ចំណូលពីការនាំចេញផលិតផលកសិកម្មឆ្នាំ២០២២

កម្ពុជារកចំណូលបានជិត៥ពាន់លានដុល្លារពីការនាំចេញផលិតផលកសិកម្មឆ្នាំ២០២២


ទោះបីនៅក្នុងឆ្នាំ២០២២កន្លងទៅ វិស័យកសិកម្មកម្ពុជា បន្តជួបប្រទះនូវបញ្ហាប្រឈមនៅឡើយ ជាពិសេសតម្លៃកសិផលមួយចំនួនត្រូវបានធ្លាក់ចុះក៏ពិតមែន ប៉ុន្ដែកម្ពុជានៅតែអាចនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិបានក្នុងបរិមាណ ៨,៦លានតោន កើនជាង ៧% ធៀបនឹងឆ្នាំ២០២១ ពោលគឺបើគិតតម្លៃទឹកប្រាក់វិញ មានដល់ទៅជិត៥ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កម្ពុជារកចំណូលបានជិត៥ពាន់លានដុល្លារពីការនាំចេញផលិតផលកសិកម្មឆ្នាំ២០២២
ដោយ

ថ្លែងក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងារកសិកម្មឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នាពេលថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងគោលនយោបាយជាតិ អភិវឌ្ឍវិស័យកសិកម្មឆ្នាំ ២០២២-២០៣០ ក្រសួងកសិកម្មបានអនុវត្តប្រកប​ដោយការទទួលខុសត្រូវខ្ពស់​នូវផែនការ និងសកម្មភាពការងារ ដែលបានគ្រោងទុក និងបានជំរុញការអនុវត្តវិធានការចាំបាច់ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍន៍វិស័យ​កសិកម្ម។ ជាលទ្ធផល នៅក្នុង​ឆ្នាំ​២០២២ កម្ពុជា​បាន​នាំចេញ​ជា​ផ្លូវការនូវ​​ផលិតផល​កសិក​ម្ម ដែលមាន​តម្លៃ​សរុប​ប្រមាណ​ជិត ៥ពាន់​លាន​​ដុល្លារ ស្មើនឹង ៨,៦​លាន​តោន ​ទៅ​កាន់ទិសដៅ ៧៤​ប្រទេស កើន​ឡើងជាង ៧% ​បើ​ធៀបទៅនឹង​ឆ្នាំ២០២១ ដែលមាន​ចំនួន ៧,៩​លាន​តោន​។ ក្នុងនោះ ការនាំចេញអង្ករសម្រេចបាន ៦៣ម៉ឺន៧ពាន់តោន កើនឡើងជាង ៣% បើធៀបនឹងឆ្នាំ២០២១ និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួនជាង ៥លានតោន។

ឧកញ៉ា ហ៊ុន ឡាក់ ជាអគ្គនាយកក្រុមហ៊ុន រីច ហ្វាម អេស៊ា ធ្លាប់បានកត់សម្គាល់ឃើញថា ទីផ្សារកសិផលសម្រាប់ដើមឆ្នាំ២០២៣នេះ ហាក់មានស្ថានភាពល្អប្រសើរ ជាពិសេសទាក់ទងនឹងតម្លៃផ្លែស្វាយស្រស់តែម្ដង។ ដ្បិតថា ឆ្នាំនេះតម្លៃផ្លែស្វាយស្រស់អាចប្រសើរឡើងវិញ ប៉ុន្ដែ អ្នកជំនាញក៏មានក្ដីព្រួយបារម្ភចំពោះទិន្នផលផ្លែស្វាយនាឆ្នាំនេះផងដែរ ដែលអាចនឹងប៉ះពាល់ដល់ការនាំចេញផ្លែស្វាយសម្រាប់ឆ្នាំ២០២៣នេះ ជាពិសេសបញ្ហាអាកាសធាតុតែម្ដង។ បើតាមការបញ្ជាក់របស់ឧកញ៉ា ហ៊ុន ឡាក់ នៅរយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់សរុបចំនួន ១៦ម៉ឺន២ពាន់តោន មានការថយចុះ ៣៣% បើធៀបនឹងឆ្នាំ២០២១។ ដោយឡែក ចំពោះបញ្ហាប្រឈមក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយវិញ ត្រូវបានឧកញ៉ា ហ៊ុន ឡាក់ គូសបញ្ជាក់ថា នៅតែបន្តកើតមានឡើង ទាក់ទងនឹងដាំដុះ ការថែទាំ ការដឹកជញ្ជូន និងកត្តាទីផ្សារ ជាដើម។

បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ដ្បិតថា វិស័យកសិកម្មបានរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមចំណែករហូត ២២% នៃផលិតផល(GDP)សរុបក្នុងស្រុក ប៉ុន្ដែ វិស័យនេះក៏បាននិងកំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួននៅឡើយ ដែលទាមទារឲ្យមានការដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់។ បញ្ហាប្រឈមទាំងនោះ រួមមាន កត្តាថ្លៃដើមផលិតកម្មខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មនៅមានកម្រិត និងពាណិជ្ជូបនីយកម្មលើកសិផលមួយចំនួនពុំទាន់ប្រើប្រាស់ឲ្យអស់សក្ដានុពលនៅឡើយ៕




អត្ថបទបន្ទាប់


អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៤៤% ហើយ

មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តកណ្តាលបានបង្ហាញពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមកទល់ពេលនេះសម្រេចបានជា…

លោក ដូណាល់ ត្រាំ ក្លាយជាអតីតប្រធានាធិបតីអាមេរិកទីមួយ ដែលរងបណ្តឹងព្រហ្មទណ្ឌ

លោក ដូណាល់ ត្រាំ បានក្លាយជាអតីតប្រធានាធិបតីអាមេរិកទីមួយហើយ ដែលត្រូវរងនូវបណ្តឹង ព្រហ្មទណ្ឌនៅតុលាការក្រុងញូវយ៉ក ពាក់ព័ន្ធនឹងរឿងអាស្រូវបងប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ