នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី ១៨ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ-១៩ សរុបទាំងអស់មាន១.៥៤១នាក់នាក់ ក្នុងនោះ មានដល់ទៅ ១.០២៥នាក់ គឺជាករណីឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ទោះយ៉ាងណា នៅក្នុងរបាយការណ៍នេះ កត់សម្គាល់ឃើញថា ក្នុងចំណោមករណីឆ្លងថ្មី៣៦នាក់ មាន០៤នាក់ មិនទទួលបានកន្លែងសម្រាកព្យាបាលនៅឡើយ ខណៈដែលសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី ១៧ ខែមីនាម្សិលមិញ ក៏មានអ្នកឆ្លងចំនួន ៣២នាក់ដែរ មិនទាន់មានកន្លែងសម្រាកព្យាបាល។
បើតាមការឆ្លងឆ្លើយជាមួយក្រុមការងារខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាម លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺដែលក្រសួងបញ្ជាក់ថា មិនទាន់មានកន្លែងសម្រាកព្យាបាលនោះ បច្ចុប្បន្នក្រសួងកំពុងចាត់ចែងរកកន្លែងឲ្យហើយ ខណៈពេលនេះអ្នកជំងឺទាំងនោះ បាននិងកំពុងដាក់ឲ្យនៅដាច់ដោយឡែកនៅផ្ទះរៀងៗខ្លួនសិន។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា៖« តាមពិតអ្នកជំងឺនេះ យើងកំពុងតែចាត់ចែង ថាតើត្រូវយកគាត់ទៅដាក់កន្លែង ហើយគាត់នៅតាមផ្ទះសម្បែងពួកគាត់ហ្នឹងឯង ពីព្រោះនៅពេលដែលពួកគាត់ត្រូវយកវត្ថុសំណាក ពួកគាត់ត្រូវនៅដាច់ដោយឡែកនៅក្នុងផ្ទះរបស់គាត់ហ្នឹង អំឡុងពេលរងចាំលទ្ធផលហ្នឹង អ៊ីចឹងនៅពេលដែលមានលទ្ធផលក្រុមគ្រូពេទ្យនឹងចុះទៅទទួល ដើម្បីយកដាក់នៅមន្ទីរពេទ្យ ។ ឥឡូវចំនួននេះ ដោយសារតែព្រឹកឡើងទើបតែទទួលបានលទ្ធផល អ៊ឹចឹងក្រុមគ្រូពេទ្យចាត់ចែងមិនទាន់ទេ អ៊ីចឹងហើយបានជាយើងទុកអញ្ចឹងសិន ដើម្បីទុកលទ្ធភាពឲ្យក្រុមគ្រូពេទ្យមានការចាត់ចែងជាបន្តបន្ទាប់ទៀត»។
សូមជម្រាបថា ក្នុងចំណោមអ្នកជំងឺទាំងនោះ ចំនួនអ្នកដែលបានជាសះស្បើយក៏មានការកើនឡើងសរុបដល់ទៅ ៨៩៨នាក់ ខណៈដែលនៅព្រឹកថ្ងៃទី ១៨ ខែមីនានេះអ្នកជាសះស្បើយថ្មីមានចំនួន៥៨នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី ដែលត្រូវបានរកឃើញទាំង ៣៦នាក់នេះ មាន ១៤នាក់រកឃើញនៅរាជធានីភ្នំពេញ ២១នាក់នៅខេត្តកណ្ដាល និងម្នាក់ទៀតមកពីបរទេស៕