កម្ពុជារំពឹងទទួលបានការវិនិយោគពីអាមេរិកបន្ថែម

សម្តេច ហ៊ុន ម៉ាណែត ជំរុញឲ្យវិនិយោគិនអាមេរិកឲ្យមកសិក្សាឱកាសវិនិយោគនៅកម្ពុជា នឹងរំពឹងទទួលបានការវិនិយោគថ្មីៗបន្ថែមពីអាមេរិក


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាខ្លាំងក្នុងការខិតខំប្រឹងប្រែងស្វែងរកទីផ្សារ ក៏ដូចជាការកៀគររអ្នកវិនិយោគិនពីគ្រប់ទិសទីឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា នៅពេលសម្តេចចេញទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេសម្តងៗសំដៅជួយអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យកាន់តែល្អប្រសើរ។
កម្ពុជារំពឹងទទួលបានការវិនិយោគពីអាមេរិកបន្ថែម
ដោយ

ជាក់ស្តែងនៅក្នុងឱកាសសម្តេចចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ(UN)លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចធិបតីបានធ្វើជាអធិបតីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ដែលវេទិកានេះរៀបចំឡើង ដើម្បីពង្រីកឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក ហើយតាមរយៈវេទិកាធុរកិច្ចនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជារំពឹងថា កម្ពុជានឹងទទួលបានការវិនិយោគពីអាមេរិកបន្ថែមទៀត ដ្បិតបច្ចុប្បន្នការវិនិយោគផ្ទាល់ពីអាមេរិកនៅកម្ពុជាហាក់មានកម្រិតទាបនៅឡើយ។

ថ្លែងក្នុងវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា វេទិកាធុរកិច្ចអាមេរិក-កម្ពុជានាពេលនេះ ត្រូវបានរៀបចំឡើងក្នុងពេលដ៏សមស្រប និងមានសារៈសំខាន់ដល់ប្រទេសទាំងពីរ ខណៈសេដ្ឋកិច្ចសកលបានបន្តរងផលប៉ះពាល់ដោយភាពមិនប្រាកដប្រជា ដែលបណ្តាលមកពីបញ្ហាប្រឈម និងនិន្នាការសកលសំខាន់ៗ។ ដោយឡែក សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងកម្ពុជាវិញ សម្តេចធិបតី បានអះអាងថា បានរីកលូតលាស់យ៉ាងឆាប់រហ័ស ដោយលំហូរពាណិជ្ជកម្មទ្វេភាគីបានឈានដល់ទំហំ១៣.៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ហើយសហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតសម្រាប់កម្ពុជា។ ជាពិសេសសម្រាប់ទីផ្សារសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរជាដើម។

ប៉ុន្តែទោះជាបែបនេះក្តី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការទទួលបានវិនិយោគដោយផ្ទាល់ពីសហរដ្ឋអាមេរិកនៅកម្ពុជាបច្ចុប្បន្ន ហាក់នៅមានកម្រិតទាបនៅឡើយ បើទោះបីជាសហរដ្ឋអាមេរិក គឺជាប្រភពវិនិយោគដ៏ធំមួយនៅក្នុងសកលលោកក៏ដោយ។ ពោលគឺនៅកម្ពុជាទំហំវិនិយោគផ្ទាល់ពីសហរដ្ឋអាមេរិក បានបន្តកើនឡើងពី២២៥លានដុល្លារនៅក្នុងឆ្នាំ២០១០ និងបានកើនឡើងដល់៨៩៣លានដុល្លារនៅក្នុងឆ្នាំ២០២២។

បើតាមសម្តេច ហ៊ុន ម៉ាណែត តាមរយៈវេទិកាធុរកិច្ចនាពេលនេះ សម្តេចសង្ឃឹមថា វានឹងជាឱកាសមួយក្នុងការពិភាក្សារវាងធុរជនរបស់កម្ពុជា និងធុរជនអាមេរិក ដើម្បីពង្រីកឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកបន្ថែមទៀត និងសង្ឃឹមថា តាមរយៈចលនានេះ កម្ពុជា-អាមេរិក នឹងអាចពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែទូលំទូលាយផងដែរ។ ទន្ទឹមនេះ សម្តេចធិបតី ក៏បានអញ្ជើញវិនិយោគិន និងធុរជនសហរដ្ឋអាមេរិក ឱ្យមកសិក្សាស្វែងយល់ពីសក្ដានុពលរបស់កម្ពុជា និងសង្ឃឹមថា វិនិយោគិននឹងឃើញពីកាលានុវត្តភាពក្នុងការវិនិយោគ និងសិក្សាបន្ថែមអំពីសក្ដានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។

សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សេដ្ឋកិច្ចពិភពលោកមានភាពប្រទាក់ក្រឡាគ្នា និងពឹងផ្អែកគ្នាកាន់តែខ្លាំង ដ្បិតស្ថានភាពសេដ្ឋកិច្ចប្រទេសមួយ នឹងងាយរងផលប៉ះពាល់យ៉ាងឆាប់រហ័ស ពីស្ថានភាពនៃសេដ្ឋកិច្ចរបស់ប្រទេសដទៃៗទៀត តាមរយៈការប្រទាក់ក្រឡានេះ។ ជាពិសេស ទៅលើសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ការណ៍នេះបញ្ជាក់ឲ្យឃើញថា ការលើកកម្ពស់ជាប្រចាំនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេស និងប្រទេស ក្នុងទម្រង់ជាពាណិជ្ជកម្ម និងការវិនិយោគ ឬកិច្ចសហប្រតិបត្តិការ ពិតជាផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកយ៉ាងច្រើនផងដែរ។ កម្ពុជានៅតែបន្ដពង្រីកទំហំទីផ្សាររបស់ខ្លួនតាមរយៈការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃសកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងទ្វេភាគី និងពហុភាគី ដើម្បីបម្រើជាច្រកនាំចេញឱ្យកាន់តែធំទូលាយ ក្នុងការនាំចេញទំនិញដែលផលិតដោយសាជីវកម្មពហុជាតិអាមេរិកនៅកម្ពុជា។ បើតាមសម្តេចធិបតី សាជីវកម្មពហុជាតិអាមេរិក ដែលវិនិយោគនៅកម្ពុជារួមមាន ក្រុមហ៊ុនFord កូកា-កូឡា Tiffany និងក្រុមហ៊ុន General Electric ដែលបានឆ្លុះបញ្ចាំងនៃកំណើនទំហំទីផ្សារកម្ពុជា និងប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលបង្កើនរយៈពេល និងទំហំកម្ចីដល់៦០ម៉ឺនដុល្លារ ដើម្បីជំរុញកំណើនឥណទានក្នុងវិស័យទេសចរណ៍

នៅអំឡុងខែឧសភា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ជាសេន…

លោកជំទាវ ជា សិរី ប្រាប់ពីមូលហេតុដែលធ្វើឲ្យលុយរៀលធ្លាក់ថ្លៃ បើធៀបនឹងលុយដុល្លារនៅមួយរយៈចុងក្រោយ

នៅមួយរយៈពេលចុងក្រោយនេះ ធនាគារកណ្ដាលអាមេរិក បានដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ដែលធ្វើឲ្យកម្រិតអត្រាការប្រាក់ខ្ពស់មិនធ្លាប់មានក្នុងរយៈពេល២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ