ផលិតផលកសិកម្ម​នាំទៅចិន

កម្ពុជា រំពឹងនាំចេញផ្លែស្វាយទៅចិន បន្ទាប់ពីចេកអំបូងលឿង


បច្ចុប្បន្នទិន្នផលស្វាយរបស់កម្ពុជា មួយឆ្នាំៗ មានប្រមាណជិត១លានតោន ដែលចាំបាច់រកទីផ្សារនាំចេញ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់នាពេលថ្មីៗនេះថា នឹងអាចធ្វើការនាំចេញផ្លែស្វាយ ទៅកាន់តែផ្សារប្រទេសចិន នាពេលខាងមុខ បន្ទាប់ពីផ្លែចែកអំបូងលឿង ដែលទើបតែបានសម្ពោធនាំចេញ ទៅកាន់ទីផ្សារចិន កាលពីពេលថ្មីៗនេះ។
ផ្លែស្វាយកម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ (រូបថត៖ ហ្វេសប៊ុកឧកញ៉ា ម៉ុង ឫទ្ធី)
ដោយ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​លើកឡើង​នាពេល​ថ្មីៗនេះថា បច្ចុប្បន្ន កម្ពុជា​មាន​ទិន្នផល​ផ្លែស្វាយ​ប្រមាណជិត ១លាន​តោន​ក្នុងមួយឆ្នាំៗ ដែលទាមទារ​ឲ្យ​មានការ​ពង្រីក​ទីផ្សារ​នាំចេញ​កាន់តែ​ច្រើនថែម​ទៀត។
ឯកឧត្តម បន្តទៀតថា ​ក្រសួង​កសិកម្ម និង​ភាគីចិន បាននិងកំពុង​ជំរុញ​ឲ្យមាន​កិច្ចពិភាក្សា​មួយទាក់ទង​នឹង​ការ​នាំចេញ​ផ្លែស្វាយ​ពីកម្ពុជា​ទៅកាន់ទីផ្សារ​ប្រទេសចិន ដែលនៅខែកក្កដា​ខាងមុខនេះ ភាគីទាំងពីរ​នឹង​ជជែកពិភាក្សា​គ្នា​ពីរឿង​នាំចេញស្វាយកម្ពុជា​ទៅចិននេះ បន្ទាប់មក ប្រសិនបើ​មានការ​ត្រូវរូវគ្នា​ហើយនោះ ​នឹងឈានដល់​ការចុះ​ពិធីសារ​រួមគ្នា​ជាផ្លូវការ​នៅពេល​ក្រោយ។

ឯកឧត្តម បាន​បញ្ជាក់ទៀត​ថា ខាង​ក្រសួង​កសិកម្ម ក៏បាន​និងកំពុង​ជំរុញ​ឲ្យ​មន្ត្រីរបស់ខ្លួន​ រួមគ្នា​ជាមួយក្រុមហ៊ុនតំណាងឲ្យ​ភាគីចិន ពន្លឿន​កិច្ចការងារ​ចរចានេះ​ឲ្យបាន​កាន់តែឆាប់​កាន់តែល្អ ដើម្បី​ឈាន​ទៅ​ចុះពិធីសារ​រួមគ្នា​ឲ្យ​បាន​ឆាប់​បំផុត។ 

យ៉ាងណាក៏ដោយចុះ ឯកឧត្តម វេង សាខុន បាន​គូសបញ្ជាក់ថា ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់ទីផ្សារ​ក្រៅប្រទេសនេះ គឺ​មិនមែនជារឿង​ងាយស្រួលប៉ុន្មានទេ ព្រោះវា​តម្រូវ​ឲ្យមាន​ការគោរព​ស្ដង់ដារ​បច្ចេកទេស​ខ្ពស់។ ជាក់ស្ដែង គម្រោង​នាំចេញផ្លែ​ស្វាយ​ទៅកាន់​ទីផ្សារ​ប្រទេស​កូរ៉េខាងត្បូង ដែលថា អាច​នឹង​នាំចេញ​បាន​នៅឆ្នាំនេះ ត្រូវបាន​ពន្យាពេលទៅវិញ​ដោយសារតែ​បញ្ហាបច្ចេកទេសនេះ។

ឯកឧត្តម​ រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​ Hyundai ដែលបាន​ដាំដុះស្វាយ​នៅកំពង់ស្ពឺ ដើម្បីនាំចេញ​ទៅកូរ៉េខាងត្បូង​បាន​បំពេញ​នូវលក្ខខណ្ឌ​តម្រូវ​ជាច្រើន ប៉ុន្ដែនៅ​ចុងក្រោយ​គឺ ក្រុមហ៊ុននេះ បាន​នាំចូល​គ្រឿងចក្រ​សម្រាប់​សម្លាប់​មេរោគ​លើផ្លែស្វាយ ដើម្បី​ប្រើការ​ បញ្ជាក់ពីការ​ត្រួតពិនិត្រ​ផ្នែកគុណភាព និងអញ្ជើញ​ភ្នាក់ងារ​ពីកូរ៉េ​មកពិនិត្យ។ ប៉ុន្ដែ ដោយសារតែ​បញ្ហា​បច្ចេកទេស ម៉ាស៊ីននោះ មិនដំណើរ ដូច្នេះក៏ភាគីកូរ៉េ បាន​ពន្យាពេល​នាំចូល​ស្វាយ​ពីកម្ពុជា​បន្ដទៀត។ 

គួរបញ្ជាក់ថា កន្លងមក​តាមរយៈ​ក្រុមហ៊ុន ម៉ុង ឫទ្ធី និងក្រុមហ៊ុន​ ​Confirel ផ្លែ​ស្វាយ​របស់កម្ពុជា​ក៏ធ្លាប់​បាន​នាំចេញ​ត្រង់​ទៅកាន់ទីផ្សារ​ប្រទេស​ប៉ែក​អឺរ៉ុប​ផងដែរ តែហាក់នៅមាន​ចំនួន​តិចតួចនៅ​ឡើយ។

តាម​ការ​បញ្ជាក់​ពីឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម កម្ពុជា​ក៏មាន​គម្រោង​លើក​ជាកញ្ចប់​ស្នើ​ដល់​ភាគី​ចិន​ដើម្បីនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ដូចជា ផ្លែស្វាយ តាង៉ែន ស្រការនាគ និងទឹកមាត់​ត្រចៀកកាំជាដើម។

បច្ចុប្បន្ន កម្ពុជា​បាននាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់ទីផ្សារ​ប្រទេស​ចិន មានដូចជា អង្ករ ដំឡូងមី ស្វាយចន្ទី ចុងអង្ករ និងចេក ខណៈ​កាលពីឆ្នាំ ២០១៨ កម្ពុជា​បាន​នាំចេញ​ផលិតផល​ទាំងនេះ ទៅកាន់ប្រទេស​ចិន ក្នុងចំនួនជាង ៤៥ម៉ឺនតោន ហើយរំពឹងថានៅ ឆ្នាំ២០២០ នឹងកើនឡើង លើស​ ១លានតោន៕

មិនតែប៉ុណ្ណោះ កម្ពុជា​មានសមត្ថភាព​ផលិតផលិតផល​កសិកម្ម ក្នុងមួយឆ្នាំ​ៗ ប្រមាណ ៣០ លាន​តោនឯណោះ ខណៈដែល កាល​ពី​ឆ្នាំ២០១៨ កម្ពុជាបាននាំ​ចេញ​ផលិតផល​កសិកម្ម​ផ្លូវការ​សរុបជាង ៤លាន ៣សែនតោន ហើយបើសិនគិត​ទាំងផលិតផល​នាំចេញក្រៅ​ផ្លូវការ គឺមិនតិច​ជាង ៧លាន​តោនទេ។ នេះបើតាម​ការបញ្ជាក់​ពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ 

None



អត្ថបទបន្ទាប់


តើអ្វីខ្លះដែលកម្ពុជា បានទទួលពីកំណើនវិនិយោគិនចិន?

សព្វថ្ងៃនេះ ទំនាក់ទំនងកម្ពុជា ចិន ឈានដល់ដំណាក់កាលថ្មីមួយ ដែលប្រមុខដឹកនាំជាតិទាំងពីរចាត់ទុកថាជាមិត្តភាពរឹងជាងដែកថែប។ ចំណងទាក់ទងនេះ …

កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត នឹង​បើកដំណើរការ​​ពេញលេញ​នៅដើមឆ្នាំ ២០២១

កំពង់ផែទេសចរណ៍អន្តរជាតិ​ខេត្តកំពត តម្លៃជិត ១០ លានដុល្លារអាមេរិក ដែលបានប្រកាស​បើកដំណើរការសាងសង់កាលពីខែ សីហា ឆ្នាំ២០១៨នោះ ត្រូវបានអាជ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ