ឯឧត្តមបណ្ឌិត វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល ពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ពិសេសក្នុងបរិបទកូវីដ-១៩នេះ។
នៅក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២១ វគ្គផ្ដាច់ព្រ័ត្រនាពលថ្មីៗនេះ ឯកឧត្តមបណ្ឌិត វង្សី វិស្សុត បានលើកឡើងពីអត្ថប្រយោជន៍ជាច្រើន ដែលគ្រប់វិស័យមិនអាចបោះបង់បាននូវសង្គមឌីជីថល។ ឯកឧត្តមបណ្ឌិត បន្តថា បច្ចេកវិទ្យាឌីជីថល ជាផ្នែកមួយជួយបង្កើនប្រសិទ្ធិភាពសេដ្ឋកិច្ច បន្ថែមតម្លៃសេដ្ឋកិច្ច បង្កើនភាពជិតស្និទរវាងអ្នកលក់ និង អ្នកផលិត បង្កើនទំនាក់ក្នុងសង្គម និង បង្កើតជាជន្ទល់សេដ្ឋកិច្ចពិភពលោក។ សង្គមសេដ្ឋកិច្ចឌីជីថល បានដើរតួនាទីសំខាន់ណាស់ ក្នុងសេដ្ឋកិច្ច ធុរកិច្ច មុខរបរ ការងារ ក៏ដូចជា ការប្រាស្រ័យទាក់ទងក្នុងសង្គម និង ការទទួលបានសេវាសាធារណៈផ្សេងៗ។
ជុំវិញរឿងរ៉ាវនេះ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ កាណាឌីយ៉ា ក៏មានការយល់ឃើញថា សង្គមឌីជីថល ពិតជាបានចូលរួមចំណែកសំខាន់ ក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។ អ្នកឧកញ៉ារូបនេះ បានលើកឡើងថា ដ្បិតបច្ចេកវិទ្យាឌីជីថល រួមចំណែកសំខាន់ ក្នុងវិស័យសេដ្ឋកិច្ចក៏ដោយ កម្ពុជា ត្រូវអភិវឌ្ឍន៍វិស័យនេះ ទៅតាមលទ្ធភាព និងជាជំហាន។
ថ្វីបើ សង្គមឌីជីថល បានដើរតួនាទីសំខាន់ តែនៅកម្ពុជាបច្ចុប្បន្ននេះ ចំនួននៃអ្នករៀនជំនាញបច្ចេកទេស ហាក់នៅមានកម្រិតនៅឡើយ ដែលបានក្លាយជាការព្រួយបារម្ភមួយរបស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ។ យ៉ាងណាក៏ដោយ អ្នកឧកញ៉ារូបនេះ លើកទឹកចិត្តឱ្យយុវជន រៀនបច្ចេកទេសឱ្យបានច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមឌីជីថល នៅកម្ពុជា។
សូមបញ្ជាក់ថា បើតាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្លាប់បានអះអាងថា យ៉ាងហោចណាស់កម្ពុជាត្រូវការពេលប្រមាណ ជាង១០ឆ្នាំទៀត ដើម្បីអាចបង្កើតសេដ្ឋកិច្ចឌីជីថលពេញលេញមួយ និងប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចដែលមានកំណើនដឹកមុខ ដោយបច្ចេកវិទ្យាព័ត៌មានមួយបាន៕
អត្ថបទ៖ ខន ណារី