
បើយោងតាមការស្រាវជ្រាវ ទំនាស់ព្រំដែនរវាងកម្ពុជា និងថៃ បានផ្ទុះឡើងដំបូងនៅក្នុងឆ្នាំ១៩៥៤ នៅពេលដែលកងទ័ពថៃ ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។ នេះជាករណីដំបូងនៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប ក្រោយពេលដែលកម្ពុជា ទទួលបានឯករាជ្យនៅក្នុងឆ្នាំ១៩៩៥៣។ ក្រោយថៃ ចូលកាន់កាប់ប្រាសាទព្រះវិហារ កម្ពុជា នៅសម័យនោះបានយកបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡេអេ ហើយនៅក្នុងឆ្នាំ១៩៦២ តុលាការនេះ បានសម្រេចផ្តល់យុត្តិធម៌មកដល់កម្ពុជា រហូតដល់មានបញ្ហាចម្រូងចម្រាសកងទ័ពជាថ្មីនៅសម័យនោះ។
រហូតដល់ឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ទំនាស់ព្រំដែននេះ បានកើតមានឡើងជាថ្មីរហូតដល់មានការប៉ះទង្គិចគ្នាស្លាប់ និងរបួសទាំងសងខាងពាក់ព័ន្ធនឹងប្រាសាទព្រះវិហារនេះ ប៉ុន្តែក្រោយបានស្ងប់ស្ងាត់អស់រយៈពេលជាង១០ឆ្នាំ បញ្ហាទំនាស់រវាងប្រទេសទាំងពីរ ក៏បានផ្ទុះឡើងជាថ្មីនៅខែឧសភា ឆ្នាំ២០២៥ នេះតែម្តង។
ភាពតានតឹងនេះ ត្រូវបានបង្កាត់ឡើងដោយទាហានថៃ ដែលបានសម្លាប់ទាហានកម្ពុជា មួយរូបនៅថ្ងៃទី ២៨ ខែឧសភា ហើយទំនាស់នេះវាបានរីករាលដាលកាន់តែធំរហូតឈានដល់ការបិទព្រំដែន និងទម្លាក់កម្រិតការទូត និងផ្ទុះជាសង្រ្គាមនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ។ បើតាមការអះអាងរបស់ភាគីថៃ ករណីផ្ទុះសង្គ្រាមនេះ គឺផ្តើមចេញពីបញ្ហាទាហានថៃ ជាន់មីនពីរដងក្នុងអំឡុងពេលដើរល្បាតរំលោភចូលទឹកដីកម្ពុជា។ ក្រោយការផ្ទុះករណីទី២ រដ្ឋាភិបាលថៃ បានប្រកាសកោះហៅឯកអគ្គរាជទូតរបស់ខ្លួនទៅបាងកក និងបណ្តេញឯកអគ្គរាជទូតកម្ពុជា ឲ្យមកភ្នំពេញ រីឯកងទ័ពថៃ បានប្រកាសបិទព្រំដែននៅបន្ទាត់ក្រហមដែលកម្ពុជា បានកំណត់។
កងទ័ពថៃ បានរាយរបងលួសបិទប្រាសាទតាមាន់ធំជាឯកតោភាគី ខណៈដែលតំបន់នោះ គឺជាតំបន់មានជម្លោះដែលថៃ គ្មានសិទ្ធិធ្វើបែបនេះ ហើយបានបើកការវាយប្រហារមកលើទីតាំងកងទ័ពកម្ពុជា រហូតដល់កងទ័ពកម្ពុជា បើកការវាយប្រហារការពារខ្លួនវិញ៕
ដោយៈ សរ សុជាតិ