យោងតាមអគ្គនាយកដ្ឋានគយវៀតណាម បង្ហាញថា ប្រទេសវៀតណាម បាននាំចូលត្បូងពេជ្រសរុបប្រមាណ ១២១ លានដុល្លារអាម៉េរិក ក្នុងឆមាសទី១ ឆ្នាំ២០២៦។ ក្នុងនោះ ឥណ្ឌា គឺជាប្រទេសផ្គត់ផ្គង់ធំបំផុត ដោយនាំចេញត្បូងពេជ្រមកកាន់ប្រទេសវៀតណាម ក្នុងទំហំ ជាង ៦៣លានដុល្លារ ឬ ស្មើប្រមាណ ៥២% នៃការនាំចូលត្បូងពេជ្រសរុប។
បន្ទាប់មកគឺ បែលហ្ស៊ិក មានទំហំប្រមាណ ១៨ លានដុល្លារ, អ៊ីស្រាអែល មានទំហំ ៩ លានដុល្លារ,ប្រទេសបុតស្វាណា មានទំហំ ៧,៧ លានដុល្លារ និង ថៃ មានទំហំជាង ៥ លានដុល្លារ។ រីឯសហរដ្ឋអាម៉េរិក ហុងកុង ជប៉ុន និងចិន ក៏ស្ថិតក្នុងចំណោមអ្នកផ្គត់ផ្គង់សំខាន់ៗផងដែរ។
អាជ្ញាធរគយវៀតណាម បញ្ជាក់ថា ពេជ្រឆៅ ឬ ពេជ្រមិនទាន់កែច្នៃអាចនាំចូលបាន លុះត្រាតែនាំចូលមកពីប្រទេស ដែលចូលរួមក្នុងកម្មវិធីចេញវិញ្ញាបនបត្របញ្ជាក់ទទួលស្គាល់ការកែច្នែត្បូងពេជ្រ Kimberley និងមានវិញ្ញាបនបត្របញ្ជាក់ប្រភពស្របច្បាប់ ដើម្បីទប់ស្កាត់ការជួញដូរត្បូងពេជ្រខុសច្បាប់។
ទិន្នន័យនាំចូលនេះបានទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំង បន្ទាប់ពីប៉ូលិសវៀតណាម ទើបតែបង្ក្រាបបណ្តាញរត់ពន្ធពេជ្រឆ្លងដែនដ៏ធំមួយ នៅខេត្ត ថាញ់ វ៉ា (Thanh Hoa) ដោយចោទប្រកាន់ជនសង្ស័យ ២២ នាក់ និងរឹបអូសត្បូងពេជ្របាន ១,១០០ គ្រាប់។
ប៉ូលិសវៀតណាម ឱ្យដឹងថា បណ្តាញនេះបានធ្វើសកម្មភាពរត់ពន្ធ ១៤១ លើកចាប់តាំងពីឆ្នាំ២០២៤ ដោយលួចនាំត្បូងពេជ្រជាង ២៨,០០០ គ្រាប់ ពីហុងកុង ចូលវៀតណាម ក្នុងទំហំប្រមាណ ១០,៦ លានដុល្លារអាម៉េរិក៕
ដោយ: តែម សុខុម