
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ក្រុមការងារខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមថា បច្ចុប្បន្ននេះ ក្រូចឆ្មារ កំពុងមានទីផ្សារ ដោយសារតែប្រទេសថៃបាន និងកំពុងប្រមូលទិញ ដូចនេះ ក្រុមហ៊ុនមួយចំនួន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋកំពុងតែបង្កើនការដាំដុះបន្ថែមទៀតផងដែរ ។
ឯកឧត្តមបានបន្ថែមថា «កន្លងទៅ ខ្ញុំបានត្រួតពិនិត្យមើល ឃើញក្រុមហ៊ុនគេចាប់ពង្រីកដាំក្រូចឆ្មារហ្នឹង ជាពិសេសក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ដែលខ្ញុំបានចុះទៅពិនិត្យមើល ហើយឥឡូវនេះ វាមានទីផ្សារ គឺប្រទេសថៃប្រមូលទិញ ហើយកើនឡើងថែមទៀត ហើយខ្ញុំគិតថា ពេលអនាគត នឹងមានការផុលផុសក្នុងការដាំបន្ថែមទៀត»។

នៅពេលដែល ត្រូវបានសួរថា តើកន្លងទៅមានការនាំចូលក្រូចឆ្មាររបស់វៀតណាមមកដែរឬទេ? ហើយការនាំចូលនោះមានទំហំប៉ុនណា? ឯកឧត្តម វេង សាខុន ឆ្លើយតបថា « កន្លងទៅ យើងអត់មានទិន្នន័យនាំចូលពីវៀតណាមអ្វីទេ ប៉ុន្តែគ្រាន់តែដឹងថា យើងបានបង្កើនការផលិតនៅក្នុងស្រុក ហើយខ្ញុំជឿជាក់ថា ដោយសារយើងមានលទ្ធភាពនាំចេញ អ៊ីចឹងក្នុងស្រុកយើងអាចផ្គត់ផ្គង់បានគឺមិនមានបញ្ហាអ្វីទេ បើសិនជាមានបញ្ហាគេស្រែកហើយ»។

ប៉ុន្តែអាជីវករអ្នកលក់ក្រូចឆ្មារ បោះដុំ និងរាយ នៅផ្សារដើមគរ បានលើកឡើងថា ពួកគាត់មិនបានដឹងទាល់តែសោះថា កម្ពុជាអាចមានលទ្ធភាព ក្នុងការដាំក្រូចឆ្មារ រហូតអាចនាំចេញទៅក្រៅប្រទេសបាន។
អ្នកស្រី ហិន ហេន ជាអាជីវករលក់ក្រូចឆ្មារនៅផ្សារដើមគរ ១៨ឆ្នាំមកហើយបានរៀបរាប់ថា ភាគក្រូចឆ្មារ ដែលអ្នកស្រីលក់ គឺភាគច្រើននាំចូលពីវៀតណាម ចំណែកក្រូចឆ្មាររបស់ខ្មែរមានតិចតួចណាស់ ហើយថ្ងៃខ្លះស្ទើរតែគ្មានផង។

អ្នកស្រី ហិន ហេន បានបន្ថែមថា «ខ្ញុំមិនបានដឹងផង ថាខ្មែរយើងមានក្រូចឆ្មារនាំចេញទៅក្រៅ ព្រោះអីខ្ញុំទិញតែពីគេដែរ(វៀតណាម) ហើយក្រូចឆ្មាររបស់ខ្មែរយើង ខ្ញុំមានលក់យូរៗម្តងទេ»។
មិនខុសគ្នាទេ អ្នកស្រី និមល អះអាងថា អ្នកស្រីមិនដែលមានក្រូចខ្មែរលក់នោះទេ ដូចនេះអ្នកស្រីមិនបានដឹងថា មានកម្ពុជាមានក្រូចឆ្មារអាចនាំចេញទៅក្រៅបាននោះទេ។ អ្នកស្រី និមល បានបន្ថែមថា « ក្រូចឆ្មារខ្មែរយើង មិនដឹងទិញនៅណាបានលក់ទេ បើគេដាំមួយផ្ទះពីរបីដើមគ្រាន់តែហូបខ្លួនឯងហ្នឹង មិនដូចស្រុកគេដាំហូបបាន ហើយរហូតដល់ហៀរមកដល់ស្រុកយើងទៀត»។

បើទោះជាបច្ចុប្បន្ន អាជីវករនៅផ្សារដើមគរមិនទាន់មានក្រូចឆ្មារក្នុងស្រុកលក់គ្រប់គ្រាន់ក៏ដោយ តែពួកគាត់សង្ឃឹមថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមានការដាំដុះក្រូចឆ្មារច្រើន ដែលអាចប្រើប្រាស់បានគ្រប់គ្រាន់នៅក្នុងស្រុកផង និងនាំចេញទៅក្រៅប្រទេសផង។
សូមជម្រាបថា ដំណាំក្រូចឆ្មារមានដាំដុះលើផ្ទៃដីចាប់ពី ៤ហិកតារហូតដល់ ជាង៣០០ ហិកតា ដាំដុះនៅខេត្តចំនួន២០ ក្នុងចំណោម ២៥ខេត្តក្រុង ដោយខេត្តដែលមានដាំដុះច្រើនជាងគេ គឺខេត្តកំពង់ឆ្នាំង ដាំដុះជាង ៣០០ ហិកតា បាត់ដំបង ជិត ១៤០ ហិកតា និងបន្ទាយមានជ័យជាង១២០ហិកតា៕