កម្ពុជា និងហូឡង់

កម្ពុជា និងហូឡង់ សហការគ្នាផ្សព្វផ្សាយចំណេះដឹងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម


វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ នៃក្រសួងការបរទេសហូឡង់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អះអាងថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានសារៈសំខាន់ណាស់សម្រាប់វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងនីតិវិធីពាក់ព័ន្ធ សម្រាប់ជំរុញពាណិជ្ជកម្មកម្ពុជា។
កម្ពុជា និងហូឡង់ សហការគ្នាផ្សព្វផ្សាយចំណេះដឹងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម

ថ្លែងក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) នៃប្រទេសហូឡង់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះមានសារៈសំខាន់ណាស់សម្រាប់វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងនីតិវិធីពាក់ព័ន្ធ សម្រាប់ជំរុញពាណិជ្ជកម្មរបស់កម្ពុជា។ លោកជំទាវបានសង្កត់ធ្ងន់ថា បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកន្លងទៅថ្មីនេះៗ វិទ្យាស្ថានមានតួនាទីកាន់តែច្រើនក្នុងការជំរុញការបណ្តុះបណ្តាល និងការផ្សព្វផ្សាយនានាទាក់ទងនឹងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជូនដល់សាធារណជន និស្សិត និងវិស័យឯកជន ឱ្យបានទាន់សភាពការណ៍និងមានប្រសិទ្ធភាព។

លោកជំទាវ ចម និម្មល មានប្រសាសន៍បន្ថែមថា ក្រោយការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងមានសកម្មភាពជាច្រើនដើម្បីអនុវត្តជាប្រចាំ រួមមាន សិក្ខាសាលា ការស្រាវជ្រាវ និងការបណ្តុះបណ្តាលអាជីវកម្ម សម្រាប់សហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញការនាំចេញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប ជាពិសេសប្រទេសហូឡង់។

សូមបញ្ជាក់ថា មជ្ឈមណ្ឌល CBI ជាស្ថាប័នមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មក្រៅប្រទេស និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ នៃក្រសួងការបរទេសហូឡង់។ មជ្ឍមណ្ឌលនេះក៏មានប្រតិបត្តិការនៅប្រទេសឡាវ ឥណ្ឌូនេស៊ី និងបង់ក្លាដែស និងមានតួនាទីស្នូលក្នុងការគាំទ្រជាបច្ចេកទេស និងហិរញ្ញវត្ថុដល់ដំណើរបរិវត្តកម្មសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៅប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការបង្កើនជំនាញ និងសក្តានុពលនៃសហគ្រាសធុនតូច និងមធ្យម ក្នុងប្រទេសទាំងនោះ សម្រាប់ផលិតដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។

គួរបញ្ជាក់ដែរថា យោងតាមទិន្នន័យផ្លូវការ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២នេះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងហូឡង់ មានទំហំទឹកប្រាក់ប្រមាណជិត ៥រយលានដុល្លារអាម៉េរិក ដែលកើនឡើងប្រមាណ ២០% លើទំហំទឹកប្រាក់ ៤១៥លានដុល្លារ ក្នុងឆ្នាំ២០២១៕




អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ានមិនរង់ចាំតែជំនួពីសហភាពអឺរ៉ុបនោះទេ ប៉ុន្ដែត្រូវជាការបំពេញឲ្យគ្នាផ្នែកសេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមប្រធាអាស៊ានបានប្រកាសនូវគោលជំហរយ៉ាងមុតមាំថា អាស៊ានមិនមែន…

ប្រធាន WHO សង្ឃឹមថាឆ្នាំក្រោយ កូវីដ១៩នឹងលែងជាជំងឺរាតត្បាតដែលត្រូវប្រកាសអាសន្នតទៅទៀតហើយ

ប្រធានអង្គការសុខភាពពិភពលោកលោក ថេដ្រូស អាដាណុម ហ្គេប្រេហ្សូស (Tedros Adhanom Ghebreyesus) បាននិយាយកាលពីថ្ងៃពុធ ទី១៤ ខែធ្នូ ថា ជំងឺរាត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ