ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលបញ្ចប់ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ឯកឧត្តម សុខ សុភ័ក្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបញ្ជាក់ថា មុខទំនិញរបស់កម្ពុជាដែលអាចនាំចេញទៅចិនបាននៅក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះត្រូវបានចុះហត្ថលេខាជាផ្លូវការ និងចូលជាធរមាននោះ គឺជាប្រភេទមុខទំនិញក្នុងវិស័យកសិកម្ម និងប្រភេទមុខទំនិញនៅក្នុងឧស្សាហកម្មកែច្នៃ។
ឯកឧត្តមអះអាងបន្តទៀតថា អ្វីដែលប្រជាពលរដ្ឋខ្មែរយើងត្រូវត្រៀមនោះ គឺបង្កើនការដាំដុះដំណាំគ្រប់ប្រភេទដូចជាស្រូវ ម្រេច ពោត ដំឡូង ចេក ស្វាយ និង ការចិញ្ចឹមសត្វផ្សេងៗ ដែលធ្វើយ៉ាងណាឲ្យកសិផល ក៏ដូចជា ផលិតផលកែច្នៃទាំងនោះ អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាំចេញតែប៉ុណ្ណោះ។
ឯកឧត្តមបន្តថា ក្នុងពេលជាមួយនេះកម្ពុជាកំពុងចរចាបន្តទៀតលើមុខទំនិញសំខាន់ៗដែលជាប់ពន្ធខ្លះៗមួយចំនួនដូចជាអង្ករ កៅស៊ូ ថ្នាំជក់ ម្សៅធ្វើពីពោតសំឡី និងស្ករសជាដើម ព្រោះមុខទំនិញប្រភេទនេះភាគច្រើនកន្លងមកត្រូវបាននាំចេញលើសកូតា ដែលបានកំណត់ ព្រោះបើទំនិញណាដែលនាំចេញលើសកូតា គឺស្ថិតនៅក្នុងប្រភេទមុខទំនិញនឹងត្រូវជាប់ពន្ធខ្លះ។
ឯកឧត្តមបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងគោលដៅសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ចិន កម្ពុជាសម្រេចសម្រុតពន្ធនាំចូលមុខទំនិញពីកម្ពុជាទៅចិនបានច្រើនភាគរយជាងចិននាំចូលមកកម្ពុជា ពោលគឺកម្ពុជាបានសម្រុតពន្ធរហូត ៩០ភាគរយទៅលើមុខទំនិញរបស់កម្ពុជាប្រមាណជា ១ម៉ឺនមុខ ខណៈមុខទំនិញរបស់ចិនបានសម្រុតពន្ធត្រឹម៩៨ភាគរយ។
យ៉ាងណាបើតាមឯកឧត្តម សុខ សុភ័ក្រ ដំណើរការនៃការចុះហត្ថខាមិនទាន់កំណត់ពេលណាជាក់លាក់នៅឡើយទេ ប៉ុន្តែយ៉ាងណា ភាគីទាំងពីរបានត្រៀមខ្លួនរួចរាល់ហើយរង់ចាំតែពេលវេលាសមស្របប៉ុណ្ណោះ។
សូមជម្រាបថា កាលពីឆ្នាំ២០១៩ កន្លងទៅកម្ពុជាបានធ្វើការនាំចេញទៅចិនជាមួយនឹងតម្លៃទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ ខណៈការនាំចូលពីចិនមានរហូតជិត ៧ពាន់លានដុល្លារ ក្នុងនោះទំនិញដែលនាំចូលពីចិនភាគច្រើនជាមុខទំនិញគ្រឿងចក្រដែក រួមទាំងវត្ថុធាតុដើមមួយចំនួន ដែលបម្រើដល់ឧស្សាហកម្មផលិតក្នុងស្រុកតែប៉ុណ្ណោះ។ ប៉ុន្តែបើគិតពីចរន្តនៃការនាំចេញរបស់កម្ពុជាមានសន្ទុះកើនឡើងជាង ២៥ភាគរយ ខណៈចិនមានចរន្តត្រឹម ២៣ភាគរយ៕