ពាណិជ្ជកម្ម​ កម្ពុជា-ចិន

កម្ពុជានាំចេញទៅចិនកើនជាង៥០% នៅ៩ខែឆ្នាំនេះ


វិបត្តិកូវីដ-១៩ មិនបានបង្កការរំខានដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិននោះទេ។ ជាក់ស្តែង ការនាំចេញទំនិញទៅចិននៅ៩ខែក្នុងឆ្នាំ២០២១ នៅតែរក្សាកំណើនជាង៥០% ខណៈការនាំចូលពីចិនមកវិញកើនឡើងជាង៣០%។ ទោះបែបនេះក្តី បើយើងក្រឡេកទៅមើលជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែផ្អៀងខ្លាំងទៅរកភាគីចិនដដែល។ នេះបើតាមតួលេខពីក្រសួងពាណិជ្ជកម្មកម្ពុជា។
ទំនាក់​ទំនង​កម្ពុជា​ចិន ត្រូវ​បាន​គេ​មើលឃើញថា កាន់តែ​ជិត​ស្និទ្ធ​ខ្លាំង​ឡើងៗ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។
ដោយ

អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចយល់ឃើញថា កំណើនតួលេខនាំចេញរបស់កម្ពុជាទៅចិន គឺដោយសារកម្ពុជាមានទំនាក់ទំនងល្អជាមួយចិន គួបផ្សំការទទួលបានការអនុគ្រោះពន្ធលើការនាំចេញទំនិញពីកម្ពុជាទៅចិនជាដើម។ សម្រាប់អ្នកជំនាញ ការនាំចូលទំនិញយ៉ាងច្រើនពីចិន មកកាន់ប្រទេសកម្ពុជា វាមិនមែនជាសញ្ញាអាក្រក់ក្នុងការធ្វើពាណិជ្ជកម្មនោះទេ តែវាបង្ហាញពីតម្រូវការ និងលទ្ធភាពរបស់ប្រទេសនាំចូល។ 

កម្ពុជាសម្រេចបានការនាំចេញទំនិញទៅចិនជាង ១ពាន់លានដុល្លារ នៅ៩ខែក្នុងឆ្នាំ២០២១ មានការកើនឡើងជាង៥២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលមានត្រឹមតែជាង៧រយលានដុល្លារតែប៉ុណ្ណោះ។ នៅក្នុងរយៈពេលដូចគ្នានេះ កម្ពុជាបានចូលទំនិញពីចិនមានទំហំជាង៦ពាន់៨រយលានដុល្លារកើនឡើងជាង៣៦%បើធៀបនឹងរយៈពេលដូចគ្នា ដែលធ្វើឲ្យតួលេខនាំចេញមានទំហំតួចជាងតួលេខនាំចូលរហូតដល់ ៦ដងឯណោះ។ គិតជារួមទំហំពាណិជ្ជកម្មកម្ពុជា-ចិននៅ៩ខែឆ្នាំនេះ មានជិត៨ពាន់រយលានដុល្លារ កើនឡើងជាង៣៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមតួលេខពីក្រសួងពាណិជ្ជកម្មកម្ពុជា។

ជុំវិញកំណើនតួលេខនាំចេញរបស់កម្ពុជានេះដែរ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាយល់ឃើញថា កត្តាដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិនមានការកើនឡើងគឺដោយសារកម្ពុជា-ចិនមានកិច្ចសហប្រតិបត្តិការល្អរវាងគ្នា និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាដើម។ កត្តានេះ បានជួយឲ្យការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារចិនភាគច្រើនរួចរបាំងពន្ធគយ ដែលជំរុញឲ្យមានកំណើននៃការនាំចេញ។ 

លើសពីនេះ ផលិតផលដែលជួយជំរុញកំណើននាំចេញរបស់កម្ពុជាភាគច្រើនជាផលិតផលកសិកម្ម សម្លៀកបំពាក់ និងកង់ជាដើម។ ចំណែកកម្ពុជានាំចូលពីចិនភាគច្រើនជាវត្ថុធាតុដើម គ្រឿងអេឡិចត្រូនិក និងសម្ភារបម្រើឲ្យការអភិវឌ្ឍលើវិស័យសំណង់ ដែលកត្តានេះជំរុញការនាំចូលមានទំហំធំជាងការចេញពីកម្ពុជាទៅចិន។ សម្រាប់ឧកញ៉ា លឹម ហេង ទំហំតួលេខនាំចូលធំជាងការនាំចេញវាមិនមែនជាសញ្ញាអាក្រក់នោះទេ តែវាបានបង្ហាញពីការកើនឡើងនូវតម្រូវការវត្ថុធាតុសម្រាប់អភិវឌ្ឍន៍ប្រទេស និងលទ្ធភាពរបស់កម្ពុជា។

ជាមួយគ្នានេះបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញស្រដៀងគ្នាថា កត្តាដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាមានការកើនឡើង គឺដោយសារកត្តាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ គួបផ្សំកម្ពុជាទទួលបានការលើកលែងរបាំងពន្ធក្នុងការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារចិន។ នៅដើមឆ្នាំ២០២២ ខាងមុខនេះ ភាគីទាំងពីរនឹងដាក់ចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលរំពឹងថា នឹងជួយជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។

បើតាមឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មធ្លាប់បានបញ្ចាក់កាលពីពេលកន្លងមកថា ទំនិញដែលកម្ពុជានាំចេញទៅចិនរួមមានសម្លៀកបំពាក់ អង្ករ ស្វាយ ចេក ស្បែកជើង កាបូប ដំឡូងមី ម៉្សៅដំឡូងមី កៅស៊ូ និងកង់ជាដើម។ ខណៈទំនិញដែលកម្ពុជានាំចូលពីចិនរួមមានក្រណាត់ សម្ភារសំណង់ វាយនភណ្ឌ គ្រឿងអេឡិចត្រូនិច ថ្នាំពេទ្យ ដែក ប្រេងម៉ាស៊ូត ថ្នាំសម្លាប់សត្វល្អិត គ្រឿងចក្រ គ្រឿងឧបភោគបរិភោគ រថយន្ត ជីកសិកម្ម ម៉ាស៊ីនភ្លើង ម៉ាស៊ីនត្រជាក់ និងទូរស័ព្ទ។

គួររំលឹកថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន កាលពីឆ្នាំ២០២០ មានទំហំជាង៨ពាន់លានដុល្លារអាមេរិក ខណៈភាគីទាំងពីរប្តេជ្ញាថា នឹងជំរុញទំហំពាណិជ្ជកម្មឲ្យឈានដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ខាងមុខនេះ៕

None



អត្ថបទបន្ទាប់


វិធានការជុំទី១០ របស់រដ្ឋាភិបាល នៅតែបន្ដជួយវិស័យកាត់ដេរ និងវិស័យ ទេសចរណ៍ ដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការជុំទី១០របស់ខ្លួន ដោយក្នុងនោះ រាជដ្ឋាភិបាលនៅតែបន្តជួយដល់អាជីវកម្ម និង បុគ្គលិកនិយោជិតក្…

១០ខែឆ្នាំនេះ កម្ពុជានាំចេញកសិផល ៦លានតោន ជាមួយចំណូលប្រមាណ ៤ពាន់លានដុល្លារ

ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១នេះ កម្ពុជា បាននាំចេញកសិផលប្រមាញ ៦លានតោន ទៅកាន់ទីផ្សារគោលដៅចំនួន ៦៨ប្រទេស និងទទួលបានចំណូលប្រមាណ ៤ពាន់លានដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ