កម្ពុជានាំចេញអង្ករទៅហ្វីលីពីនដែលជាទីផ្សារថ្មីសម្រេចបានជាង២ពាន់តោន

កម្ពុជាបើកច្រកនាំចេញអង្ករថ្មីទៅកាន់ប្រទេសហ្វីលីពីន ខណៈនាំចេញលើកដំបូងសម្រេចបានជាង២ពាន់តោន


ហ្វីលីពីន គឺជាប្រទេសដែលមានការនាំចូលអង្ករច្រើនជាងគេលំដាប់ថ្នាក់លេខ៤ ក្នុងពិភពលោក និងលំដាប់លេខ២នៅក្នុងតំបន់អាស៊ី ក៏ប៉ុន្តែការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីនកន្លងមក ហាក់បីដូចជាមានបរិមាណតិចតួចស្តួចស្តើងបំផុត។ ជាក់ស្ដែង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ កម្ពុជាធ្លាប់បាននាំចេញអង្ករបានត្រឹមតែប្រមាណ៤០០តោន ប៉ុណ្ណោះ ទៅកាន់ប្រទេសហ្វីលីពីន។
កម្ពុជាបើកច្រកនាំចេញអង្ករថ្មីទៅកាន់ប្រទេសហ្វីលីពីន ខណៈនាំចេញលើកដំបូងសម្រេចបានជាង២ពាន់តោន

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចាត់ទុកថា ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន ក្នុងបរិមាណជាង ២ពាន់៥រយតោនជាលើកដំបូងនេះ គឺជាជោគជ័យដ៏ធំមួយរបស់កម្ពុជាសម្រាប់វិស័យនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម បានបង្ហាញជំនឿចិត្ត យ៉ាងមុតមាំថា តាមរយៈការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន វានឹងជួយធ្វើឲ្យវិស័យស្រូវ-អង្ករនៅកម្ពុជាកាន់តែរឹងមាំ និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិថែមមួយកម្រិតទៀត។

ថ្លែងក្នុងពិធីសម្ពោធការបើកទីផ្សារអង្ករកម្ពុជាទៅប្រទេសហ្វីលីពីន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវភាពជោគជ័យថ្មីសម្រាប់វិស័យស្រូវ-អង្ករកម្ពុជា។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកត់សម្គាល់ឃើញថា ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានការនាំចូលអង្ករច្រើនជាងគេលំដាប់ថ្នាក់លេខ៤ ក្នុងពិភពលោក និងលំដាប់លេខ២ នៅក្នុងតំបន់អាស៊ី ក៏ប៉ុន្តែកន្លងមក ការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសនេះ ហាក់មានបរិមាណតិចតួចបំផុត។ ដូច្នេះ ទើបក្រសួងពាណិជ្ជកម្ម រួមជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសនេះ ក៏ដូចជាឲ្យពិភពលោកកាន់តែស្គាល់នូវរសជាតិ និងគុណភាពអង្កររបស់កម្ពុជា។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ឆ្លងកាត់ការខិតខំប្រឹងប្រែងនេះ ក៏បានជំរុញឲ្យក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ខិតខំបន្ថែមទៀត ស្របពេលដែលគោលនយោបាយផ្នែកនាំចូលអង្កររបស់ប្រទេសហ្វីលីពីន បានកែទម្រង់ឲ្យឈានដល់ការចាប់ផ្ដើមនាំចេញអង្ករពីកម្ពុជានាពេលនេះ ហើយឯកឧត្តមជឿជាក់ថា ការនាំចេញអង្កររបស់កម្ពុជាបន្តកើនឡើងជាបន្តបន្ទាប់ដែលអាចឈានជើងក្នុងទីផ្សារប្រទេសហ្វីលីពីន បានកាន់តែរឹងមាំ និងយូរអង្វែង។

សម្រាប់ការងារវិស័យនាំចេញអង្ករ ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងខិតខំយ៉ាងសកម្មនូវការចរចាបើកច្រកទីផ្សារស្រូវ-អង្ករ និងផលិតផលកែច្នៃ ដែលមានវត្ថុធាតុដើមធ្វើពីអង្ករ តាមរយៈការបញ្ចូលទំនិញទាំងនេះ ទៅក្នុងបញ្ជីទំនិញ របស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រង់ជ្រោយតំបន់ ព្រមទាំងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម ជាដើម។ ដោយឡែក កម្ពុជាក៏មានការជជែក និងបង្កើតឱ្យមានកិច្ចរៀបចំពិសេសទ្វេភាគី ជាមួយប្រទេសនានា ជាពិសេសប្រទេសចិន ដែលសម្រេចបាននូវការរីកចម្រើនលើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ហើយបច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងចរចារៀបចំនីតិវិធីក្នុងការចុះអនុស្សរណៈយោគយល់ លើកទី៧ ក្នុងបរិមាណ ៥០ម៉ឺនតោន សម្រាប់ឆ្នាំ២០២៣-២០២៤ ដែលគ្រោងចុះហត្ថលេខានាពេលខាងមុខនេះ។ នេះជាការបញ្ជាក់បន្ថែមពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ជាមួយគ្នានេះ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបង្ហាញការជឿជាក់ទៀតថា កិច្ចព្រមព្រៀងក្នុងការនាំចេញអង្ករកម្ពុជាជាង២ពាន់៥រយតោនដំបូងទៅកាន់ហ្វីលីពីន នេះគឺជានិមិត្តរូបដ៏ល្អមួយនៃកិច្ចចាប់ផ្ដើមពាណិជ្ជកម្មអង្ករកម្ពុជា-ហ្វីលីពីន ដែលនឹងធ្វើឲ្យភាគីទាំងពីរកាន់តែប្រឹងប្រែងឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើកិច្ចផ្សព្វផ្សាយការជំរុញទីផ្សារ និងការទាក់ទាញអតិថិជនហ្វីលីពីនកាន់តែច្រើន។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជក់ថា សហព័ន្ធស្រូវអង្ករកម្ពុជា មានគោលដៅជំរុញទីផ្សារ ដោយធ្វើយ៉ាងណាឲ្យការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ឲ្យបានយ៉ាងតិច ១% នៃការនាំចូលអង្ករសរុបរបស់ប្រទេសហ្វីលីពីន ក្នុងពេលដ៏ខ្លីខាងមុខ។

សូមបញ្ជាក់ថា នៅរយៈពេល ៥ខែដើមឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញអង្ករជិត ២៨ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយមានតម្លៃជាទឹកប្រាក់សរុបជិត ១៩២លានដុល្លារអាមេរិក ។ រីឯ ការនាំចេញស្រូវ វិញមានក្នុងបរិមាណដល់ទៅជាង ២លានតោន ឬស្មើនឹងប្រមាណជិត ១លាន៤សែនតោន អង្ករដែលមានតម្លៃជាទឹកប្រាក់មានដល់ទៅជាង ៥៤៥លានដុល្លារ ពោលគឺមានច្រើនជាងទឹកប្រាក់នាំចេញអង្ករដល់ទៅជិត ៣ដង ឯណោះ។

ប្រទេសចិន នៅតែជាទីផ្សារចម្បងសម្រាប់ការនាំចេញអង្កររបស់កម្ពុជា ដែលបានគ្របដណ្តប់រហូត ជាង ៤២% នៃទំហំទឹកប្រាក់សរុបដែលបាននាំចេញ ជាមួយនឹងទឹកប្រាក់នាំចេញអង្ករប្រមាណជាង ៧៧លានដុល្លារ ខណៈផ្សារអឺរ៉ុបវិញគ្របដណ្ដប់ប្រមាណជិត ៣៨% នៃការនាំចេញអង្ករសរុបដោយមានទំហំទឹកប្រាក់ប្រមាណ ៧២លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវ-អង្ករកម្ពុជា៕




អត្ថបទបន្ទាប់


ធនាគារជាតិបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីពិនិត្យលើ…

ក្រសួងទេសចរណ៍ស្នើឱ្យរដ្ឋាភិបាលរក្សាទុកអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ធ្វើជាសាលសន្និសីទ និងកន្លែងពិព័រណ៍អន្តរជាតិ

ព័ត៌មាន
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបង្ហាញការគាំទ្រចំពោះសំណើររបស់សមាជិកសមាជិការនៃអង្គសន្និបាត ដែលគ្រោងស្នើសុំសម្តេចតេជោ ហ៊ុន សែន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ