
សារាចរណែនាំនោះបានសរសេរដូច្នេះថា ៖ «រាជរដ្ឋាភិបាលបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក តាមរយៈអ៊ីនធឺណិតអនឡាញទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ។»
សារាចរណែនាំដដែលនោះ បានសរសេរផងដែរថា «ពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះ ទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។»
សារាចរណែនាំបាននិយាយបន្ថែមថា អាជីវកម្ម ដែលមានអាជ្ញាប័ណ្ណហើយ អាចធ្វើសកម្មភាពរហូតផុតសុពលភាព ដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ ហើយបន្ទាប់មក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងមិនបន្តសុពលភាពនៃអាជ្ញាប័ណ្ណនោះទៀតទេ។
យោងតាមរបាយការណ៍ខ្លីមួយរបស់ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី១ ខែកក្កដា, មានកាស៊ីណូចំនួន ៦២ កន្លែង ដែលក្នុងនោះមាន កាស៊ីណូ ៤១កន្លែង ដែលជារបស់ជនជាតិចិន៕