យ៉ាងណាក៏ដោយចុះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថា សម្រាប់ការនាំចេញទំនិញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) គឺហាក់នៅមានចំនួនតិចតួចនៅឡើយទេ ខណៈដែលកិច្ចព្រមព្រៀងទាំងពីរនេះបានចាប់ផ្ដើមចូលជាធរមានតាំងពីដើមឆ្នាំ២០២២មកម្ល៉េះ។
ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា កម្ពុជាសម្រេចការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិបានក្នុងតម្លៃប្រមាណ ៣ពាន់លានដុល្លារនៅពីរដើមឆ្នាំ២០២២ កើនឡើងជាង១៥៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជាង២ពាន់៥រយលានដុល្លារប៉ុណ្ណោះ។
ជុំវិញកំណើននាំចេញរបស់កម្ពុជានេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មបានបង្ហាញការយល់ឃើញថា កត្តាដែលជួយជំរុញឲ្យការនាំចេញរបស់កម្ពុជា នៅតែអាចរក្សាកំណើនទាំងកម្ពុជាកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ និងរងឥទ្ធិពលពីភាពតានតឹងភូមិសាស្ត្រនយោបាយសកល គឺដោយសារកម្ពុជាមានប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP និង EBA ពីសហគមន៍អឺរ៉ុប អង់គ្លេស និងសហរដ្ឋអាមេរិក។ លើសពីនេះ ឆ្នាំនេះ កម្ពុជាបានអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកិច្ចព្រមព្រៀង RCEPផងដែរ។ ការបង្វែការបញ្ជារបស់ប្រទេសមួយចំនួន ពីប្រទេសផ្សេងមកកម្ពុជាក៏កត្តារួមចំណែកជួយឲ្យការនាំចេញរបស់កម្ពុជាមានការកើនឡើងផងដែរ។
អនុប្រធានសភាពាណិជ្ជកម្មរូបនេះ កត់សម្គាល់ឃើញថា ទោះបីវិបត្តិសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនបានជំរុញឲ្យតម្លៃប្រេងឥន្ធនៈសកលរួមទាំងកម្ពុជាមានការកើនឡើងយ៉ាងគំហុកក៏ដោយ តែវាមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ខ្សែចង្វាក់ផលិតកម្ម និងការនាំចេញរបស់កម្ពុជានោះទេ។ ពោលគឺទាំងខ្សែចង្វាក់ផលិតកម្ម និងការនាំចេញរបស់កម្ពុជានៅតែប្រព្រឹត្តទៅជាធម្មតា ដែលបង្ហាញឲ្យឃើញថា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ បើទោះបីមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងរងឥទ្ធិពលពីការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ាង ថៃ បច្ចុប្បន្នការនាំចេញទំនិញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ នៅមានចំនួនតិចតួចនៅឡើយទេ បើទោះបីកិច្ចព្រមព្រៀងទាំងពីរនេះបានចូលជាធរមានជាង៣ខែក្តី។ ប៉ុន្តែ ឯកឧត្តម សង្កេតឃើញថា មានក្រុមហ៊ុនមួយចំនួនកំពុងសួរនាំពីនីតិវិធីក្នុងការនាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរនេះជាបណ្ដើរៗផងដែរ។ ក្រៅពីកិច្ចព្រមព្រៀងទាំងពីរនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ក៏គ្រោងចូលជាធរមាននាពេលខាងមុខផងដែរ ខណៈបច្ចុប្បន្នកម្ពុជាបានបំពេលនីតិវិធីរួចរាល់ហើយ នៅរង់ចាំតែភាគីកូរ៉េតែប៉ុណ្ណោះ៕