

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Worldbridge Group និង ក្រុមហ៊ុនZhejiang Yiwu Small Commodity City Group ដែលកិច្ចសហប្រតិបត្តិការនេះវានឹងជួយកម្ពុជាក្នុងការលើកកម្ពស់បន្ថែមទៀតនូវយុទ្ធសាស្ត្រសម្រាប់ «ម៉ាកយីហោពាណិជ្ជកម្មសកល» (Global Branding) នៅក្រៅប្រទេស និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា និងបណ្តាប្រទេសអាស៊ានដទៃទៀត។

លោក Zhao Wenge ប្រធានក្រុមហ៊ុន Zhejiang Yiwu Small Commodity City Group បានគូសបញ្ជាក់ថា លោកមានទំនុកចិត្តយ៉ាងប្រាកដថាកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក សម្រាប់ភាគីទាំងពីរ ហើយភាគីទាំងពីរក៏អាចនឹងបង្កើតស្ថានភាព «ឈ្នះ ឈ្នះ» រួមគ្នាសម្រាប់កម្ពុជា ចិន និងទូទាំងពិភពលោកផងដែរ។ លោក Zhao Wenge បញ្ជាក់បន្ថែមថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Worldbridge Group និង Zhejiang Yiwu Small Commodity City Group ហើយកិច្ចព្រមព្រៀងនេះជាសញ្ញានៃទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងកម្ពុជានិងចិន ហើយវានឹងជួយជំរុញដល់ការអភិវឌ្ឍន៍ នៃប្រទេសទាំងពីរផងដែរ។
តាមរយៈ កិច្ចព្រមព្រៀងនេះ នឹងជួយពង្រឹងបន្ថែមនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យធុរកិច្ច និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន៕