្រមូលប្រាក់ពន្ធតាមរយៈធនាគារ ឬតាមរយៈប្រព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ