ប្រភព័ត៌មាន Bike-EU.com បានឲ្យដឹងថា បើទោះបីជាប៉ន្មានខែមកនេះ កម្ពុជាបានប្រឈមមុខនឹងបញ្ហារីករាលដាលនៃមេរោគកូវីដ-១៩ យ៉ាងណាក្ដី ប៉ុន្ដែ នៅរយៈពេល ៣ខែ ដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញកង់ ទៅកាន់ទីផ្សារអឺរ៉ុបប្រមាណជិតកន្លះលានគ្រឿង ដោយមានតម្លៃជាទឹកប្រាក់សរុបជាង ១១៩ លានដុល្លារអាមេរិក។
បច្ចុប្បន្ន ដោយសារតែមានការអនុគ្រោះពន្ធនាំចេញទៅកាន់អឺរ៉ុប អនុញ្ញាតឲ្យកម្ពុជាក្លាយជាឈរក្នុងតំណែងកំពូលជាអ្នកនាំចេញកង់ធំបំផុតទៅកាន់ទីផ្សារមួយនេះ។
ទោះបីជាមានស្ថានភាពមិនច្បាស់លាស់ទាក់ទងនឹងអនាគតនៃការអនុគ្រោះពន្ធនាំចេញទៅអឺរ៉ុបក៏ដោយ តែអ្នកជំនាញក្នុងឧស្សាហកម្មនេះ លើកឡើងថា ការផ្ទុះរាលដាលនៃមេរោគកូវីដ-១៩ នឹងបន្ដមានឥទ្ធពលវិជ្ជមានមកលើឧស្សាហកម្មផលិតកង់របស់កម្ពុជា។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់កាសែតក្នុងស្រុកកាលពីពេលថ្មីៗនេះថា ការនាំចេញកង់ពីកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស នឹងបន្ដកើនឡើងថែមទៀត ដោយសារតែ បញ្ហាចរាចរណ៍ និងតម្រូវការសម្រាប់ការធ្វើលំហាត់ប្រាណដើម្បីសុខភាព ហើយលោកជឿជាក់ថា នៅត្រីមាសទី២នេះ ការនាំចេញកង់របស់កម្ពុជាក៏អាចនឹងបន្ដកើនថែមទៀត។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅ សហភាពអឺរ៉ុប បានប្រកាសពីការដកផ្នែកខ្លះនៃភាពអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីប្រទេសកម្ពុជា ដោយក្នុងនោះមានផលិតផលមួយចំនួនដូចជា សម្លៀកបំពាក់ ស្បែកជើងខ្លះ ត្រូវបានគិតពន្ធនាំចូលទៅអឺរ៉ុប ហើយការគិតពន្ធនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ១២ សីហាឆ្នាំ២០២០តទៅ។ ប៉ុន្ដែ ក្នុងនោះ សម្រាប់ផលិតផលកង់វិញ គឺមិនបានរងផលប៉ះពាល់ពីការដក EBA ឬគិតពន្ធនាំចូលទៅអឺរ៉ុបនោះទេ។
មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា អះអាងថា រោងចក្រផលិតកង់នៅកម្ពុជា ត្រូវការមានសមាធាតុផលិតក្នុងស្រុកយ៉ាងតិច ៤០% ដើម្បីអាចទទួលបានការអនុគ្រោះពន្ធសម្រាប់នាំចេញទៅអឺរ៉ុបបាន។ លើសពីនេះ សមាសធាតុដែលមានប្រភពពីប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ក៏អាចចាត់ទុកថាជាវត្ថុធាតុដើមក្នុងស្រុកក្នុងករណីខ្លះផងដែរ៕