បើយោងតាមរបាយការណ៍ពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជាបានបង្ហាញឲ្យដឹងថា កម្ពុជាបានផលិតនិងតម្លើងកង់សម្រាប់ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបក្នុង១ឆ្នាំ មិនតិចជាង ១លានគ្រឿងនោះឡើយ។ ជាក់ស្តែង កាលពីឆ្នាំមុននេះ កម្ពុជាបាននាំចេញកង់ទៅអឺរ៉ុប មានចំនួនជាង ១លាន ៤សែនគ្រឿង ដែលគិតជាទឹកប្រាក់មានតម្លៃជិត ៤០០លានដុល្លារអាមេរិក។
និយាយជារួម នៅក្នុងឆ្នាំ២០១៦ កន្លងមកនេះ កម្ពុជាបាននាំចេញកង់ទៅអឺរ៉ុប កើនឡើងរហូតដល់ទៅ ៦៤ភាគរយ ពោលគឺមានសន្ទុះកើនឡើងខ្លាំងនៅក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ។
ទីកន្លែងផលិត និង តម្លើងកង់នៅប្រទេសកម្ពុជាសម្រាប់ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ភាគច្រើនធ្វើឡើងតាមរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតខេត្តស្វាយរៀង ជិតព្រំប្រទល់ព្រំដែនកម្ពុជានិងវៀតណាម។
មានចំណុចពិសេសមួយដែលសម្រួលដល់ការវិនិយោគផលិតកង់នៅកម្ពុជា គឺថា អឺរ៉ុបបានផ្តល់កូតាដល់កម្ពុជានាំចេញទំនិញទៅកាន់អឺរ៉ុបដោយលើកលែងពន្ធ (នាំចេញអ្វីៗលើកលែងតែអាវុធ)។ នេះជាហេតុផល និងជាឱកាសទាក់ទាញវិនិយោគិនជាច្រើនមកបណ្តាក់ទុនក្នុងវិស័យនេះ ហើយដែលជំរុញឲ្យកម្ពុជា ជាប្រទេសធំលំដាប់ទី២ ដែលបាននាំចេញកង់ទៅកាន់ទីផ្សារអឺរ៉ុប។ បើយោងទៅតាមគម្រោងអនុគ្រោះពន្ធ GSP របស់សហភាពអឺរ៉ុបបានឲ្យដឹងថា អឺរ៉ុបអនុញ្ញាតឲ្យកម្ពុជានាំចេញកង់ផលិតក្នុងស្រុក ៣០ភាគរយដោយរួចពន្ធ។
ប៉ុន្តែដោយសារតែកម្ពុជាមិនអាចឆ្លើយតបតាមលក្ខខណ្ឌបាន ទើបកាលពីខែកក្កដា ឆ្នាំ២០១៤ កម្ពុជាទទួលបានកិច្ចព្រមព្រៀងរយៈពេលបីឆ្នាំក្នុងការនាំចូលគ្រឿងបង្គុំពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរីសម្រាប់ផលិតកង់នាំចេញដែលស្ថិតក្រោមការអនុគ្រោះពន្ធនេះ។ កិច្ចព្រមព្រៀងអនុគ្រោះពន្ធនាំចេញនេះហើយដែលជំរុញឲ្យការនាំចេញកង់របស់កម្ពុជាទៅអឺរ៉ុប កើនឡើងខ្ពស់យ៉ាងដូច្នេះ។
ប៉ុន្តែ គួរឲ្យស្តាយការលើកលែងនេះត្រូវបានផុតកំណត់នៅឆ្នាំ២០១៧នេះ ហើយរដ្ឋាភិបាលកម្ពុជាកំពុងតែអំពាវនាវដល់សហភាពអឺរ៉ុបបន្ថែមពេលវេលាលើកលែងពន្ធ ៣ឆ្នាំបន្ថែមទៀត សម្រាប់ឧស្សាហកម្មនាំចេញកង់របស់កម្ពុជា។
ក្រុមអ្នកជំនាញ ក៏ដូចជាក្រុមអ្នកវិនិយោគនៅក្នុងវិស័យឧស្សាហកម្មផលិតកង់នៅកម្ពុជានេះសុទ្ធតែចង់បានការអនុគ្រោះពន្ធនាំចេញកង់ទៅអឺរ៉ុបបន្តទៀត។ យ៉ាងណាក៏ដោយ មិនទាន់ដំណឹង ឬសញ្ញាណាមួយ ពីភាគីសហភាពអឺរ៉ុបនៅឡើយទេ ពីការអនុគ្រោះពន្ធរយៈពេល ៣ឆ្នាំបន្ថែមទៀតដល់កម្ពុជាក្នុងនាំចេញកង់ទៅកាន់ទីផ្សារអឺរ៉ុប៕