លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់ដីមិនស្របតាមលក្ខខណ្ឌគុណភាពដីក្នុងការដាំដុះដំណាំគ្រាប់ស្វាយចន្ទី។ បន្ទាប់ពីលោកសង្កេតឃើញថា ផ្ទៃដីដាំដុះដំណាំគ្រាប់ស្វាយចន្ទីនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងខ្លាំង ហើយកសិករមួយចំនួនហាក់មិនបានគិតពីប្រភេទដី ដែលស័ក្តិសមនឹងដំណាំមួយនេះ។
អ្នកជំនាញរូបនេះ បានចែករំលែកចំណេះដឹងពាក់ព័ន្ធការដាំដំណាំគ្រាប់ស្វាយចន្ទីនេះថា កសិករមិនគួរដាំដំណាំស្វាយចន្ទីលើដីដែលមានជីវជាតិល្អនោះទេ ពួកគេគួរដាំដំណាំផ្សេងដែលមានតម្លៃខ្ពស់ និងមានទីផ្សារល្អជាងនេះ ដើម្បីជាការប្រើប្រាស់ឲ្យអស់លទ្ធភាព។ លោក គូសបញ្ជាក់ថា ក្នុងន័យនេះមិនមែនមានន័យថា គ្រាប់ស្វាយចន្ទីនៅកម្ពុជាគ្មានទីផ្សារនោះទេ។
ក៏ប៉ុន្ដែ លោក អួន ស៊ីឡុត អះអាងបែបនេះ ក៏ដោយសារតែដំណាំស្វាយចន្ទីនេះ ជាដំណាំមិនសូវរើសដីក្នុងការដាំដុះទេ ហើយវាក៏ធន់នឹងអាកាសធាតុផងដែរ។ យ៉ាងណាមិញ ពលរដ្ឋអាចដាំដំណាំស្វាយចន្ទីនៅលើដីខ្សាច់ ដីមិនសូវមានជីវជាតិ និងនៅឆ្ងាយពីប្រភពទឹកក៏បានដែរ។
ពាក់ព័ន្ធបញ្ហានេះ លោក វ៉ា រុតសាន ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាម្ចាស់ចម្ការស្វាយចន្ទីបានលើកឡើងដូចគ្នាថា ពលរដ្ឋមិនចាំបាច់ដាំដំណាំស្វាយចន្ទីលើដីមានជីវជាតិ និងមានប្រភពទឹកគ្រប់គ្រាន់ពេកនោះទេ។ ព្រោះ លោកយល់ថា របរដំាស្វាយចន្ទីផ្តល់ប្រាក់ចំណេញតិចតួចប៉ុណ្ណោះ ដូច្នេះពលរដ្ឋគួរយកប្រើប្រាស់មានជីវជាតិល្អទាំងនោះទៅដាំដំណាំ ដែលអាចផ្តល់ទិន្នផលខ្ពស់ និងមានតម្លៃខ្ពស់ជាងនេះ ទើបជាការប្រសើរ។
ទោះជាបែបនេះក្ដី ការដាំដុះស្វាយចន្ទី នៅតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លោក វ៉ា រុតសាន សង្កេតឃើញថា មូលដែលជំរុញឲ្យពលរដ្ឋ ជ្រើសរើសដាំដំណាំស្វាយចន្ទីជាងផ្លែឈើហូបផ្លែផ្សេងៗទៀត ដោយសារស្វាយចន្ទីឆាប់ទទួលបានផល និងមានទីផ្សារល្អ។ កង្វះដើមទុនក្នុងការរៀបចំដី ប្រព័ន្ធស្រោចស្រពដំណាំ និងកង្វះបច្ចេកទេសក្នុងការដាំដុះដំណាផ្សេងៗ ក៏ជាកត្តារួមចំណែកធ្វើឲ្យពលរដ្ឋងាកមកដាំស្វាយចន្ទីផងដែរ ដ្បិតវាងាយស្រួលដាំ និងផ្តល់ទិន្នផលបានយូរគួរសម។
លោក អួន ស៊ីឡុត
ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថាតាមតួលេខក្រៅផ្លូវការដែលសមាគមធ្លាប់បានសិក្សាបានបង្ហាញថា
បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីប្រមាណ៥០ម៉ឺនហិកតា។
ដោយឡែក បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម នៅ៥ខែដំបូងឆ្នាំ២០២១ កម្ពុជាសម្រេចបានការនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៨០ម៉ឺនតោន កើនឡើងជាង ៣២០% ក្នុងនោះ ការនាំចេញទៅវៀតណាមមានច្រើនជាងគេបំផុតដល់ទៅ ៧៩ម៉ឺនតោន បន្ទាប់មកគឺទីផ្សារថៃ ចិន និងជប៉ុនជាដើម៕