សមុទ្រចិនខាងត្បូង

ចិន នៅតែបន្តបង្ហាញពីភាពត្រឹមត្រូវនៃការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង ទោះមានប្រទេស​ជាច្រើនជំទាស់


មកដល់ពេលនេះ សេចក្តីសម្រេចរបស់​តុលាការអាជ្ញាកណ្តាល​អន្តរជាតិ ពាក់ព័ន្ធនឹង​ជម្លោះនៅដែនសមុទ្រចិន​ខាងត្បូង ចូលដល់ខួប១០ឆ្នាំហើយ ។ ចាប់តាំងពីមានសេចក្តី​សម្រេចចេញ​នៅក្នុងខែកក្កដា ឆ្នាំ២០១៦មក រហូតមកដល់ពេលនេះ មានប្រទេសប្រមាណជា១៤ ដែលបញ្ជាក់នូវ​គោលជំហរ​គាំទ្រសេចក្តីសម្រេចនេះ ដោយនៅក្នុងនោះរួមទាំងសហរដ្ឋអាម៉េរិក និង ជប៉ុន ទោះជាយ៉ាងណា ចិន ដែលប្រទេសមហាអំណាចទី២ ក្នុងពិភពលោក នៅតែ បន្តអះអាងពីភាពត្រឹមត្រូវ​របស់ខ្លួននៅក្នុងការគ្រប់គ្រងតំបន់ជម្លោះដ៏ស្មុគស្មាញនោះ ។
សមុទ្រចិនខាងត្បូង
ដោយ

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានជប៉ុន NHK មហាយក្សចិន កំពុងតែបន្តបង្ហាញនូវភាពត្រឹមត្រូវនៃការទាមទារទឹកដីរបស់ខ្លួននៅសមុទ្រចិនខាងត្បូង បន្ទាប់ពីប្រទេសចំនួន ១៤ បានបន្តការអំពាវនាវរបស់ពួកគេឲ្យចិន ទទួលយកការសម្រេចចិត្ត ដែលធ្វើឡើងកាលពីមួយទសវត្សរ៍មុនដោយតុលាការអាជ្ញាកណ្តាលអន្តរជាតិ ពាក់ព័ន្ធនឹងជម្លោះនៅដែនសមុទ្រចិនខាងត្បូង។
ជុំវិញអំណះអំណាងនេះ ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១២ ខែកក្កដា ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួមមួយ ដោយប្រទេសជប៉ុន សហរដ្ឋអាម៉េរិក និងប្រទេសចំនួន ១២ ផ្សេងទៀត ក្នុងឱកាសខួបលើកទី ១០ នៃសេចក្តីសម្រេចលើជោគវាសនានៅសមុទ្រចិនខាងត្បូង។
សេចក្តីសម្រេចរបស់តុលាការ ដែលត្រូវបានគេស្គាល់ថា ជាសេចក្តីសម្រេចរបស់អាជ្ញាកណ្តាល បានច្រានចោលការទាមទាររបស់ចិន លើសមុទ្រស្ទើរតែទាំងមូលថា ខ្វះមូលដ្ឋានច្បាប់ និងរំលោភលើច្បាប់អន្តរជាតិ ក្រោយពេលដែល ប្រទេសហ្វីលីពីន បានដាក់ពាក្យបណ្តឹង។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសចិន បានពិពណ៌នាថា សេចក្តីសម្រេចនោះ គឺគ្មានអ្វីក្រៅពីក្រដាសសំរាម ដែលខុសច្បាប់ និងគ្មានអំណាចនៃសេចក្តីពិតឡើយ។
ប្រភពដដែលបាននិយាយថា ចិន ប្រឆាំងនឹងការទាមទារ ក៏ដូចជាការធ្វើសកម្មភាពណាមួយ ដែលផ្អែកលើសេចក្តីសម្រេចនេះ។ ក្រសួងការបរទេសចិន បានបន្ថែមថា អធិបតេយ្យភាពដែនដី និងផលប្រយោជន៍ផ្លូវសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូង នឹងមិនរងផលប៉ះពាល់ដោយសាលក្រមនេះទេ។
ក្រសួងការបរទេសចិន ក៏បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ម៉ូតេជី តូស៊ីមីស៊ូ ( Motegi Toshimitsu) ដែលបានលើកឡើងថា ការបដិសេធរបស់ចិនក្នុងការទទួលយកសេចក្ដីសម្រេចឆ្នាំ ២០១៦ កំពុងធ្វើឲ្យប៉ះពាល់ដល់នីតិរដ្ឋក្នុងសហគមន៍អន្តរជាតិ។
ប្រភពដដែលបានអះអាង ថា ក្រសួងការបរទេសចិន ប្រកាសធ្វើការថ្កោលទោស ចំពោះសេចក្ដីថ្លែងការណ៍នេះ និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះសេចក្ដីថ្លែងការណ៍នេះ។
ក្រៅពីប្រទេសជប៉ុន សហរដ្ឋអាមេរិក ហ្វីលីពីន ដែលជាម្ចាស់បណ្តឹង សម្រាប់អាស៊ានផ្ទាល់ គឺមិននៅក្នុងបញ្ជី១៤ ប្រទេសនេះទេ ខណៈដែល សហគមន៍នេះ នៅមិនទាន់មានកុងសង់ស៊ីសពាក់ព៍ន្ធនឹងសេចក្តីសម្រេចស្តីពីបញ្ហានៅសមុទ្រចិនខាងត្បូងនេះនៅឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សហភាពអឺរ៉ុប ​ត្រៀមផែនការផ្តាច់ការពឹងផ្អែកលើចិន ប៉ុន្ដែការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ ត្រូវការលុយមហាសាល

សហភាពអឺរ៉ុប កំពុងចាប់ផ្តើមជំរុញយុទ្ធសាស្ត្រថ្មី ដើម្បីកាត់បន្ថយដង្ហើប ដែលពឹងផ្អែកលើប្រទេសចិន ក្នុងការផ្គត់ផ្គង់ទំនិញសំខាន់ៗ ប៉ុន្តែការបំបែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ