មានវីដេអូ​នៅក្នុងអត្ថបទ!

ទូត​កម្ពុជា​នៅ​ឥណ្ឌូនេស៊ី ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​​«បិទ​មាត់» ខណៈ​ព្យាយាម​​បញ្ឈប់​សន្និសីទ​កាសែត​របស់​គណបក្ស​សង្រ្គោះ​ជាតិ


លោក​ឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​នៅ​ឥណ្ឌូនេស៊ី នៅថ្ងៃ​ពុធ ទី​៦ ខែ​វិច្ឆិកា​នេះ បាន​ចូល​ទៅ​ព្យាយាម​រារាំង​បញ្ឈប់​សន្និសីទ​សារព័ត៌មាន​មួយ​របស់​លោកស្រី មូរ សុខហួរ អតីត​អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ ដោយ​សំអាង​ថា ព្រឹត្តិការណ៍​នោះ​ជាការ​ខុស​ច្បាប់។
រូបភាពកាត់យកពី​វីដេអូ​ នៅលើ​ Twitter បង្ហាញ​វត្តមាន​លោក​ទូត​កម្ពុជានៅ​ឥណ្ឌូនេស៊ី នៅក្នុង​សន្និសីទ​កាសែត​របស់​អតីត​មន្ត្រី​បក្ស​សង្គ្រោះជាតិ ធ្វើនៅទីក្រុង​ហ្សាកាតា នាថ្ងៃទី៦ វិច្ឆិកា ២០១៩។
ដោយ

យោងតាម​ខ្សែ​វីដេអូ​ខ្លី​ដែល​ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម Twitter ឯកអគ្គរដ្ឋទូត​កម្ពុជា លោក ហោ ណាំបូរ៉ា បាន​ព្យាយាម​បញ្ឈប់​សន្និសីទ​សារព័ត៌មាន​នៅទីក្រុង​ហ្សាកាតា ហើយ​ថែមទាំង​យក​ក្បាល​មេក្រូ មក​និយាយ​ខ្លួន​ឯង​ផងដែរ។

នៅក្នុង​វីដេអូ​មួយ​ផ្សេង​ទៀត​ លោក ហោ ណាំបូរ៉ា បាន​ប្រាប់​អ្នកសារព័ត៌មាន​អន្តរជាតិ​មា្នក់ គឺ​លោកJames Massola មក​ពី​កាសែត Syney Morning Herald ឲ្យ​«បិទ​មាត់» នៅពេល​ដែល​អ្នក​កាសែត​រូប​នេះ​ចង់​សួរ​សំណួរ។ បើ​យោង​តាម​លោក James Massola សន្និសីទ​សារព័ត៌មាន​នោះ​​បាន​បន្ត​ទៅ​មុខ​ធម្មតា។

នៅលើ Twitter មាន​ការរិះគន់​ច្រើន​ទៅ​លើ​លោក ហោ ណាំបូរ៉ា ចំពោះ​ទង្វើ​នៅ​លើ​ទឹក​ដី​បរទេស។ គណនី​ Twitter ដែល​មាន​ឈ្មោះ​ថា dodyg បាន​និយាយ​ថា លោក ហោ ណាំបូរ៉ា បាន​ភ្លេច​ថា ខ្លួន​មិនមែន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ខណៈ​ដែល​លោក Lee Morgenbesser បាន​សរសេរ​ថា «វីដេអូ​រយៈ​ពេល​១០​វិនាទី​នេះ គឺ​ជា​ការ​ផ្សព្វ​ផ្សាយ​ដ៏​ក្រៀមក្រំ​ ប៉ុន្តែ ជា​ការពិត​នៃ​នយោបាយ​អាស៊ី​អាគ្នេយ៍។»

លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ឆ្នាំ​២០១៧ បាន​ប្រកាស​ថា នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​នេះ ខណៈ​ដែល​រដ្ឋាភិបាល​បាន​ហៅ​ផែនការ​ត្រឡប់​មក​វិញ​នេះ ថា​ជា​ការប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ។

រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ បាននិយាយនៅថ្ងៃទី៤ ខែវិច្ឆិកា ថា មានការចល័តនិងហ្វឹកហ្វឺនកម្លាំងទ័ពនៅតាមព្រំដែន ខណៈដែលថ្ងៃដែលអតីតមេដឹកនាំគណបក្សប្រឆាំងបានសន្យាថាវិលចូលកម្ពុជាវិញ​កាន់តែខិតជិតមកដល់។

នៅក្រោយ​ព្រឹត្តិការណ៍​នៃ​ការ​ព្យាយាម​រារាំង​សន្និសីទ​សារព័ត៌មាន​នេះ​បន្តិច​មក ស្ថានទូត​កម្ពុជា​នៅ​ឥណ្ឌូនេស៊ី បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់​ខ្លួន​លោកស្រី មូរ សុខហួរ ដោយសារ​មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ បាន​សរសេរ​ដូច្នេះ​ថា «ជា​អកុសល​ដែល​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​រដ្ឋ​សមាជិក​អាស៊ាន បាន​អនុញ្ញាត​ឲ្យ​លោកស្រី មូរ សុខហួរ ចូល​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​នៅ​ទីក្រុង​ហ្សាកាតា បើ​ទោះបីជាមាន​ដីកា​ចាប់​ខ្លួន​ក្ដី៕»

None



អត្ថបទបន្ទាប់


វៀតណាម រំពឹងនាំចេញផលិតផលសម្លៀកបំពាក់ ៤០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩

ប្រទេសវៀតណាម បានបង្ហាញក្តីរំពឹងថា ពិតជាអាចនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ ឲ្យបានដល់ ៤០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩នេះ ប…

កម្ពុជាប្រឈមនឹងកង្វះខាតថាមពលអគ្គិសនីជាថ្មីម្តងទៀត នារដូវប្រាំងឆ្នាំក្រោយនេះ

ប្រទេសកម្ពុជា អាចប្រឈមនឹង កង្វះខាតថាមពលអគ្គិសនីជាថ្មីម្តងទៀ នៅរដូវប្រាំងដែលចូលមកដល់ឆាប់ៗនេះ ដោយសារតែ កត្តាធម្មជាតិមិនអំណោយផល ដែលធ្វើឲ្យ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ