លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia សង្កេតឃើញថា ទោះបីជាតម្លៃប្រេងឥន្ធនៈមានការហក់ឡើងខ្ពស់ តែការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ហាក់មានកំណើនយឺត។ កត្តានេះធ្វើឱ្យ លោក ហ៊ានវាយតម្លៃថា ការប្រើប្រាស់រថយន្តអគ្គិសនីទំនងជាមិនអាចវ៉ាដាច់រថយន្តដើរដោយប្រេងឥន្ធនៈនៅថ្ងៃអនាគតដ៏ខ្លីបានឡើយ ដោយសារហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើឱ្យរថយន្តអគ្គិសនីនៅមានកម្រិតតិចនៅឡើយ។ បើតាមអ្នកជំនាញរូបនេះ រថយន្តចាក់ប្រេងឥន្ធនៈនៅតែជាជម្រើសដ៏ពេញនិយមរបស់អ្នកប្រើប្រាស់ ដោយសារវាងាយស្រួលក្នុងការលក់ចេញជាងរថយន្តអគ្គិសនី។
ដោយឡែក លោក អ៊ឹម សុធារិទ្ធ នាយកប្រតិបត្តិក្រុមហ៊ុន Zo Motors Cambodia កត់សម្គាល់ឃើញថា វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា បានក្លាយជាកាតាលីករជំរុញឱ្យតម្រូវការយានយន្តអគ្គិសនីនៅកម្ពុជា កាន់តែមានប្រជាប្រិយភាព។ លោកជឿជាក់យ៉ាងមុតមាំថា តម្រូវការនេះនឹងបន្តហក់ឡើងបន្ថែមទៀត ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាកំពុងត្រូវបានរៀបចំតភ្ជាប់ឱ្យគ្របដណ្តប់នៅទូទាំងប្រទេស។ លោកបានសង្កត់ធ្ងន់ថា រថយន្តអគ្គិសនីមិនត្រឹមតែជួយសន្សំសំចៃថវិកាប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លាជាមួយរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ និងគោលនយោបាយគាំទ្រពីរដ្ឋាភិបាល។
បើយោងតាមទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែមីនា ឆ្នាំ២០២៦ មានយានយន្តអគ្គសនីចុះបញ្ជីសរុបជាង១៦,២០០គ្រឿងក្នុងនោះរថយន្តមានចំនួនជាង១១,៦០០ គ្រឿង ទោចក្រយានយន្តមានជាង៣,៨០០គ្រឿង និងត្រីចក្រយានយន្តមានចំនួន៧២២គ្រឿង។ រាជរដ្ឋាភិបាលបានដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបាន៧៧ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០៣០ ក្នុងនោះរថយន្តអគ្គិសនីចំនួន៣ម៉ឺនគ្រឿង ទោចក្រយានយន្តអគ្គិសនី៧២ម៉ឺនគ្រឿង និងត្រីចក្រយានយន្តអគ្គិសនីចំនួន២ម៉ឺនគ្រឿង៕
អត្ថបទ៖ បូ ដូឡា