ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីបទដ្ឋានគតិយុត្តនានា ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្តកែប ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគូសបញ្ជាក់ឲ្យដឹងថា ការទាក់ទាញភ្ញៀវទេសចរក្នុងបរិបទវិបត្តិសកលនេះ គឺតំបន់ឆ្នេរបានទាក់ទាញទេសចរផ្ទៃក្នុងយ៉ាងច្រើន។ ហើយប្រសិនបើអភិវឌ្ឍខេត្តកំពត ខេត្តកែបឲ្យបានល្អ នោះកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាមបានច្រើន តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែន នាវាល្បឿនលឿនភ្ជាប់គោលដៅទេសចរណ៍ពីកោះត្រល់ (ហ្វូគុក) មកកំពង់ផែខេត្តកំពត និងកំពង់ផែខេត្តកែប។ ទន្ទឹមនោះ ភ្ញៀវទេសចរមកពីប្រទេសថៃក៏អាចធ្វើដំណើរមកតាមភាគខាងត្បូងចូលមកតាមខេត្តកោះកុងបន្តមកខេត្តព្រះសីហនុ និងខេត្តផ្សេងទៀតតាមតំបន់ឆ្នេរ ក៏ដូចជាតំបន់អេកូទេសចរណ៍ផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ទៀតថា ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ នៅទូទាំងសកលលោក ព្រមទាំងវិបត្តិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងវិបត្តិប្រេងឡើងថ្លៃផងនោះ ប្រទេសជាសមាជិកអាស៊ានមានតែខិតខំទាក់ទាញភ្ញៀវពីគ្នាទៅវិញទៅមកក្នុងតំបន់នោះទេ ពិសេសទេសចរពីប្រទេសជិតខាង ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។ ដើម្បីឱ្យផែនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឡើងវិញ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសបើកប្រទេសឡើងវិញបន្ទាប់ពីពង្រឹងសុខមាលភាពក្នុងប្រទេសបានរឹងមាំ និងបានជំរុញឱ្យប្រទេសជាសមាជិកអាស៊ានបើកទេសចរណ៍ឡើងវិញជាបណ្ដើរៗ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា ក្រសួងទេសចរណ៍ក៏បានខិតខំជំរុញចលនាទេសចរផ្ទៃក្នុងឱ្យមានកំណើនឡើងវិញ ដើម្បីស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ជាតិឡើងវិញ ហើយនេះក៏ជាបុរេសកម្មក្នុងការទាក់ទាញ និងត្រៀមខ្លួនទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញផងដែរ។
របាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញថា ត្រឹមតែរយៈពេល៤ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ២៤ម៉ឺននាក់កើនទ្បើងជាង១៩០% ប្រៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯ ទេសចរណ៍ផ្ទៃក្នុង ក៏មានការ កើនឡើងខ្លាំងដែរដោយមានដល់ទៅជិត ៥លាននាក់។ បើតាមការប៉ាន់ស្មានរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅឆ្នាំ២០២២ នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិ ចន្លោះពី៨០ម៉ឺន ទៅ១លាននាក់និង ទេសចរផ្ទៃក្នុង ប្រមាណ ៩លាននាក់៕