ការនាំចេញរបស់កម្ពុជា

កម្ពុជាសម្រេចបានការនាំចេញ ១១ពាន់លានដុល្លារ ធ្លាក់ចុះជាង៥% នៅ៨ខែឆ្នាំ២០២១


នៅ៨ខែឆ្នាំ២០២១នេះ កម្ពុជានៅតែមានការធ្វើពាណិជ្ជកម្មនាំចេញនាំចូលច្រើន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ បើទោះបីជាតួលេខនាំចេញរបស់កម្ពុជាហាក់មានការថយចុះបន្ដិចក្ដី។ នេះវាសបញ្ជាក់ឲ្យឃើញថា សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបាននូវភាពធន់របស់ខ្លួន ទោះបីកូវីដ-១៩មានតាមយាយីយ៉ាងណាក្ដី។
ការនាំចេញទំនិញកម្ពុជានៅកំពង់ផែក្រុងព្រះសីហនុ

របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅ​រយៈពេល​៨​ខែ​ក្នុង​ឆ្នាំ​២០២១​សម្រេច​បាន​ជាង​១១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ធ្លាក់​ចុះ​ជាង​៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ចំណែក​ការ​នាំ​ចូល​របស់​កម្ពុជា​នៅ​ក្នុង​រយៈពេល​ដូច​គ្នា​នេះ មាន​ទំហំ​ទឹកប្រាក់​ជាង​១៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ កើន​ជាង​៦០% ពោល​គឺ នាំ​ចូល​របស់​កម្ពុជា​មាន​ច្រើន​ជាង​ការ​នាំ​ចេញ​ដល់​ទៅ​ជាង​៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​។

ដោយឡែក​បើ​យើង​មើល​តួលេខ​នាំ​ចេញ​សរុប​ក្នុង​ខែសីហា​តែ​១​ប៉ុណ្ណោះ ឃើញ​ថា​នៅ ឆ្នាំ​២០២១ សម្រេច​បាន​ទំហំ​ទឹកប្រាក់​ជាង ១​ពាន់​៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ធ្លាក់​ចុះ​ជិត​១០% បើ​ធៀប​នឹង​ការ​នាំ​ចេញ​នៅ​ក្នុង​ខែកក្កដា ដែល​មាន​ទំហំ​ជាង​ជិត​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ឯកឧត្តម ប៉ែន សុ​ជាតិ បាន​ចាត់​ទុក​ការ​នាំ​ចេញ​ធ្លាក់​ចុះ​ជាង​៥% នេះ​ថា វា​ជា​បម្រែបម្រួល​ធម្មតា​នៃ​ចរន្ត​ពាណិជ្ជកម្ម ហើយ​ឯកឧត្តម​រំពឹង​ថា ការ​ធ្លាក់​ចុះ​នឹង​អាច​បំពេញបន្ថែម​ដោយ​ការ​នាំ​ចេញ​នៅ​រយៈពេល​៣​ខែ​ខាង​មុខ​។ 

ឯកឧត្តម​បាន​បញ្ជាក់​ប្រាក់​ខេ​ម​បូ​ណូ​មី​ស​យ៉ាង​ដូច្នេះ​ថា​៖«​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ដែល​ជា​ទំនិញ​ចម្បង​របស់​យើង​មានការ​កើនឡើង​បើ​ធៀប​នឹង​៨​ខែ​ឆ្នាំ​មុន​។ ការ​នាំ​ចេញ​ទូទៅ​មានការ​ធ្លាក់​ចុះ​បន្តិច​ក្នុង​រង្វង់​៥%​។ នេះ​ជាប​ម្រៃ​ប​ម្រួ​ល​ធម្មតា​នៃ​ចរន្ត​ពាណិជ្ជកម្ម​ទូទៅ ដែល​អាច​នឹង​បំពេញបន្ថែម​មក​វិញ​ដោយ​ការ​នាំ​ចេញ​បី​បួន​ខែ​ចុងឆ្នាំ ដែល​ជា​ខែ​មមាញឹក​»​។

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​យល់​ឃើញ​ថា ការ​នាំ​ចេញ​មាន​ទំហំ​តូច​ជាង​ការ​នាំ​ចូល វា​បង្ហាញ​ឲ្យ​ឃើញ​ថា សេដ្ឋកិច្ច​ពុំ​ទាន់​ល្អ​ប្រសើរ​នោះ​ទេ ពោល​គឺ​ចរន្ត​លុយ​របស់​កម្ពុជា​ចេញ​ច្រើន​ជាង​លុយ​ដែល​កម្ពុជា​ទទួល​បាន​។ អ្នកជំនាញ​រូប​នេះ​បាន​បន្ថែម​ថា កត្តា​នេះ​ហើយ​បានជា​រាជរ​ដ្ឋា​ភិ​បាន​ខិតខំ​ព្យាយាម​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​ផ្សេង​ៗ ដើម្បី​បង្កើន​ទំហំ​ការ​នាំ​ចេញ ក៏​ដូច​ជា​ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា ក្នុង​ន័យ​ធ្វើ​យ៉ាងណា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដៃគូ​។

សូម​បញ្ជាក់​ថា ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ភាគច្រើន​រួម​មាន​ផលិត​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ កាបូប ស្បែកជើង គ្រឿងអគ្គិសនី ផលិត​កសិកម្ម កសិឧស្សាហកម្ម កង់ និង​មាស​ជាដើម​។ ប្រទេស ដែល​ជាទី​ផ្សារ​នាំ​ចេញ​ទំនិញ​ធំ​ៗ​របស់​កម្ពុជា រួម​មាន អា​មេ​រិ​ក អឺរ៉ុប ចិន អង់គ្លេស និង​ប្រទេស​អាស៊ាន​មួយ​ចំនួន​ទៀត​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងសាធារណការ ជំរុញការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនការនាំចេញកសិផល

ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ និងការខូចខាតផ្លូវថ្នល់ ដោយសារសកម្មភាពដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណ…

វិស័យកាត់ដេរសម្លៀកបំពាក់ចាប់ផ្ដើមមានស្ថិរភាពឡើងវិញហើយ តើមកពីកត្តាអ្វីខ្លះ?

វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជាបានបង្ហាញពីការងើបឡើងវិញជាបណ្ដើរៗ បន្ទាប់ពីបានដាំក្បាលចុះអស់មួយរយៈ បន្ទាប់ពីមានការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ