ការនាំចេញគ្រឿងបង្គុំ និងសម្ភារៈអគ្គិសនី

កម្ពុជាសម្រេចបានការនាំចេញគ្រឿងបង្គុំ និងសម្ភារៈអគ្គិសនីជិត ២ពាន់លានដុល្លារ នៅឆ្នាំ២០២២


ការនាំចេញទំនិញសំខាន់ៗ របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅតែរក្សាបានកំណើនជាវិជ្ជមាន នៅក្នុងឆ្នាំ២០២២ ជាពិសេសកំណើននៃការនាំចេញគ្រឿងអគ្គិសនី និងសម្ភារៈអគ្គិសនី តែម្ដង ស្ថិតក្នុងចំណោមផលិតផលដែលមានតម្លៃនាំចេញច្រើនជាងគេរបស់កម្ពុជា។ ជាក់ស្ដែង នៅក្នុងរយៈពេលពេញ ១ឆ្នាំ ២០២២ កម្ពុជា បាននាំចេញគ្រឿងអគ្គិសនី និងសម្ភារៈអគ្គិសនី ក្នុងទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារ កើនឡើង៨៥% ធៀបនឹងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។
កម្ពុជាសម្រេចបានការនាំចេញគ្រឿងបង្គុំ និងសម្ភារៈអគ្គិសនីជិត ២ពាន់លានដុល្លារ នៅឆ្នាំ២០២២

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ស្របពេលដែលប្រទេសសហរដ្ឋអាម៉េរិក និងចិន កើតមានវិបត្តិសង្រ្គាមពាណិជ្ជកម្ម ប្រទេសកម្ពុជា ហាក់ដូចជា ចាប់បានឱកាសច្រើន ក្នុងការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារអន្តរជាតិ។ ឧកញ៉ា លឹម ហេង បានកត់សម្គាល់ឃើញថា ការវិនិយោគក្នុងឧស្សហាកម្មផលិតគ្រឿងអគ្គិសនី និងសម្ភារៈអគ្គិសនី នៅក្នុងប្រទេសកម្ពុជា មានភាពរីកចម្រើន ជាពិសេសការនាំចេញគ្រឿងអគ្គិសនី និងសម្ភារៈអគ្គិសនី ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក សហគមន៍អឺរ៉ុប និងបណ្ដាទីផ្សារផ្សេងៗ ក៏បានកើនឡើង ផងដែរ។ ម្យ៉ាងវិញទៀត ការលើកលែងការយកពន្ធរបស់អាម៉េរិក លើការនាំចូលបន្ទះសូឡាពីកម្ពុជា ក៏ជាកត្តា ធ្វើឲ្យការនាំចេញគ្រឿងអគ្គិសនី និងសម្ភារៈអគ្គិសនី កើនឡើងដែរ។

ឯកឧត្តម វស្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា វិស័យកម្មន្តសាល ហាក់មានភាពរីកចម្រើន និងរឹងមាំ បើទោះបីជា កម្ពុជា ជួបប្រទះនូវវិបត្តិកូវីដ១៩ ក៏ដោយ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២។ ឯកឧត្តមបានកត់សម្គាល់ឃើញថា ការផលិតនិងការនាំចេញផ្នែកឧស្សាហកម្មកម្មន្តសាលមិនមែនកាត់ដេរ ដូចជា កង់ បន្ទះសូឡា ខ្សែអុបទិច និងបន្ទះឈីប ជាដើម សុទ្ធតែមានកំណើនខ្លាំង នៅឆ្នាំ២០២២ លើកលែងតែការនាំចេញផលិតផលកាត់ដេរ ប៉ុណ្ណោះ។ ខណៈក្រុមវិនិយោគថ្មីៗ ដែលមានបំណងចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏មាននិន្នាការទៅលើវិស័យកម្មន្តសាល ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេលពេញ ១ឆ្នាំ ២០២២ កម្ពុជា បាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់សរុបជាង ២២ពាន់លានដុល្លារ ដែលមានការកើនឡើង ១៦% បើធៀបទៅនឹងឆ្នាំ២០២១។ ក្នុងនោះ ចំណូលពីការនាំចេញគ្រឿងអគ្គិសនី និងសម្ភារៈអគ្គិសនី មានចំនួនច្រើនជាងគេ រហូតជិត២ពាន់លានដុល្លារ។ បន្ទាប់មកការនាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ មានទឹកប្រាក់សរុបជាង ១២ពាន់លានដុល្លារ។ រីឯ ការនាំចេញមុខទំនិញផ្សេងៗ មានជាង ៤ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា៕




អត្ថបទបន្ទាប់


បញ្ហាអគារជាប់គាំងនៅព្រះសីហនុមិនទាន់អាចរកច្រកចេញបាននៅឡើយទេ ទោះបានឆ្លងកាត់កិច្ចប្រជុំអន្តរក្រសួង២លើករួចហើយក្ដី

បញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុមិនទាន់អាចកំណត់យន្តការជាក់លាក់ក្នុងការដោះស្រាយបាននៅឡើយទេ បើទោះបីគណៈកម្មការអន្តរក្រសួងបានជួបប្រជុំគ្នាព…

សេដ្ឋកិច្ចពិភពលោកមិនល្អ ប៉ុន្ដែការនាំចេញកង់កម្ពុជាសម្រេចបានទឹកប្រាក់ ៩០០ លានដុល្លារ កើនឡើង៤៣% នៅឆ្នាំ២០២២

នៅពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញកង់ទៅក្រៅប្រទេសក្នុងទំហំទឹកប្រាក់ចំនួន ៩០០ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤៣% បើប្រៀបធៀបនឹងរយៈពេលដូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ