បើតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា នៅ១១ខែឆ្នាំនេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារវៀតណាមបានជាង៦១ម៉ឺន៧ពាន់តោន គិតជាទឹកប្រាក់មានចំនួនជាង៨៣០លានដុល្លារ ធ្លាក់ចុះជិត១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគចិន ចំនួន៦បានបង្ហាញបំណងចង់វិនិយោគលើការបើករោងចក្រកែច្នៃស្វាយចន្ទីនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនេះបានចុះសិក្សាអំពីកាលានុវត្តភាព និងឱកាសវិនិយោគនៅកម្ពុជា។ បន្ទាប់ពីការចុះសិក្សា ក្រុមហ៊ុនចិនទាំងនោះមានគម្រោងចង់វិនិយោគលើវិស័យស្វាយចន្ទីកម្ពុជាជាចង្កោមទាំងការកែច្នៃគ្រាប់ និងគៀបសំបកយកប្រេង ដោយក្រុមហ៊ុនត្រូវការសំបកស្វាយចន្ទីច្រើនផលិតជាប្រេង ដើម្បីយកលក់នៅបណ្តាប្រទសដែលគិតគូរអំពីបរិស្ថាន ជាពិសេសនៅអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង។ នេះបើតាមការបញ្ជាក់របស់លោក អួន ស៊ីឡុត ដោយបានបន្ថែមថា នេះគឺជាសញ្ញាវិជ្ជមានមួយរបស់កម្ពុជា និងរំពឹងថាក្រុមហ៊ុនចិនទាំងនោះនឹងមកវិនិយោគលើវិស័យកែច្នៃស្វាយចន្ទីកម្ពុជានៅឆ្នាំក្រោយ។
សម្រាប់ លោក អួន ស៊ីឡុត វិស័យកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជាបច្ចុប្បន្នមានការកើងនឡើងគួរឱ្យកត់សម្គាល់ តែយ៉ាងណាប្រធានសមាគមរូបនេះអះអាងថា វិស័យស្វាយចន្ទីកម្ពុជានៅតែត្រូវការការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈការបង្កើតតំបន់សួនកសិឧស្សាហកម្ម ក៏ដូចជាការលើកទឹកចិត្តផ្នែកពន្ធដារបន្ថែមទៀតជាដើម។ លោក អួន ស៊ីឡុត ជឿជាក់ថា ប្រសិនជាកម្ពុជាមានការលើកលែងពន្ធ ឬការលើកទឹកចិត្តផ្សេងៗបន្ថែមទៀតពីរាជរដ្ឋាភិបាលនោះ វិនិយោគិនកាន់តែច្រើននឹងមកបណ្តាក់ទុកវិនិយោគលើវិស័យកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា។
បើតាមលោក អួន ស៊ីឡុត នៅក្នុងរយៈពេល១១ខែឆ្នាំ២០២៣ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង៦៥ម៉ឺន៤ពាន់តោន ក្នុងនោះនាំចេញទៅវៀតណាម បានចំនួន៦១ម៉ឺន៧ពាន់តោន ដែលគិតជាទឹកប្រាក់ប្រមាណ៨៣៤លានដុល្លារ ថយចុះប្រមាណ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅមានការធ្លាក់ចុះនេះ ត្រូវបានប្រធានសមាគមរូបនេះអះអាងថា គឺដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុបានធ្វើឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះ គួបផ្សំមានការប្រជែងទិញគ្រាប់ស្វាយចន្ទីឆៅពីសហគ្រាសក្នុងស្រុកកើនឡើង។
តែយ៉ាងណាសម្រាប់តម្លៃគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះវិញ អ្នកជំនាញរូបនេះអះអាងថា មានតម្លៃល្អជាងឆ្នាំមុន ពោលគឺតម្លៃគ្រាប់ស្វាយចន្ទីស្ងួតនៅខែវិច្ឆិកាមានតម្លៃចន្លោះពី៧ពាន់រៀលទៅ៧ពាន់៧រយរៀលក្នុងមួយគីឡូក្រាម ឬស្មើនឹងជាង១ពាន់៩រយដុល្លារក្នុងមួយតោន ដោយតម្លៃនេះបានកើនឡើងចន្លោះពី៥%ទៅ១០% បើធៀបនឹងឆ្នាំមុន ខណៈនៅឆ្នាំ២០២៤ ខាងមុខ សមាគមស្វាយចន្ទីកម្ពុជារំពឹងថា តម្លៃគ្រាប់ស្វាយចន្ទីឆៅដែលមានគុណភាពល្អ នឹងមានតម្លៃខ្ពស់កើនឡើង៥% បន្ថែមទៀតលើតម្លៃបច្ចុប្បន្ន ដោយសារតម្រូវការគ្រាប់ស្វាយចន្ទីនៅលើសកលលោកអាចមានកំណើនខ្ពស់នៅពេលខាងមុខ៕