របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា កាលពីឆ្នាំ២០១៧ កម្ពុជាបានផលិតកង់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានប្រមាណ ជាង ១,៨ លានគ្រឿង ដែលមានទឹកប្រាក់សរុបជាង ៣៦០ លានដុល្លារអាមេរិក កើនឡើង ៤ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលមានចំនួនត្រឹម ១,៦លាន គ្រឿង ជាមួយតម្លៃគិតជាទឹកប្រាក់ជាង ៣៤៦ លានដុល្លារអាមេរិក។
បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតកង់ចំនួន ៤ រោងចក្រ ក្នុងនោះមានតែ ៣រោងចក្រប៉ុណ្ណោះ ដែលសហគមន៍អឺរ៉ុបទទួលស្គាល់ និង អាចនាំចូលទៅកាន់ទីផ្សារអឺរ៉ុបបាន។ ហើយរោងចក្រផលិត និងតម្លើងកង់នាំចេញទំាងអស់នោះ ភាគច្រើនធ្វើនៅតាម តំបន់សេដ្ឋកិច្ចពិសេសក្នុងទីក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជា។
មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា បើទោះជា ផលិតផលកង់របស់កម្ពុជានេះ ត្រូវបានពិភពលោក ពិសេសអឺរ៉ុប ទទួលស្គាល់ និង ទទួលបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងទីផ្សារពិភពលោកយ៉ាងណាក៏ដោយចុះ កម្ពុជាកំពុងតែធ្វើការទាក់ទាញ និង ជំរុញវិនិយោគទុនបទេសបង្កើតរោងចក្រផលិតកង់បន្ថែមទៀត។
ក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ និង វិស័យឯកជនដែលជាអ្នកវិនិយោគធំៗមកពីបណ្តាប្រទេសអ្នកនាំចូលកង់ និងផលិតកង់នៅកម្ពុជាដើម្បីនាំចេញ តំណាងក្រុមប្រទេសអ្នកផលិត និង នាំចេញកង់ បានអះអាងថា ពួកគេនឹងព្យាយាមជំរុញការនាំចេញកង់ពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ឲ្យបាន១០០ភាគរយនៅឆ្នាំបន្តបន្ទាប់។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានប្រាប់អ្នកវិនិយោគទាំងនោះឲ្យបន្ថែមទុនពង្រីកការវិនិយោគរបស់ខ្លួនឲ្យកាន់តែច្រើនជាងមុន ខណៈកម្ពុជាកំពុងមានសក្តានុពលសេដ្ឋកិច្ចល្អ និងឱកាសវិនិយោគច្រើន ជាពិសេសឲ្យពួកគាត់ពិនិត្យមើលពីឧស្សាហកម្មផលិតកង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា។ ហើយជាលទ្ធផលនៅក្នុងឆ្នាំនេះ ក្រុមអ្នកវិនិយោគទំាងអស់នោះ ក៏នឹងមកបើករោងចក្រផលិតកង់បន្ថែមផងដែរ៕