ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបញ្ជាក់ប្រាប់ខេមបូណូមីសតាមតេឡេក្រាមថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្លាប់បានចេញលិខិតស្នើឲ្យអ្នកបញ្ជាទិញទាំងឡាយ មេត្តាបន្តទទួលទំនិញដែលបានកម្ម៉ង់ និងទំនិញដែលកំពុងផ្ញើចេញពីកម្ពុជា ដោយសង្ឃឹមថា អ្នកបញ្ជាទិញទាំងឡាយនឹងបន្តទិញទំនិញ ពីកម្ពុជា។
ឯកឧត្តមអះអាងថា «មូលហេតុមួយ គឺ លិខិតរបស់ឯកឧត្ដមរដ្ឋមន្ត្រីពាណិជ្ជកម្ម ដែលស្នើឲ្យអ្នកកម្ម៉ង់ទិញ គោរពកិច្ចសន្យាទិញ បានន័យថា នៅតែបន្តទិញទំនិញពីកម្ពុជា ទោះមានការរាតត្បាតនៃកូវីដ-១៩ ក៏ដោយ»។
សូមជម្រាបថា ទិន្នន័យពីការិយាល័យពាណិជ្ជកម្មអាមេរិក ចេញផ្សាយកាលពីចុងសប្តាហ៍មុនបញ្ជាក់ថា នៅក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២០ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានតម្លៃសរុប ២.១៣២លានដុល្លារ កើនឡើងជាង ៤៨៣លានដុល្លារ ស្មើនឹងជាង ២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមានតម្លៃ ១.៦៤៨លានដុល្លារ។
ដោយឡែក សម្រាប់ការនាំចេញទំនិញពីកម្ពុជា ក្នុងរយៈពេលនេះដែរ គឺមានតម្លៃជាង ២ ពាន់លានដុល្លារ កើន ៣៦ភាគរយធៀបនឹងឆ្នាំ២០១៩ ដែលមានចំនួន ១.៤៨១លានដុល្លារ និងទំនិញដែលកម្ពុជានាំចូលពីអាមេរិក មានតម្លៃ ១០៨ លានដុល្លារ ធ្លាក់ចុះ ៣៥ ភាគរយ ពីចំនួន ១៦៧ លានដុល្លារ។
គួរបញ្ជាក់ថា តាមទិន្នន័យពីការិយាល័យពាណិជ្ជកម្មអាមេរិកកាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានតម្លៃសរុប ៥.៨៧០ លានដុល្លារ កើនឡើង ៣៨ភាគរយ បើធៀបនឹងឆ្នាំ ២០១៨មាន ចំនួន ៤.២៥២ លានដុល្លារ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា មានតម្លៃ ៥.៣៥៦លានដុល្លារ ខណៈការនាំចូលសរុបពីអាមេរិកមានតម្លៃ ៥១៤លានដុល្លារ៕