កម្ពុជា-កូរ៉េខាងត្បូង

ក្រឡេក​មើល​ពាណិជ្ជកម្ម​ កម្ពុជា-កូរ៉េខាងត្បូង នៅមុន​ទស្សនកិច្ច​ប្រធានាធិបតី​កូរ៉េខាងត្បូង​មក​កម្ពុជា


ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​-​កូរ៉េ​ខាង​ត្បូង បាន​ឈាន​ដល់​ទឹក​ប្រាក់​ប្រមាណ​ជាង ៩៧០​លាន​ដុល្លារ​អាមេរិក​ហើយ កាលពី​ក្នុង​ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ។ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ នៅ​មាន​លក្ខណៈ​ទន់​ជ្រាយ​នៅ​ឡើយ បាន​ន័យ​ថា មិន​ទាន់​រឹងមាំ មិន​ទាន់​ឈាន​ដល់​កម្រិត​មធ្យម​និង​កម្រិត​ខ្ពស់​នៅ​ឡើយ​ទេ។
ក្រឡេក​មើល​ពាណិជ្ជកម្ម​ កម្ពុជា-កូរ៉េខាងត្បូង នៅមុន​ទស្សនកិច្ច​ប្រធានាធិបតី​កូរ៉េខាងត្បូង​មក​កម្ពុជា។
ដោយ

ក្រុម​អ្នក​ជំនាញ និង​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​សង្គម​កម្ពុជា សុទ្ធតែ​បាន​រំពឹង​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កាន់​ប្រទេស​កម្ពុជា ជា​លើក​ដំបូង​របស់​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង  ឯកឧត្តម មូន ចេអ៊ីន នៅ​ចុង​សប្តាហ៍​នេះ កម្ពុជា​និង​កូរ៉េ​ខាង​ត្បួង អាច​នឹង​មាន​ពិធី​ចុះហត្ថលេខា​គម្រោង​អភិវឌ្ឍន៍ វិនិយោគ​មួយ​ចំនួន ពិសេស រំពឹង​ថា កូរ៉េ​នឹង​សម្រេច​ការ​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ដល់​កម្ពុជា​ដើម្បី​ជា​ចំណងដៃ​មិត្តភាព​យូរ​អង្វែង ក៏ដូច​ជា​ការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​កើន​ឡើង​ខ្ពស់​ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​ខាង​មុខ​ទៀត។ 

បើ​មិន​មាន​ការ​ប្រែប្រួល​កាល​វិភាគ​នោះ​ទេ ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃទី​១៤ ដល់​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៩ នេះ។ 

ដំណើរទស្សនកិច្ច​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​នេះ​ដែរ នឹង​មាន​កិច្ច​ពិភាក្សា​អំពី​ការ​ជំរុញ​ទំនាក់​ទំនង​ទ្វេ​ភាគី និង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែម​ទៀត ក៏ដូចជា គម្រោង​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-កូរ៉េ​ខាង​ត្បូង ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​វិនិយោគ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ ឲ្យ​កាន់​តែ​ច្រើន​ឡើង។

ប្រទេស​ទាំងពីរ​ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា មាន​ប្រវត្តិ​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​មួយ ទាំង​នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វប្បធម៌​សិល្បៈ ជាដើម។ មិន​រៀបរាប់​វែង​ឆ្ងាយ​ច្រើន​ទេ ពី​ទំនាក់​ទំនង​នយោបាយ​ ការទូត រវាង​ប្រទេស​ទាំង​ពីរ​នេះ សារព័ត៌មាន អេឡិចត្រូនិក ខេមបូណូមីស សូម​លើក​យក​តែ​ពី​ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ​នេះ ជូន​មិត្ត​អ្នក​អាន​ប៉ុណ្ណោះ។

ប្រទេស​កម្ពុជា​និង​កូរ៉េ​ខាង​ត្បូង បាន​និង​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​ដាក់​ចេញ​នូវ​គោលដៅ​ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​បាន​ដល់ ២​ពាន់​លាន​ (២ប៊ីលាន) ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ ខណៈ​ដែល​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​ហាក់​បី​ដូច​ជា​នៅ​មាន​ភាព​ទន់ជ្រាយ​នៅ​ឡើយ។

បច្ចុប្បន្ន ទំហំ​ពាណិជ្ជកម្ម​ កម្ពុជា-​កូរ៉េ​ខាង​ត្បូង​សម្រេច​បាន​ដល់​កម្រិត​ណា​ហើយ?

បើ​យើង​ក្រឡេក​ទៅ​មើល​របាយការណ៍​របស់​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ខាង​ត្បូង បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​-កូរ៉េខាងត្បូង គឺ​មាន​ប្រមាណ​ជាង ៩៧០​លាន​ដុល្លារ​អាមេរិក (ជិត ១​ពាន់​លាន​ដុល្លារ​ហើយ) កាលពី​ក្នុង​ឆ្នាំ​២០១៨ ដែល​ក្នុង​នោះ កូរ៉េ​ខាង​ត្បូង​នាំចូល​មក​កម្ពុជា​ប្រមាណ ៦៦០​លាន​ដុល្លារ​អាមេរិក និង​កម្ពុជា​នាំ​ចេញ​ទៅ​កូរ៉េ​ខាង​ត្បូង​វិញ ប្រមាណ ៣១៤​លាន​ដុល្លារ​អាមេរិក។

សូម​បញ្ជាក់​ត្រង់​ចំណុច​តួលេខ​នាំ​ចេញ នាំចូល រវាង​កូរ៉េខាងត្បូង​និង​កម្ពុជា​បន្តិច វា​ហាក់​បី​ដូចជា​នៅ​មាន​កម្រិត​តិចតួច​នៅ​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​នាំ​ចូល​នាំ​ចេញ​រវាង​កម្ពុជា​និង​អឺរ៉ុប អាមេរិក ជាដើម។ ដូច្នេះ វា​ទាមទារ​ឲ្យ​មាន​ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត។ កូរ៉េ​ខាង​ត្បូង​ដូចជា​ស៊ី​ទំនិញ​ពី​កម្ពុជា​​ច្រើន​ដែរ តួយ៉ាង​ដូចជា​ផលិតផល​សម្លៀក​បំពាក់ ស្បែក​ជើង និង​ផលិតផល​កសិកម្ម ខណៈ​ដែល​កម្ពុជា​ក៏​រឹត​តែ​ស៊ី​ច្រើន​នូវទំនិញ​ពី​កូរ៉េខាង​ត្បូង​ដែរ ដូចជា ផលិតផល​ភេសជ្ជៈ ម្ហូប​អាហារ យានយន្ត គ្រឿង​សម្អាង ។ល។ និង ។ល។ ដូច្នេះ ប្រទេស​ទាំងពីរ​នៅ​មាន​កន្លែង​ទំនេរ​ច្រើន​សម្រាប់​បង្កើន​ការ​នាំ​ចេញ នាំ​ចូល រវាង​គ្នា​និង​គ្នា​ជា​ច្រើន​ទៀត។

ការ​វិនិយោគ​កូរ៉េ​ខាង​ត្បូង​នៅ​ក​ម្ពុជា​ឈាន​ដល់​កម្រិត​ណា​ហើយ?

បើ​ក្រឡេក​មក​មើល​វិនិយោគិន​កូរ៉េ​ខាង​ត្បួង​ដែល​បាន​បោះទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ម្តង ឃើញ​ថា គិត​ចាប់​តាំង​ពី​ជំនាន់ ឆ្នាំ​២០០៥, ២០០៦ និង ២០០៧ មក កូរ៉េ​ខាងត្បូង​ហាក់​ចូល​មក​បោះទុន​នៅ​កម្ពុជា​ជាច្រើន ពិសេស​នៅ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ស្ថិត​នៅ​កំពូល​លេខ​រៀង​ទី១​តែ​ម្ត ដោយ​ឡែក​ ភ្ញៀវ​ទេសចរ​កូរ៉េ​ខាង​ត្បូង​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​ក៏​ឈរ​នៅ​លេខ​រៀង​កំពូល​គេ​ប៉ុន្មាន​ឆ្នាំ​ដែរ តែ​ពេលនេះ ថមថយ​ចុះ​ទៅ​វិញ ជំនួស​មក​វិញ​ដោយ​ភ្ញៀវ​ទេសចរ​ចិន​វិញម្តង។ 

បើ​យើង​មើល​របាយការណ៍​ពី ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គិតត្រឹម​​រយៈពេល ៩​ខែ​ឆ្នាំ​២០១៨ ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​វិនិយោគ​ជាង ១២​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ភាគច្រើន វិនិយោគិន​កូរ៉េ​ខាង​ត្បូង​នៅតែ​ចូលចិត្ត​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ វិស័យ​កសិកម្ម បច្ចេកវិទ្យា និង​សម្លៀក​បំពាក់ ដដែល។

យ៉ាងណាមិញ បើ​យើង​ក្រឡេក​ទៅ​មើល​ការវិនិយោគ​របស់​កូរ៉េ​ខាង​ត្បូង គិត​មក​ត្រឹម​ឆ្នាំ​២០១៧ តួលេខ​ហាក់​បី​ដូចជា​រាង​ចាស់​បន្តិច ដោយសារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅកាត់ថា CDC ពិបាក​ខ្លាំង​រឿង​បញ្ចេញ​របាញការណ៍​វិនិយោគ​ក្រៅ​ប្រទេស។ នៅក្នុង​រយៈពេល​នោះ កម្ពុជា​បាន​ស្វាគមន៍​គម្រោង​វិនិយោគ​របស់​កូរ៉េ​ខាង​ត្បូង ចំនួន ២០៨​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ៤ពាន់ ៧​រយ​លាន​ដុល្លារ​អាមេរិក ហើយ​ជា​ការ​កត់​សម្គាល់ ក្នុង​ឆ្នាំ​២០១៧ វិនិយោគិន​សាធារណរដ្ឋ​កូរ៉េ​បាន​បោះទុន​វិនិយោគ​ជាង ២០០​លាន​ដុល្លារ​អាមេរិក ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់ ក្នុង​រយៈពេល ៨​ឆ្នាំ​ចុង​ក្រោយ​នេះ។

ងាក​មក​មើល FDI ការវិនិយោគ​ក្រៅ​ប្រទេស​មក​កាន់​ប្រទេស​កម្ពុជា ក្នុងរយៈពេល ៩​ខែ ​ឆ្នាំ​២០១៨ វិញម្តង ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុញ្ញាត​លើ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន ១៧០​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ ៤៧០០​លាន​ដុល្លារ​អាមេរិក ដែល​មាន​ការ​កើន​ឡើង​ចំនួន ២៨​គម្រោង ក៏ប៉ុន្តែ ទុន​វិនិយោគ​មាន​ការ​ថយចុះ​ប្រមាណ ១៣០០​លាន​ដុល្លារ​អាមេរិក បើធៀប​នឹង​រយៈពេល​ដូច​គ្នា​ ឆ្នាំ​២០១៧។

ដូច្នេះ តាមរយៈ​ការ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​របស់​ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង រយៈពេល ​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់ទី​១៦ ខែ​មីនា ឆ្នាំ ២១០១៩​នេះ គេ​រំពឹង​ថា នឹង​មាន​កិច្ច​ពិភាក្សា​អំពី​ការជំរុញ​ទំនាក់​ទំនង​ទ្វេ​ភាគី និង​ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែម​ទៀត ជាពិសេស ជំរុញ​ឲ្យកូរ៉េ​ខាង​ត្បូង​ឲ្យ​ពន្លឿន​គម្រោង​ផែនការ​ស្ថាបនា​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​នៅ​កម្ពុជា ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់តែ​ល្អ​ប្រសើរ ដើម្បី​ជា​ការ​រឹត​ចំណង​មិត្ត​ភាព​នយោបាយ ការទូត ឲ្យ​កាន់​តែ​រឹងមាំ​ថែម​ទៀត ជាពិសេស ជំរុញ​ទំហំ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​កូរ៉េ ឲ្យ​ដល់​គោលដៅ​ដែល​ប្រទេស​ទាំង​ពីរ​ដាក់​ផែនការ​នឹង​សម្រេច​ឲ្យ​បាន ២​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ត្រឹម​ឆ្នាំ ២០២០​ខាង​មុខ​នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា ត្រូវការពេល​ជាង ១០ឆ្នាំ ដើម្បី​ក្លាយជា​ប្រទេស​ សេដ្ឋកិច្ច​ឌីជីថល​ពេញលេញ

ព័ត៌មាន
ដើម្បីអាចបង្កើតសេដ្ឋកិច្ចឌីជីថលពេញលេញមួយ និងប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចដែលមានកំណើនដឹកមុខ ដោយបច្ចេកវិទ្យាព័ត៌មានមួយបាន កម្ពុជ…

ប៉ោយប៉ែត នឹងមាន​ទីក្រុងរណប​ធំមួយ ទំហំផ្ទៃដី ១ពាន់ហិកតា បើក​ដំណើរការ​សាងសង់ផ្លូវការឆាប់ៗ

ព័ត៌មាន
ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ នឹងមានទីក្រុងរណបធំមួយ ទំហំជាង ១ពាន់ហិកតា បើកដំណើរការសាងសង់ផ្លូវការនៅពាក់កណ្ដាលឆ្នាំ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ