វិស័យកសិកម្ម

ក្រុមហ៊ុនជប៉ុនបង្ហាញបំណងចង់ទិញគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចរបស់កម្ពុជាបន្ថែមទៀត


ផលិតផលគ្រាប់ស្វាយចន្ទី និងម្រេចរបស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ពីប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ហើយក្រុមហ៊ុនជប៉ុនមានបំណងបង្កើនការនាំចូលផលកសិកម្មទាំងនេះបន្ថែមទៀត ពីប្រទេសកម្ពុជា។ ការបង្ហាញពីបំណងចង់នាំចូលផលិតផលខ្មែរទៅជប៉ុននេះ បានធ្វើឡើងនៅក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអនុញ្ញាតឱ្យឯកឧត្តម អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA Masahiro) ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
វិស័យកសិកម្ម
ដោយ

នាជំនួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា បានជម្រាបជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត អំពីសកម្មភាពរបស់សម្ព័ន្ធសភា ដែលបានសហការគ្នាបំពេញការងារយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរជប៉ុន-កម្ពុជា ឱ្យកាន់តែស្អិតរមួតថែមទៀត ជាពិសេសលើវិស័យអាទិភាពមួយចំនួន រួមមានជាអាទិ៍÷ វិស័យកសិកម្ម, សុខាភិបាល, ថាមពល, ការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម។ ពាក់ព័ន្ធនឹងផលិតផលកសិកម្ម ថ្នាក់ដឹកនាំសម្ព័ន្ធសភាជប៉ុនរូបនេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀត ពីប្រទេសកម្ពុជា។

ក្នុងជំនួបនេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏រឹងមាំ និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ទាំងក្នុងផ្នែកស្ថាប័ននីតិប្បញ្ញត្តិ, ស្ថាប័ននីតិប្រតិបត្តិ, និងធុរកិច្ច ក៏ដូចជារវាងប្រជាជន និងប្រជាជន ព្រមទាំងបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចំពោះប្រទេសជប៉ុន ត្រូវបានរក្សាដូចអាណត្តិមុនៗផងដែរ គឺការបន្តរក្សានិរន្តរភាព និងសង្គតិភាព នូវទំនាក់ទំនងដែលមានស្រាប់ ព្រមទាំងបន្តពូនជ្រំអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរនេះឱ្យបានកាន់តែរឹងមាំបន្ថែមទៀត។

សូមបញ្ជាក់ថា ប្រទេសជប៉ុន គឺជាប្រទេសស្ថិតក្នុងលំដាប់លេខរៀងទី៤ ដែលទទួលទិញទំនិញពីកម្ពុជា។ ជាក់ស្ដែងក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន សម្រេចបានទំហំទឹកប្រាក់សរុបជាង១ពាន់៦រយលានដុល្លារថយចុះជិត៨% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារជប៉ុនសម្រេចបានទំហំទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារ ខណៈការនាំចូលពីជប៉ុនមកកាន់កម្ពុជាវិញសម្រេចបានទឹកប្រាក់ជាង៥៧៣លានដុល្លារថយចុះជាង១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារំពឹងក្រុមហ៊ុនចិនចំនួន៦ នឹងមកវិនិយោគលើការកៃច្នៃគ្រាប់ស្វាយចន្ទីនៅឆ្នាំក្រោយ

ព័ត៌មាន
ប្រធានសមាគមស្វាយចន្ទីកម្ពុជារំពឹងក្រុមហ៊ុនវិនិយោគរបស់ចិនចំនួន៦ នឹងមកបណ្តាក់ទុនវិនិយោគលើការបង្កើតរោងចក្រកៃច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា បន្…

តើស្ថានភាពផ្សារភាគហ៊ុនកម្ពុជាមានការប្រែប្រួលយ៉ាងណាខ្លះនៅក្នុងឆ្នាំ២០២៣ នេះ?

ព័ត៌មាន
នៅក្នុងរយៈពេលស្ទើពេញមួយឆ្នាំ២០២៣ ស្ថានភាពសេដ្ឋកិច្ចពិភពលោកហាក់នៅតែមានភាពស្រពេចស្រពិល និងមិនទាន់អាចវិលត្រឡប់មកសភាពធម្មតាវិញបាននៅឡើយទេ ស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ