តែយ៉ាងណាមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានចេញមកអះអាងថា តួលេខចំនួនភ្ញៀវទេសចរ ៥លាន ៥សែននាក់ ក្នុងឆ្នាំ២០២៣ គឺជាតួលេខប្រាកដប្រជា ដែលមានស្ថិតិកត់ត្រាត្រឹមត្រូវ និងច្បាស់លាស់។ តើគេរាប់ និងគណនាចំនួនភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជាយ៉ាងដូចម្តេច?
យើងសង្កេតឃើញថា ក្រោយក្រសួងទេសចរណ៍បញ្ចេញរបាយការណ៍ពាក់ព័ន្ធនឹងតួលេខភ្ញៀវទេសចរអន្តរជាតិ និងប្រាក់ចំណូលដែលកម្ពុជា ទទួលបានពីភ្ញៀវទេសចរអន្តរជាតិ ប្រចាំឆ្នាំ២០២៣ មានសាធារណជនមួយចំនួនចូលរួមអបអរសាទរ និងមានមួយចំនួនហាក់មិនជឿទៅលើតួលេខនេះ ហើយមានអ្នកខ្លះរិះគន់ថា តួលេខនេះហាក់មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែង នៃស្ថានភាពវិស័យទេសចរណ៍របស់កម្ពុជា។
ជុំវិញបញ្ហានេះឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចេញមកបកស្រាយថា តួលេខភ្ញៀវទេសចរបរទេស ដែលក្រសួងបានដាក់ចេញក្នុងឆ្នាំ២០២៣ ត្រូវបានស្រង់ចេញពីស្ថិតិប្រចាំថ្ងៃរបស់ច្រកទ្វាអន្តរជាតិនានា ក្នុងនោះក៏មានរាប់តាមចំនួនជើងហោះហើរ និងផ្ទៀងផ្ទាត់តាមរយៈទិដ្ឋាការផងដែរ។
ឯកឧត្តមអះអាងថា ការណ៍នេះពុំមាននរណាអាចបំប៉ោងតួលេខបាននោះទេ ដោយសារវាជាប់ពាក់ព័ន្ធនឹងប្រាក់ចំណូល ដែលទទួលបានពីទិដ្ឋាការរបស់ភ្ញៀវបរទេស។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះកំណើនភ្ញៀវទេសចរអន្តរជាតិ ក្នុងឆ្នាំ២០២៣ ទើបសម្រេចបានប្រមាណ៨៤%ប៉ុណ្ណោះ បើធៀបនឹងពេលមុនមានវិបត្តិជំងឺកូវីដ-១៩ កាលពីឆ្នាំ២០១៩។
យ៉ាងណាក៏ដោយក្រសួងទេសចរណ៍ រំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានប្រមាណ៦លាន ៦សែននាក់ នៅឆ្នាំ២០២៤ នេះ ដែលជាតួលេខខ្ពស់ប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ជាពេលមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ការព្យាករនេះ គឺដើរលឿនជាងការព្យាករនាពេលកន្លងទៅដល់ទៅ២ឆ្នាំឯណោះ។
តាមគម្រោងនៅក្នុងឆ្នាំ២០២៤នេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗមួយចំនួនដូចជាពិធីបុណ្យទន្លេ និងឆ្នាំទស្សនាសៀមរាប ព្រមទាំងឆ្នាំទស្សនាកម្ពុជា-ឥណ្ឌា និងឆ្នាំផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ជាដើម ដើម្បីជំរុញដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច។
សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានចំណូលជាង៣ពាន់លានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៥លាន ៥សែននាក់ កើនឡើងជិត១១៨% បើធៀបនឹងឆ្នាំ២០២២៕
អត្ថបទ៖ បូ ដូឡា