នាជំនួបទ្វេភាគីជាមួយឯកឧត្តម Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី៤ សីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាហាក់បង្ហាញពីក្តីកង្វល់ចំពោះការដាក់ទណ្ឌកម្មរុស្ស៊ីពីសំណាក់ប្រទេសលោកខាងលិច លើសំណុំរឿងរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន។ ជាមួយគ្នានេះ សម្តេចតេជោ ស្នើឲ្យអាមេរិកមានការពិនិត្យឡើងវិញចំពោះការដាក់ទណ្ឌកម្មលើរុស្ស៊ី ព្រោះការប្រើវិធីសាស្ត្រដាក់ទណ្ឌកម្ម មិនត្រឹមតែប៉ះពាល់លើតែសេដ្ឋកិច្ចរុស្ស៊ីប៉ុណ្ណោះទេ តែវាបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាផងដែរ។
ទោះយ៉ាងណា មិនទាន់មានការបញ្ជាក់ណាមួយពីការឆ្លើយតបរបស់ឯកឧត្តម Antony Blinken ជុំវិញការស្នើឲ្យមានការពិនិត្យឡើងវិញចំពោះបញ្ហាទណ្ឌកម្មលើរុស្ស៊ីពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានោះទេ។ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ គ្រាន់តែបញ្ជាក់ថា ទិសដៅរបស់អាមេរិក គឺមានទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជា ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់លើទីផ្សារនាំចេញ និងជំនួយអភិវឌ្ឍន៍ជាដើម។ តែយ៉ាងណាមន្ត្រីជាន់ខ្ពស់រូបនេះ អរគុណកម្ពុជាដែលបានបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិលើបញ្ហារុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន។
នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើបញ្ហានៅមីយ៉ាន់ម៉ាដែលកាលពីពេលថ្មីៗរបស់យោធាទើបកាត់ទោសប្រហារជីវិតលើសកម្មជនប្រជាធិបតេយ្យចំនួន៤នាក់ផងដែរ។ នៅចំពោះរដ្ឋមន្ត្រីការបរទេសអាមេរិក សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជា មានការសោកស្ដាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការអនុវត្តទោសប្រហារជីវិតសកម្មជន៤រូបថ្មីៗនេះនៅប្រទេសមីយ៉ាន់ម៉ា។ កម្ពុជា ក៏បានធ្វើប្រតិកម្មតាមរយៈការចេញសេចកីថ្លែងការណ៍ប្រធានអាស៊ាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ ទោះជាយ៉ាងនេះក៏ដោយ កម្ពុជា នៅតែប្ដេជ្ញាចិត្តខិតខំជួយឲ្យប្រទេសមីយ៉ាន់ម៉ា វិលទៅរកភាពប្រក្រតី និងដំណើរការតាមមាគ៌ាប្រជាធិបតេយ្យឡើងវិញ។
ដោយឡែក នៅក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីកាលពីថ្ងៃទី៤ ខែសីហា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រ និងអរគុណរុស្ស៊ីចំពោះការរាយការណ៍ពីស្ថានភាព និងជំហររបស់រុស្ស៊ីជុំវិញវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ ប៉ុន្តែសម្តេចមិនបានបញ្ជាក់លម្អិតនោះឡើយថារុស្ស៊ីបានបង្ហាញជំហរបែបណាចំពោះជម្លោះរវាងរុស្ស៊ីជាមួយអ៊ុយក្រែន និងស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនបច្ចុប្បន្នស្ថិតស្ថានភាពបែបណានោះទេ។
ជាមួយគ្នានេះសម្ដេចតេជោ ក៏បានឯកភាពជាមួយ ឯកឧត្តម Lavrov ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសជំរុញកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី។ សម្រាប់សម្តេចតេជោ ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ជាទំនាក់ទំនងប្រវត្តិសាស្រ្ត ដែលកម្ពុជាតែងតែផ្ដល់សារៈសំខាន់ខ្លាំងក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យនានា៕