កម្ពុជាមិនរំពឹងថានឹងទទួលបានGSPពីអាមេរិកវិញឡើយ!

សម្តេច ហ៊ុន ម៉ាណែត ចូលមហាសន្និបាត UN នៅញូយ៉ក ខណៈអ្នកជំនាញមិនរំពឹងខ្ពស់បាន GSP មកវិញនោះទេ


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ(UN)លើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក រយៈពេល ៤ថ្ងៃ ពោលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
កម្ពុជាមិនរំពឹងថានឹងទទួលបានGSPពីអាមេរិកវិញឡើយ!
ដោយ

អ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា ការចូលរួមមហាសន្និបាត UN របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជាកាន់តែមានភាពល្អប្រសើរ ក៏ប៉ុន្តែអ្នកជំនាញមិនរំពឹងទេថា បេសសកម្មរបស់នាយករដ្ឋមន្រ្តីលើកនេះ នឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធ ទូទៅ GSP ពីសហរដ្ឋអាមេរិកត្រឡប់មកវិញនោះទេ ខណៈមកទល់ពេលនេះរយៈពេលជាង២ឆ្នាំហើយ ដែលប្រព័ន្ធអនុគ្រោះពន្ធនេះត្រូវបានអស់សុពលភាព ដែលធ្វើឲ្យផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលសម្រាប់ធ្វើដំណើររបស់កម្ពុជា ដែលនាំចេញទៅអាមេរិកត្រូវជាប់ពន្ធ។
លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីកត់សម្គាល់ឃើញថា ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា ហាក់បង្ហាញសញ្ញាណវិជ្ជមានឡើងវិញនៅមួយរយៈចុងក្រោយនេះ ពិសេសបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ញើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាឆ្នាំ២០២២។ អ្នកជំនាញរូបនេះយល់ឃើញថា ការអញ្ញើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើទំនាក់ទំនងកម្ពុជា-អាមេរិកកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អ្នកជំនាញសេដ្ឋកិច្ចនេះ មិនរំពឹងទេថា កម្ពុជានឹងអាចទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិកត្រឡប់មកវិញ បន្ទាប់ពីប្រព័ន្ធអនុគ្រោះនេះត្រូវបានអស់សុពលភាពកាលពីអំឡុងឆ្នាំ២០២០។

លោកកត់សម្គាល់ឃើញថា ចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិកទាក់ទងទៅនឹងការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់កម្ពុជាហាក់មានភាពស្មុគស្មាញនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សម្រាប់អ្នកជំនាញរូបនេះអ្វីដែលកម្ពុជាគួរតែផ្ដោតការយកចិត្តទុកដាក់នោះ គឺការពង្រឹងនូវកំណែទម្រង់ ការកសាងស្ថាប័ន ប្រព័ន្ធតុលា ប្រព័ន្ធច្បាប់ នីតិបញ្ញតិ្តជាដើម ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិស័យវិនិយោគ ឧស្សាហកម្ម និងបច្ចេកវិទ្យា នវានុវត្តន៍ នៅក្នុងប្រទេសកម្ពុជា សំដៅធ្វើយ៉ាងណាឲ្យទំនិញកម្ពុជាមានគុណភាព និងអាចប្រកួតប្រជែង ដើម្បីអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាបង្កើនការទាក់ទាញអ្នកវិនិយោគពីខាងក្រៅ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះធ្វើឡើងក្រោមមូលបទកសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។ នៅក្នុងមហាសន្និបាតនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងឡើងថ្លែងដោយផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន៣ រួមមានបរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ សម្តេចធិបតី ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនបរទេសមួយចំនួនក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូយ៉កផងដែរ។

សូមបញ្ជាក់ថា រយៈពេល ៨ខែក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក សម្រេចបានប្រមាណ ៦ពាន់លានដុល្លារ ថយចុះជាង ៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ រីឯ ការនាំចូលពីសហរដ្ឋអាមេរិក មកកាន់កម្ពុជាវិញសម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណជាង ១៦០លានដុល្លារ ថយចុះជាង ២៨% ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ហេតុអ្វីនៅមួយរយៈចុងក្រោយហាក់ខ្សត់ភ្ញៀវទេសចរទៅកម្សាន្តនៅរមណីយដ្ឋានអង្គរខេត្តសៀមរាប?

យើងសង្កេតឃើញថានៅមួយរយៈចុងក្រោយនេះហាក់ខ្សត់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តសៀមរាប ជាពិសេសរមណីយដ្ឋាន…

គម្រោង CAPFish ជួយឲ្យទឹកត្រីរបស់សហគ្រាស លាង ឡេង មានការបញ្ជាទិញពីបរទេសលើសសមត្ថភាពផលិត

បន្ទាប់ពីអនុវត្តគម្រោង CAPFish របស់អង្កការ UNIDO រួចមក សហគ្រាសផលិតទឹកត្រីលាង ឡេង ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមទទួលចំណេះដឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ