
ទំនុកចិត្តលើសង្វាក់ផលិតកម្មកសិកម្មនេះ គឺផ្ដោតលើការជួយគាំទ្រដល់កសិករ តាំងពីដំណាក់កាល ផ្តល់ទុន ដាំដំណាំ ថែទាំ ប្រមូលកសិផល កែច្នៃកសិផល ការនាំចេញ និងលក់ទៅឲ្យអ្នកប្រើប្រាស់ក្នុងស្រុក។
លោក គា បូរាណ នាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ដែលបានធ្វើការងារយ៉ាងជិតស្និទជាមួយកសិករ ទាក់ទងនឹងការផ្ដល់កម្ចីដើមទុនហិរញ្ញវត្ថុនោះ បានលើកឡើងថា តាមការកត់សម្គាល់ បញ្ហាសំខាន់ធំៗ ដែលកសិករទាមទារចង់ឲ្យស្ថាប័នពាក់ព័ន្ធជួយ គឺការកាត់បន្ថយថ្លៃដើមផលិត និងការស្វែងរកទីផ្សារ។
ដោយមើលឃើញពីតម្រូវការនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ បានសហការជាមួយនឹងក្រុមហ៊ុន Agribuddy Cambodia និង Forte Insurance ដើម្បីផ្ដល់ទុន ដោយមានការធានារ៉ាប់រងលើការដាំដុះកសិកម្ម (Crop Insurance) ដែលវាជាផ្នែកមួយជួយឲ្យកសិករកាន់តែមានទំនុកចិត្ត ទោះបីជាពេលខ្លះ ពួកគាត់ត្រូវរងផលប៉ះពាល់ដោយបញ្ហាអាកាសធាតុក៏ដោយ។
លោក គា បូរាណ បានលើកឡើងយ៉ាងដូច្នេះថា «តាមរយៈកិច្ចសហការជាមួយនឹងក្រុមហ៊ុន Agribuddy និងក្រុមហ៊ុនធានារ៉ាប់រងមួយទៀត (Forte Insurance) យើងបានសាកល្បងផ្ដល់សេវាកម្មធានារ៉ាប់រងកសិកម្ម ឬហៅថា Crop Insurance ហ្នឹង ហើយឆ្នាំនេះ យើងបានសាកល្បងជិត១០០ គ្រួសារ ដែលស្មើនឹងប្រមាណ ១៥០ហិកតានៃផ្ទះដី។ អ៊ីចឹងជាសាកល្បងរបស់យើងហ្នឹង បើសិនជាកសិករមានជួបបញ្ហាភ្លៀងច្រើនពេក ឬអត់ភ្លៀង ឬគ្រោះទឹកជំនន់អី (ប៉ះពាល់ដល់ផលដំណាំ) ពួកគាត់នឹងអាចទទួលបានតម្លៃសងត្រឡប់ពីខាងធានារ៉ាប់រងមកវិញ»។
ដោយឡែក លោក បូរាណ បានគូសបញ្ជាក់ទៀតថា សម្រាប់កិច្ចសហការជាមួយ ក្រុមហ៊ុន Agribuddy Cambodia ជិត២ឆ្នាំកន្លងមកនេះ AMK បានផ្ដល់កម្ចី ដល់កសិករដែលជាសមាជិករបស់ Agribuddy Cambodia ប្រមាណ ១ពាន់គ្រួសារ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ១លានដុល្លារអាមេរិក។ លោកបន្ថែមថា ឆ្លងតាមរយៈបទពិសោធន៍ជោគជ័យនេះ អេអឹមខេ សង្ឃឹមថា នឹងអាចបង្កើនប្រាក់កម្ចីដល់កសិករកាន់តែច្រើនបន្ថែមទៀត នៅឆ្នាំខាងមុខៗនេះ។

លោក យ៉ង់ ប៉ាក់ នាយកក្រុមហ៊ុន Agribuddy ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនAgribuddy គឺជាអ្នកបម្រើដ៏ល្អសម្រាប់កសិករ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងកសាងទំនុកចិត្ត ដល់គ្រប់ភាគីពាក់ព័ន្ធនៅក្នុងវិស័យកសិកម្ម ដើម្បីពង្រឹងសមត្ថភាព លទ្ធភាព និងឱកាសកាន់តែខ្លាំងក្លាក្នុងវិស័យកសិកម្ម ជាពិសេសស្រូវអង្ករ ដំឡូង និងពោត។

តួយ៉ាង រហូតមកទល់ពេលនេះ ក្រុមហ៊ុន Agribuddy មានក្រុមហ៊ុនជាដៃគូ ជាង៣០ ស្ថាប័ន ដើម្បីចាំជួយជ្រោមជ្រែង គាំទ្រដល់កសិករ ក្នុងការធ្វើកសិកម្មប្រកបដោយទំនុកចិត្តតាំងពីការចាប់ផ្ដើមដាំដុះ រហូតដល់ការប្រមូលផលលក់ទៅលើទីផ្សារ។
បើតាមការលើកឡើងរបស់លោក យ៉ង់ ប៉ាក់ នាយកគ្រប់គ្រងក្រុមហ៊ុន Agribuddy ប្រចាំកម្ពុជា បានឲ្យដឹងទៀតថា បច្ចុប្បន្ន ក្រុមហ៊ុននេះ រួមជាមួយដៃគួ ក្នងសង្វាក់ផលិតកម្មកសិកម្ម បាននិងកំពុងបម្រើ កសិករជាង ១.៥០០ គ្រួសារ ដែលមានតម្លៃ ជាទឹកប្រាក់ដើមទុនជាង ៨០ម៉ឺនដុល្លារ ហើយមានជាង ៤ពាន់គ្រួសារទៀត ដែលបានចុះឈ្មោះ និងកំពុងរង់ចាំទទួលសេវាកម្ម សម្រាប់រដូវដាំដុះខាងមុខ ដែលគិតជាទឹកប្រាក់ប្រមាណ ៦លានដុល្លា គិតមកត្រឹមខែតុលា ឆ្នាំ២០១៨នេះ។
លើសពីនេះ ក្នុងចំណោមកសិករទាំង ៥ពាន់គ្រួសារនេះ មានជាង ២ពាន់គ្រួសារ ជាកសិករដាំដំណាំស្រូវ ហើយប្រមាណ ១ពាន់គ្រួសារដាំដំណាំពោត និង ជាង ២ពាន់គ្រួសារដាំដំណាំដំឡូងមី។ ពូកគាត់អាចផលិតស្រូវ បានប្រមាណ ៤ម៉ឺនតោន ដំណាំដំឡូង ជាង ៣០ម៉ឺនតោន និង ដំណាំពោត ជាង ១០ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណ ៣០លានដុល្លារ ក្នុងឆ្នាំ ២០១៨នេះ។

សូមជម្រាបថា បើតាមការអះអាងពីអ្នកជំនាញហិរញ្ញវត្ថុ បានឲ្យដឹងថា ការផ្ដល់កម្ចីទៅលើវិស័យកសិកម្មនៅឆ្នាំនេះ បើគិតជាភាគរយហាក់មានកំណើនថយចុះជាងឆ្នាំមុនៗ ដោយសារតែធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានងាកទៅផ្ដល់កម្ចីច្រើនសម្រាប់ការប្រើប្រាស់ និងកម្ចីអចលនទ្រព្យជាដើម។ ទោះយ៉ាងណា បើពិនិត្យទៅមើលទំហំកម្ចីកសិកម្មវិញ គឺមិនមានការថមថយចុះនោះទេ ពោលគឺនៅតែរក្សាបានក្នុងចំនួនប្រាក់ប្រហែលនឹងឆ្នាំមុនដែរ៕