អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់អះអាងប្រាប់ ខេមបូណូមីស ថា កំណើននេះបង្ហាញថា ការនាំចេញកង់នៅតែជំនះបាននូវឧបសគ្គជំងឺកូវីដ-១៩ ដែលកំពុងបន្ដលុកលុយខ្លាំងនៅកម្ពុជា ក៏ដូចជាប្រទេសជាច្រើនផ្សេងទៀតក្នុងពិភពលោក។
ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបន្ថែមថា មានកត្តាសំខាន់ ៣ ដែលជំរុញឲ្យការនាំចេញរបស់កម្ពុជានៅតែបន្តកើនឡើងនៅក្នុងដើមឆ្នាំនេះ រួមមាន ទី១ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអំពាវនាវឱ្យអ្នកបញ្ជាទិញ នៅតែបញ្ជាទិញទំនិញពីកម្ពុជា ទី២. មានការជឿទុកចិត្តពីអ្នកបញ្ជាទិញ និង ទី៣ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញកង់ច្រើនជាងគេ ដោយមានទីផ្សារទូលំទូលាយ។ រោងចក្រផលិតកង់នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង មានចំនួន ០៦ រោងចក្រហើយ ហើយប្រទេសនាំចូលកង់ច្រើនពីកម្ពុជា រួមមាន អាមេរិក, អង់គ្លេស, អឺរ៉ុប, កាណាដា បន្ទាប់មកមាន ប្រទេសអាស៊ាន, ជប៉ុន, ចិន និង កូរ៉េខាងត្បូង។
បើទោះបីជាកម្ពុជា មានការនាំចេញកង់ច្រើនជាងគេ នៅអាស៊ានក៏ពិតមែន ប៉ុន្ដែកម្ពុជា ក៏បាននាំចូលកង់ម៉ាកល្បីៗជាច្រើនមកពីប្រទេសផ្សេងៗទៀតដែរ តួយ៉ាងនៅឆ្នាំ០២០ មានការនាំចូលកង់ក្នុងទំហំទឹកប្រាក់ជាង៨លានដុល្លារ ដោយភាគច្រើននាំចូលពីប្រទេស ជប៉ុន ចិន តៃវ៉ាន់ វៀតណាម ថៃ អាមេរិក អូស្រ្តាលី និង បារាំងជាដើម។
សូមជម្រាបថា កាលពីឆ្នាំ២០២០ កម្ពុជា បាននាំចេញកង់ក្នុងទំហំទឹកប្រាក់ជាង ៥០០លានដុល្លារ កើនឡើង ជិត៣០% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដោយបាននាំចេញទៅទីផ្សារគោលដៅជាច្រើន រួមមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ប៊ែលហ្សិក និង បណ្តាលប្រទេសនៅប៉ែកអឺរ៉ុបមួយចំនួនទៀត៕