សេដ្ឋកិច្ច

២៣ឆ្នាំ​ចុង​ក្រោយនេះ តើ​ខ្មែរ​ជំពាក់​បំណុល​បរទេស​ប៉ុន្មាន?


នៅ​ក្នុង​រយៈ​ពេល ២៣​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា​បាន​បន្ត​ជំពាក់​បំណុល​បរទេស​កើន​ដល់​ជាង ៨​ពាន់​៣០៩​លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ ចំនួន​នេះ​ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច អះអាង​ថា នៅតែ​ទាប​នៅ​ឡើយ​ទេ។
យុវតី​បេះ​ផ្កាឈូក​ក្នុង​បឹង​ដើម្បី​យក​ទៅ​លក់​យក​កម្រៃ​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​គ្រួសារ។ រូបភាព៖ ហ្វេសប៊ុក​លោក ហេង ស៊ីនិត្យ
ដោយ

ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ជាក់​ថា កម្ពុជា​នៅ​អាច​គ្រប់គ្រង​បំណុល​សាធារណៈ​បាន​ល្អ និង​មិន​មាន​ហានិភ័យ​នោះ​ទេ។ នេះ​បើ​យោង​តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

គិត​ចាប់​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ដល់​ដំណាច់​ឆ្នាំ​២០១៦ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា សរុប​ចំនួន​ប្រមាណ​ជាង ៨​ពាន់​៣០៩​លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ​គ្រប​ដណ្តប់​ជាង ៨៦​ភាគរយ និង​វិស័យ​អាទិភាព​ផ្សេងៗ​ទៀត​ជាង ១៣​ភាគរយ។

ដោយ​ឡែក ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​មួយ​ឆ្នាំ​ពេញ​ ឆ្នាំ​២០១៦ មាន​ចំនួន​សរុប​ជាង ៨០២​លាន​ដុល្លារ ធៀបនឹង​ឆ្នាំ​២០១៥ មាន​ចំនួន​ត្រឹម​៧៧៨​លាន​ដុល្លារ​ កើន​ជាង ៣​ភាគរយ។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ធ្វើការ​អះអាង​ថា គោលដៅ​នៃ​ការ​ខ្ចី​ឥណទាន​សម្បទាន (កម្ចី​ដែល​មាន​អត្រា​ការ​បា្រក់​ទាប) ទាំងអស់​នេះ​គឺ​សុទ្ធតែ​សម្រាប់​ហិរញ្ញប្បទាន​លើ​គម្រោង​វិនិយោគ​សាធារណៈ​ក្នុង​វិស័យ​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​សំដៅ​រួម​ចំណែក​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​រយៈពេល​វែង និង​បង្កើន​ផលិត​ភាព​សេដ្ឋកិច្ច។

កម្ពុជា​ជំពាក់​ចិន ធនាគារ ADB និង​ធនាគារ​ពិភពលោក​ច្រើន​ជាង​គេ

ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​របស់​ក្រសួង​សេដ្ឋកិច្ច​ដដែល បាន​បង្ហាញ​ថា កម្ចី​ក្នុង​ក្របខ័ណ្ឌ​ទ្វេ​ភាគី​មាន​ចំនួន​ទឹក​ប្រាក់​សរុប ៥ពាន់ ៣៤៧​លាន​ដុល្លារ ក្នុង​នោះ​កម្ចី​មក​ពី​ប្រទេស​ចិនច្រើន​ជាង​គេ មាន​រហូត​ដល់​ជិត ៤​ពាន់​លាន​ដុល្លារ ខណៈ​កម្ចី​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី​មាន​ទឹក​ប្រាក់​ជិត ៣​ពាន់​លាន​ដែល​ក្នុង​នោះ​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ២​ពាន់​លាន និង​ធនាគារ​ពិភពលោក​ជាង ៧៩៣​លាន​ដុល្លារ។

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នា​ពេល​កន្លង​មក ថា ប្រាក់​ចំណូល​ពន្ធ​ក្នុង​ស្រុក​បាន​កើន​ឡើង​ជាង ១០​ដង ពី​ប្រមាណ​ត្រឹម​តែ ៣៥០​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០០០ កើន​ឡើង​ដល់​ប្រមាណ ៣៨៥០​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៦ ឬ​ពី​ប្រមាណ ១០​ភាគរយ​ទៅ ១៨​ភាគរយ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ 

បច្ចុប្បន្ន ចំណូល​ចរន្ត​ក្នុង​ស្រុក​អាច​គ្រប​ដណ្តប់​បាន​រហូត​ទៅ​ដល់​ប្រមាណ ៧៨% នៃ​ចំណាយ​ថវិកា និង ១​ភាគ​៣ នៃ​ថវិកា​វិនិយោគ។ ទោះបី​ជា​ចំណូល​បាន​កើន​ឡើង​យ៉ាង​ណា​ក៏​ដោយ ក៏​កម្ពុជា នៅ​តែ​ត្រូវការ​ជំនួយ​ដើម្បី​ពង្រឹង​និង​ពង្រីក​កំណើន​សេដ្ឋកិច្ច​ជាតិ​ឲ្យ​កាន់​តែ​ខ្លាំង​ខ្លា​ឡើង ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​ផង​ដែរ។

ឯក​ឧត្តម វង្សី វិស្សុត បាន​ឲ្យ​ដឹង​ទៀត​ថា បំណុល​ដែល​កម្ពុជា​បាន​ខ្ចី​ពី​បរទេស​នោះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​យក​មក​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន​នោះ​ទេ។ ជាក់ស្តែង កម្ចី​បំណុល​ទាំងនេះ​ភាគ​ច្រើន រដ្ឋាភិបាល​បាន​យក​ទៅ​អភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ ស្ពាន ផ្លូវ​ដែក កំពង់ផែ អគ្គិសនី ប្រព័ន្ធ​ធារាសាស្ត្រ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត ចម្រាញ់​ទឹក​កខ្វក់ និង​ប្រើប្រាស់​នៅ​ក្នុង ការ​អភិវឌ្ឍ​សង្គម​ផ្សេងៗ​ទៀត។

ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​ថា គិត​ចាប់​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ដល់​ដំណាច់​ឆ្នាំ​២០១៦ កម្ពុជា​បាន​ធ្វើការ​ទូទាត់​សង​ជូន​ដៃគូ​អភិវឌ្ឍន៍​វិញ​ប្រមាណ​ជាង ៨៨៥ ​លាន​ដុល្លារ និង​ក៏​បាន​ធ្វើការ​ចុះ​ហត្ថលេខា​ជាមួយ​ភាគី​ចិន​ក្នុង​ការ​លុប​បំណុល​ដែល​មាន​ទឹក​ប្រាក់​ជាង ៩០​លាន​ដុល្លារ​ហើយ​ដែរ៕

None



អត្ថបទបន្ទាប់


ពលរដ្ឋ​វៀតណាម​ផ្អើល​ដាំ​បន្លែ​សរីរាង្គ​តាម​គ្រួសារ ព្រោះ​បារម្ភ​ពី​​បន្លែ​មាន​ជាតិ​គីមី

នៅ​ប្រទេស​វៀតណាម​ជិត​ខាង ពលរដ្ឋ​វៀតណាម​នាំ​គ្នា​ផ្អើល​បារម្ភ​រឿង​បញ្ហា​សុវត្ថិភាព​ចំណី​អាហារ ជាពិសេស បន្លែ​ផ្លែ​ឈើ​ក្នុង​ស្រុក​ដែល​មាន​…

កម្ពុជា​នឹង​ប្រែ​ក្លាយ​ខេត្ត​ព្រះសីហនុ​​ឲ្យ​ដូច​តំបន់​ Shenzhen នៅចិន

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​ទាំង​មូល​ក្លាយ​ជា​តំបន់​ឧស្សាហកម្ម​គំរូ​ពិសេស​មួយ​របស់​ប្រទេស ដែល​នឹង​យក​លំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ