តាមសូចនាករគន្លឹះទេសចរណ៍ឆ្នាំ២០២៣ របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ចំណូលទេសចរណ៍អន្តរជាតិសរុបនៅក្នុងឆ្នាំ២០២៣ មានចំនួនជាង៣ពាន់លានដុល្លារ កើនឡើងប្រមាណ ១១៨% បើធៀបនឹងឆ្នាំ២០២២។ បើទោះបីជាចំណូលទេសចរណ៍អន្តរជាតិមានការកើនឡើងក៏ពិតមែន ប៉ុន្តែលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកត់សម្គាល់ឃើញថា មកទល់ពេលនេះវិស័យទេសចរណ៍កម្ពុជានៅតែមិនទាន់មានភាពល្អប្រសើរគួរឱ្យកសត់សម្គាល់នៅឡើយទេ។ មិនទាន់មានភាពល្អប្រសើរ ក៏ដោយសារភ្ញៀវទេសចរអន្តរជាតិភាគច្រើនចូលមកកម្ពុជាតាមផ្លូវគោក និងផ្លូវទឹកពីប្រទេសជិតខាង ខណៈអ្នកចូលមកតាមផ្លូវអាកាសនៅមានចំនួនតិចតួចនៅឡើយបើធៀបនឹងមុនពេលផ្ទុះវិបត្តិកូវីដ-១៩។
បើតាមអ្នកជំនាញរូបនេះ វិស័យទេសចរណ៍កម្ពុជានៅតែជួបបញ្ហាប្រឈមច្រើន ខណៈគោលនយោបាយទេសចរណ៍របស់កម្ពុជាហាក់នៅមានកម្រិតនៅឡើយ បើធៀបនឹងគោលនយោបាយទេសចរណ៍របស់ប្រទេសមួយចំនួននៅក្នុងតំបន់។ សម្រាប់ឆ្នាំ២០២៤ នេះវិញ លោក ធួន ស៊ីណាន នៅមិនទាន់អាចវាយតម្លៃបានទេថា ស្ថានភាពភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា អាចនឹងមានភាពល្អប្រសើរបន្ថែមទៀតជាងឆ្នាំ២០២៣ ឬយ៉ាងណានោះទេ ដ្បិតថា បញ្ហាវិបត្តិសេដ្ឋកិច្ចសកល បញ្ហាសង្រ្គាម បញ្ហាភូមិសាស្រ្តនយោបាយ និងបញ្ហាអតិផរណាជាដើម នៅតែបន្តជះឥទ្ធិពលដល់វិស័យទេសចរណ៍កម្ពុជា និងពិភពលោក។
សូមជម្រាបថា នៅពេញមួយឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៥លាននាក់ កើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ២០២២ និងថយចុះប្រមាណជិត២០% បើធៀបនឹងមុនមានវិវបត្តិកូវីដ-១៩។ តាមរយៈលទ្ធផលនេះ ក្រសួងទេសចរណ៍រំពឹងថា ចរន្តភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្ពុជានៅឆ្នាំ២០២៤នេះ នឹងអាចត្រឡប់ដូចមុនពេលមានកូវីដ-១៩ផងដែរ៕