កត្តាខ្វះខាតការផលិតក្នុងស្រុកនេះ បានជំរុញឲ្យកម្ពុជាត្រូវនាំចូលអំបិលពីក្រៅប្រទេសដើម្បីត្រៀមផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំនាយកដ្ឋានកិច្ចសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មកទល់ចុងខែតុលានេះ កម្ពុជាបាននាំចូលអំបិលពីឥណ្ឌាបានជាង១ម៉ឺនតោនហើយ ដើម្បីបម្រុងទុកក្រែងមានការខ្វះខាតអំបិលសម្រាប់ប្រើប្រាស់។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា អំបិលនាំចូលទាំងនេះទើបប្រើប្រាស់អស់ប្រមាណ១ពាន់តោនប៉ុណ្ណោះ ខណៈការផលិតអំបិលក្នុងស្រុកនឹងចាប់ផ្តើមឡើងវិញជាបណ្តើរៗហើយ។
លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា មកទល់ពេលនេះ កម្ពុជា បាននាំចូលអំបិលធម្មជាតិពីប្រទេសឥណ្ឌាប្រមាណ១ម៉ឺន៤ពាន់តោន ដើម្បីបម្រុងទុកសម្រាប់ត្រៀមផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក្រែងមានការខ្វះខាតដោយប្រការណាមួយ។ មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា អំបិលនាំចូលជាង១ម៉ឺនតោននេះទើបបញ្ចេញឲ្យប្រើប្រាស់បអស់ប្រមាណ១ពាន់តោនប៉ុណ្ណោះ។
កត្តាដែលជំរុញឲ្យកម្ពុជានាំចូលអំបិលពីក្រៅប្រទេស សម្រាប់បម្រុងទុក ដោយសារឆ្នាំនេះការផលិតអំបិលក្នុងស្រុកមានទិន្នផលធ្លាក់ចុះខ្លាំង ដោយសារអាកាសធាតុមិនអំណោយ។ ម្យ៉ាងអំបិលត្រូវបានរាជរដ្ឋាភិបាលចាត់តុកជាផលិតផលយុទ្ធសាស្ត្រ ដែលទាមទារឲ្យរាជរដ្ឋាភិបាល ពិសេសក្រសួងឧស្សាហកម្មត្រូវយកចិត្តទុកដាក់ខ្ពស់និងគ្រប់គ្រងឲ្យបានល្អ។ បើតាមការគូសបញ្ជាក់របស់លោក ហួន សុរង្សី ឆ្នាំនេះកម្ពុជាផលិតអំបិលប្រមាណ៣ម៉ឺន៥ពាន់តោនធ្លាក់ចុះជាងពាក់កណ្តាលបើធៀបនឹងឆ្នាំមុន ដែលមានរហូតដល់ជិត១០ម៉ឺនតោន។
ពាក់ព័ន្ធការផលិតអំបិលនៅកម្ពុជានេះដែរលោក ប៊ុន យោង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែបបានគូសបញ្ជាក់ថា បញ្ហាអាកាសធាតុបានធ្វើឲ្យការប្រមូលទិន្នផលអំបិលនៅខេត្តកែបឆ្នាំនេះសម្រេចបានតែជាង២ពាន់៨រយតោនប៉ុណ្ណោះមានការធ្លាក់ចុះជាង៧០% បើធៀបនឹងឆ្នាំមុន ដែលមានរហូតជាង១ម៉ឺនតោន។ លោកកត់សម្គាល់ឃើញថា ការប្រមូលទិន្នផលអំបិលនៅក្នុងខេត្តកែបមានទំនោរធ្លាក់ចុះតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ហើយការធ្លាក់ចុះនេះបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់អ្នកផលិតអំបិលយ៉ាងខ្លាំង ដែលបង្ខំឲ្យប្រជាពលរដ្ឋមួយចំនួនត្រូវទុកដីស្រែអំបិលចោល និងខ្លះបានកែប្រែដីស្រែអំបិលទៅធ្វើអ្វីផ្សេង ដែលអាចផ្តល់ផលប្រយោជន៍ច្រើនជាងនេះ។
បើតាមការគូសបញ្ជាក់របស់លោក ប៊ុន យោង ដីស្រែអំបិលមាន៣ប្រភេទ ដោយប្រទេសទី១ជាដីកម្មសិទ្ធិរបស់រដ្ឋ រីឯប្រភេទទីពីរជារបស់រដ្ឋប្រគល់ឲ្យប្រជាពលរដ្ឋធ្វើ និងប្រភេទទី៣ជាដីកម្មសិទ្ធរបស់ឯកជន ដែលដីប្រភេទនេះប្រជាពលរដ្ឋអាចកែប្រែទៅធ្វើអ្វីផ្សេងបាន។ សូមរំលឹកថា កាលពីពេលកន្លងទៅថ្មីៗ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់ចេញបទបញ្ជាមិនឲ្យមានការកែប្រែដីស្រែអំបិលសម្រាប់ការអភិវឌ្ឍន៍ផ្សេងៗ ក្រៅតែពីការផលិតអំបិលនោះទេ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាមានតម្រូវការប្រើប្រាស់អំបិលជាមធ្យម១០ម៉ឺនតោនក្នុង១ឆ្នាំ។ បច្ចុប្បន្ននៅខេត្តកំពតនិងកែបមានផ្ទៃដីផលិតអំបិលប្រមាណ៤.៥០០ហិកតា ដោយ១ហិកតាអាចផលិតអំបិលបានជាង២០តោន ប្រសិនបើអាកាសធាតុអំណោយផល សម្រាប់រយៈពេល១ឆ្នាំ ដោយគិតចាប់ពីខែមករា ដល់ខែឧសភា។ កាលពីឆ្នាំ២០១៨ កន្លងកម្ពុជាបាននាំចូលអំបិលពីចិន១ម៉ឺនតោន និងនៅឆ្នាំ២០១៩ បាននាំចូលអំបិលពីឥណ្ឌា និងចិនក្នុងរង្វង់៣ម៉ឺនតោន៕