សេដ្ឋកិច្ចកម្ពុជា

កម្ពុជានឹងសាកល្បងខ្ចីបំណុលពីទីផ្សារក្នុងស្រុកនៅឆ្នាំ២០២២ ដើម្បីស្រោចស្រង់ស្តារសេដ្ឋកិច្ចជាតិឡើងវិញ


មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអះអាងថា ស្ថិតនៅក្នុងស្ថានភាពកូរីដ-១៩ ដែលកំពុងរាតត្បាតខ្លាំង ហើយក៏មិនទាន់ដឹងថាវានឹងផុតរលត់ទៅនៅពេលណានោះ រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នបានខិតខំខ្នះខ្នែងខ្លាំងមែនទែន ក្នុងការប្រមែរប្រមូលធនធានរបស់ជាតិដែលមាន និងការកាត់បន្ថយចំណាយមិនចាំបាច់ដើម្បីទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាមិនឲ្យដួលរលំ។ ក្នុងនោះ ក្រៅតែពីធនធានរបស់ជាតិដែលមាន កម្ពុជាក៏នឹងបន្ដខ្ចីបំណុលបន្ថែមទៀត ដោយក្នុងនោះ ប្រសិនជាអាច កម្ពុជានឹងសាកល្បងចាប់ផ្ដើមខ្ចីបំណុលពីទីផ្សារក្នុងស្រុកនៅឆ្នាំ២០២២។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

បើតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ការខ្ចីនេះ គឺខ្ចីមកប្រើឲ្យមានមាយាទ ប្រើឲ្យចំគោលដៅ ប្រើក្នុងភាពជាម្ចាស់ ដូចដែលកម្ពុជាធ្លាប់បានធ្វើនាពេលកន្លងមក ពោលគឺមិនមែនខ្ចីមកប្រើមិនដឹងមុខមាត់ខុសទិសតំបន់នោះទេ។

ឯកឧត្តមបណ្ឌិត វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងនាពេលថ្មីៗនេះថា នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ កម្ពុជា នឹងមានគម្រោងនៅក្នុងការខ្ចីថវិកាបន្ថែមទៀតដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិរហូតដល់ឆ្នាំ២០២៣។ ក្នុងនោះ កម្ពុជាក៏គ្រោងសាកល្បងខ្ចីកម្ចីនៅក្នុងស្រុកផងដែរ ដែលកន្លងមក កម្ពុជាភាគច្រើន តែងតែខ្ចីបំណុលពីក្រៅស្រុកតែប៉ុណ្ណោះ។

ឯកឧត្តមបណ្ឌិត វង្សី វិស្សុត បានសង្កត់ធ្ងន់ថា កម្ចីដែលបានមកទាំងអស់នោះ គឺត្រូវយកមកប្រើប្រាស់ឲ្យចំមុខ ប្រើឲ្យមានមាយាទ ក្នុងភាពជាម្ចាស់ ដើម្បីឲ្យការប្រើប្រាស់កម្ចីមានប្រសិទ្ធភាពសម្រាប់ជំរុញដល់ការទ្រទ្រង់សេដ្ឋកិច្ចជាតិ។ បន្ថែមពីនេះ ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធនៅក្នុងស្ថាប័នក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយការចំណាយ និង បង្កើនប្រសិទ្ធភាពការងារផងដែរ។

គិតត្រឹមត្រីមាសទី១ឆ្នាំ២០២១ កម្ពុជាមានជាប់ជំពាក់បំណុលបរទេសសរុបកើនដល់ជាង៩ពាន់លានដុល្លារអាមរិក ដែលបានកើនឡើន​ពីចំនួនជាង ៨ពាន់៨រយលានដុល្លារអាមេរិកកាលពីចុងឆ្នាំ២០២០។ នេះបើតាមតួលេខពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

សេចក្ដីព្រាងច្បាប់លើការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបង្ហាញឲ្យឃើញថា ក្នុងចំណោមបំណុលបរទេសសរុបដែលប្រទេសកម្ពុជាបានជំពាក់ ក្នុងនោះ កម្ពុជាខ្ចីពីប្រទេសចិនប្រមាណជិត៤៤%  ខណៈខ្ចីពីពហុភាគីផ្សេងទៀតមានជាង៣០% និង សល់ប៉ុន្មានជាបំណុលដែលខ្ចីពីប្រទេសមួយចំនួនទៀត។

សូមបញ្ជាក់ដែរថា ស្ថិតនៅក្នុងបរិការណ៍កូវីដ-១៩ ផ្ទុះរាលដាលកាន់តែខ្លាំងនេះ រាជរដ្ឋាភិបាលកម្ពុជាក៏មានការចំណាយកាន់តែច្រើនផងដែរ ពិសេសការចំណាយដើម្បីប្រយុទ្ធទប់ទល់នឹងកូវីដ-១៩ និង ការស្ដារសេដ្ឋកិច្ចឡើងវិញ។ បើទោះបីជាការចំណាយច្រើន ដែលធ្វើឲ្យឱនភាពថវិកាមានការរីកធំក៏ដោយចុះ ប៉ុន្ដែ បើតាមការគូសបញ្ជាក់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់អះអាងថា ការរីកធំនៃឱនភាពថវិកានេះ មិនទាន់ជាបញ្ហាធំដុំសម្រាប់រាជរដ្ឋាភិបាលនោះទេ ដោយសារតែតម្រូវការថវិកាបន្ថែមនេះ នឹងត្រូវបំពេញមកវិញតាមរយៈការបញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាល ដែលនឹងអនុញ្ញាតឲ្យកម្ពុជាបន្ដគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួន ប្រកបដោយទំនុកចិត្ត ភាពរឹងមាំ និង ភាពជាម្ចាស់ការខ្ពស់៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ដាប្រទេសមជ្ឈិមបូព៌ា និងអាស៊ីកណ្តាលនឹងអនុញ្ញាតឱ្យជនភៀសខ្លួនអាហ្វហ្កានីស្ថានអាចធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ពួកគេ

ព័ត៌មាន
ប្រទេសជាច្រើនដោយរាប់ចាប់ពីអឺរ៉ុបរហូតដល់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល នឹងអនុញ្ញាតឱ្យជនជាតិអាមេរិក និងអ្នកផ្សេងទៀតដែលត្រូវបានជម្លៀសប្រជាជនអា…

កម្ពុជាបន្ដជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឌីជីល

ព័ត៌មាន
តើសង្គមឌីជីថលមានទំនាក់ទំនងសំខាន់អ្វីខ្លះជាមួយវិស័យសេដ្ឋកិច្ច? ក្នុងបរិបទកូវីដ-១៩ មនុស្សបានផ្លាស់ប្ដូរទម្លាប់នៃការធ្វើការងារ ការរស់នៅ រួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ