ក្រោយការសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ពីរបៀបក្នុងការដាំដុះ ការជ្រើសរើសពូជលម៉ើ ក៏ដូចជាតម្រូវការលម៉ើ សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស ពីសំណាក់អ្នកជំនាញកសិកម្មទាំងក្នុង និងក្រៅប្រទេស ក្រុមហ៊ុនដេតអ៊ិនវេសមេន (Date Investment Cambodia)របស់បណ្ឌិត តាន់ មុនីវណ្ណ បានសម្រេចវិនិយោគលើកាដាំដុះលម៉ើនៅខេត្តមួយចំនួននៅកម្ពុជា ក្នុងគោលដៅនាំចេញក្រៅប្រទេសនៅរយៈ៣ឆ្នាំខាងមុខនេះ ។
បណ្ឌិត តាន់ មុនីវណ្ណ ប្រធានក្រុមហ៊ុនដេតអ៊ិនវេសមេន (Date Investment Cambodia) និងជាអ្នកស្រាវជ្រាវលើវិស័យកសិកម្មនៅកម្ពុជា បានប្រាប់ក្រុមការងារខេមបូណូមីសថា លោកចង់បង្កើតគំរូកសិកម្មវ័យឆ្លាតមួយ ដោយបានជ្រើសការដាំដុះ និងវិនិយោគដំណាំលម៉ើនេះ ព្រោះថា ជាប្រភេទដំណាំដែលទីផ្សារទាំងក្នុងនិងក្រៅប្រទេសកំពុងតែមានតម្រូវការខ្ពស់ បើទោះដំណាំប្រភេទនេះ មិនងាយស្រួលក្នុងការដាំដុះក៏ដោយ។
បណ្ឌិត តាន់ មុនីវណ្ណ អះអាងថា លោកចង់ឲ្យការដាំដុះលម៉ើនាពេលខាងមុខ ក្លាយជាដំណាំមួយដែលជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ ដោយនឹងឈានដល់ការពង្រីកជាលក្ខណៈទ្រង់ទ្រាយធំដោយបានស្នើដល់អ្នកដែលមានទុន អាចចូលរួមវិនិយោគក្នុងគម្រោងនេះបាន។
អ្នកជំនាញក្នុងវិស័យកសិកម្មរូបនេះបានបន្ថែមថា នៅក្នុងរយៈពេល៣ឆ្នាំទៀត កម្ពុជា និងមានលម៉ើគ្រប់គ្រាន់នៅទីផ្សារក្នុងស្រុក ថែមទាំងអាចនាំចេញទៅលក់ក្រៅប្រទេសបានទៀតផង។
យោងតាមការស្រាវជ្រាវរបស់បណ្ឌិត
តាន់ មុនីវណ្ណ បច្ចុប្បន្ននេះ នៅទូទាំងប្រទេសមានចំការលម៉ើប្រមាណជាង៣០កន្លែង
ដែលមានផ្ទៃដីដាំដុះសរុបប្រមាណជាង ២០០ហិកតា ក្នុងនោះបច្ចេកទេសនៃការដាំដុះនៅមានកម្រិតនៅឡើយ
ដែលនេះទាមទារឲ្យមានសិក្សាដី និងពូជឲ្យបានត្រឹមត្រូវ ជៀសវាងហានិភ័យកើតឡើង។
បើទោះជាមិនបានបង្ហើបពីទុនវិនិយោគនិងទំហំផ្ទៃដីដាំដុះក៏ដោយ តែបណ្ឌិត តាន់ មុនីវណ្ណអះអាងថា ការដាំដុះលម៉ើរបស់ក្រុមហ៊ុនលោកមានទំហំធំជាងគេ ទាំងទុនវិនិយោគ និងផ្ទៃដីដាំដុះ។ លោកបណ្ឌិត តាន់ មុនីវណ្ណ បន្ថែមថា តាមផែនការ នៅក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ក្រៅពីការផ្គត់ផ្គង់ក្នុងស្រុកហើយ ក្រុមហ៊ុនលោកនឹងនាំចេញលម៉ើលើកដំបូងទៅកាន់ប្រទេសជិតខាងកម្ពុជាសិន មុននឹងឈានដល់ការនាំចេញទៅបណ្តាក្នុងតំបន់ និងអន្តរជាតិ។
សូមបញ្ជាក់ថា លម៉ើជាប្រភេទផ្លែឈើ ដែលមានប្រូតេអ៊ីនខ្ពស់ មានអត្ថប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែមានតម្លៃថ្លៃ ដោយលម៉ើស្រស់មួយគីឡូតម្លៃចន្លោះពី ១៥ដុល្លារទៅ២៥ដុល្លារ ហើយគេអាចយកវាទៅច្នៃបានច្រើនយ៉ាង ដូចជាធ្វើជាដំណាប់ ទឹកឃ្មុំលម៉ើ ជាដើម៕